ឆ្នេរសមុទ្រ The Repulse Bay ភាគខាងត្បូងទីក្រុងហុងកុង ដែលជាកោះមួយដ៏សំខាន់របស់ទីក្រុងនេះ សម្រាប់វិស័យទេសចរណ៍នោះ កំពុងត្រូវបានរងផលប៉ះពាល់ដោយសារតែស្ងាត់ភ្ញៀវ ខុសធម្មតា នៅរដូវក្ដៅ ដែលជារដូវធ្លាប់តែសម្បូរភ្ញៀវធ្វើដំណើរកម្សាន្ដកកកុញ។
មគ្គទេសក៏ទេសចរណ៍ ខ្លះបានលើកឡើងប្រាប់សារព័ត៌មាន CCTV របស់ចិនថា អាជីវកម្មរបស់ពួកគេកំពុងរងការខាតបង់ចំណូល ដោយសារតែភាពវឹកវរប៉ះពាល់ដល់វិស័យទេសចរណ៍ហុងកុង។
លោកស្រី Ale Wong ដែលជាមគ្គទេសក៍ទេសចរណ៍ នៅតំបន់នោះ បាននិយាយថា អ្នកស្រីបានធ្វើការងារជាអ្នកនាំភ្ញៀវទេសចរនេះ អស់រយៈពេល២០ ឆ្នាំមកហើយ តែអាជីវកម្មរបស់លោកស្រីមិនដែលធ្លាប់ ជួបនូវបញ្ហាយ៉ាប់យឺនដូចពេលនេះនោះទេ។
លោកស្រី Wong បន្ថែមទៀតថា ទោះបីជាក្នុងខែសីហា ធ្លាប់តែជារដូវសម្បូរភ្ញៀវច្រើនក៏ពិតមែន ប៉ុន្ដែ តាំងតែពីដើមខែសីហាមកនេះ លោកស្រីមិនមានទទួលបានភ្ញៀវនោះទេ។
ក្រៅតែពីឆ្នេរសមុទ្រស្ងាត់ភ្ញៀវហើយនោះ គេសង្កេតឃើញថា ចំណតរថយន្ដមួយចំនួន គឺពោរពេញទៅដោយរថយន្ដចូលចតទុក។ រថយន្ដចូលចត គឺដោយសារតែ មិនមានភ្ញៀវដឹកដូចរាល់ដង មានរថយន្ដខ្លះ ទុកចោលរាប់សប្ដាហ៍ មិនបានចេញពីចំណតក៏មាន។
លោក A Cheong អ្នកបើកបររថយន្ដទេសចរណ៍ របស់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍មួយនៅហុងកុង បាននិយាយថា លោកបានចតរថយន្ដទុកចោល នៅចំណតជាង២ សប្ដាហ៍មកហើយ ព្រោះតែគ្មានភ្ញៀវដឹក។ លោកបន្តថា លោកធ្វើការងារដឹកភ្ញៀវនេះ ជាង១០ឆ្នាំមកហើយ មិនដែលជួបនូវស្ថានការណ៍អាក្រក់ដូចពេលនេះទេ។
បើតាមការរិយាល័យពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហុង កុង បានឲ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរនៅទីក្រុងហុងកុង បានចាប់ផ្ដើម ដុះក្បាលចុះតាំងពាក់កណ្ដាលខែកក្កដាមកម្ល៉េះ។ តួលេខបានធ្លាក់ចុះ ជិតពាក់កណ្ដាល នៃទិន្នន័យដែលមានកាលពីថ្ងៃទី១៥ ដល់២០ ខែសីហាកាលពីឆ្នាំមុន។
ស្ថានភាពនេះ គឺបានកើនឡើងបន្ទាប់ពី មានប្រទេសចំនួន ៣១ បានដាក់ការព្រមាន ដល់ពលរដ្ឋរបស់ខ្លួនចំពោះការធ្វើដំណើរទៅកាន់ទីក្រុងហុងកុង រួមមានអាមេរិក អង់គ្លេស អូស្ត្រាលី និងជប៉ុនជាដើម។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ និយាយាថា នៅខែក្រោយៗខាងមុខទៀត អាចនឹងត្រូវប្រឈមនឹងភាពយ៉ាប់យឺនកាន់តែខ្លាំង។
វិស័យទេសចរណ៍ ត្រូវបានដឹងថា មានប្រមាណ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ហុងកុង។ ប្រសិនបើភាពវឹកវរនៅតែបន្ដ អ្នកជំនាញបង្ហាញពីក្ដីបារម្ភថា ឧស្សាហកម្មទេសចរណ៍នឹងបន្ដភាពដុនដាបកាន់តែខ្លាំង៕