ឯកឧត្តម វង្សី វិស្សុត

ឯកឧត្តម វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី


តបតាមការអញ្ជើញពីរាជរដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីកង់បេរ៉ា និង ទីក្រុងម៉ែលប៊ន នៃប្រទេសអូស្ត្រាលី
ឯកឧត្តម វង្សី វិស្សុត
ដោយ

ស្តីពី “ការឈ្វេងយល់អំពីប្រតិបត្តិការការងាររបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី (Department of Prime Minister and Cabinet) និងក្រសួងពាក់ព័ន្ធនឹងកិច្ចការសាធារណៈរបស់ប្រទេសអូស្ត្រាលី និងមេរៀនជាបទពិសោធសម្រាប់ការពង្រឹងការអនុវត្តការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅកម្ពុជា” ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។​

នេះជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ គិតចាប់ពីថ្ងៃចូលកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការនេះមានគោលបំណងសិក្សាឈ្វេងយល់អំពី (១) ការកំណត់របៀបវារៈ​សម្រាប់កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី (២) តួនាទីរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៃប្រទេសអូស្រ្តាលីក្នុងការផ្តល់យោបល់ផ្នែកគោលនយោបាយ និងគតិយុត្ត​ជូននាយករដ្ឋមន្រ្តី ការតាមដាន និងការជំរុញការអនុវត្តសេចក្តីសម្រេច​របស់រដ្ឋាភិបាល ព្រមទាំងការតាមដាន និងការវាយតម្លៃ​ការអនុវត្តគោលនយោបាយជាតិ (៣) សិទ្ធិអំណាច និងតួនាទី​សម្របសម្រួលរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៃប្រទេស​អូស្រ្តាលីជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ (៤) រំហូរការងារពាក់ព័ន្ធនឹងការរាយការណ៍ ការសម្របសម្រួល និងការសម្រេចចិត្ត ចាប់ពីកម្រិតក្រសួង ស្ថាប័នរហូតដល់នាយករដ្ឋមន្ត្រី និង (៥) ការរៀបចំប្រព័ន្ធការងារនិងរចនាសម្ព័ន្ធ​ស្ថាប័នរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ គណៈប្រតិភូកម្ពុជានឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃអង្គភាពពាក់ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាលអូស្ត្រាលី រួមមាន ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្ម និងរតនាគារជាតិ ជាដើម។

ទស្សនកិច្ចផ្លូវការនេះពិតជាមានសារសំខាន់សម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការទទួលបាននូវមេរៀនជាបទពិសោធ និងការអនុវត្តល្អៗបន្ថែម ដែលអាចប្រើប្រាស់ជាមូលដ្ឋាន ដើម្បីពង្រឹងលើការអនុវត្តតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជាស្ថាប័នថ្នាក់ជាតិមួយដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រ​ដល់ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី និងដំណើរការរបស់គណៈរដ្ឋមន្ត្រី។ ការណ៍នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវ​គោលដៅ​​ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការអនុវត្តការងារស្ថាប័ន​រដ្ឋ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព ភារតភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអូស្ត្រាលី។

None



អត្ថបទបន្ទាប់


ដំណើរចេញពីបេះដូង៖ មិត្តហ្វូន និងកាកបាទក្រហមកម្ពុជា

កាលពីថ្ងៃទី ១៥ ខែឧសភា ក្រុមហ៊ុនមិត្តហ្វូនបានបរិច្ចាគថវិកាបន្ថែមចំនួន ២ ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង។ ទន្ទឹមនឹងថ…

តើប្រធានាធិបតី និងប្រធានសភាវៀតណាមថ្មីជានរណា?

នៅទីបំផុតវៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា ជ្រើសរើសបានប្រធានាធិបតី និងប្រធានសភាថ្មីហើយ បន្ទាប់ពីកៅអីកំពូលទាំងពីរនេះ បានទំនេរអស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ