សមាគមឧស្សាហកម្មមូលបត្រ និងទីផ្សារហិរញ្ញវត្ថុអាស៊ី (ASIFMA) បាននិយាយថា ការស្ទង់មតិរបស់សមាជិក រួមទាំងធនាគារ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បិត្តិធំៗមួយចំនួនរបស់ពិភពលោក បានបង្ហាញថា ៤៨% នៃក្រុមហ៊ុនទាំងនោះ កំពុងពិចារណាអំពីការផ្លាស់ប្តូរបុគ្គលិក ឬមុខងារចេញពីទីក្រុងហុងកុង ដោយសារបញ្ហាប្រឈមក្នុងប្រតិបត្តិការ ដែលរួមមានភាពមិនច្បាស់លាស់ក្នុងការដកហូតវិធានការរឹតបន្តឹងការធ្វើដំណើរ និងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរអន្តរជាតិចូលទីក្រុងហុងកុងជាដើម។
លោក Mark Austen នាយកប្រតិបត្តិនៃក្រុមហ៊ុន Asifma បានសរសេរនៅក្នុងលិខិតចំហរទៅកាន់លេខាធិការហិរញ្ញវត្ថុហុងកុងលោក Paul Chan ថា ហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក កំពុងប្រឈមនឹងហានិភ័យកាន់តែខ្លាំងឡើង ជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចរយៈពេលវែង និងប្រឈមនឹងភាពប្រកួតប្រជែង ជាកន្លែងឈានមុខគេក្នុងការធ្វើអាជីវកម្ម។
សូមជម្រាបថា បើទោះបីជា ហុងកុងស្ទើរតែមិនមានករណីឆ្លងថ្មីកូវីដ១៩ ក៏ទីក្រុងនេះនៅតែបន្តអនុវត្តវិធានការយ៉ាងតឹងរ៉ឹងបំផុតសម្រាប់ការធ្វើដំណើរ ខណៈដែលគូប្រជែងក្នុងតំបន់ គឺប្រទេសសិង្ហបុរីបាននិងកំពុងបើកព្រំដែនរបស់ខ្លួនឡើងវិញជាបណ្ដើរៗហើយ។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះ សិង្ហបុរីបានអនុញ្ញាឱ្យប្រទេស និងដែនដីប្រមាណជាង ៦០ហើយ អាចធ្វើដំណើរចូលប្រទេសខ្លួនបាន។
តែយ៉ាងណាមិញ មេដឹកនាំហុងកុងនិយាយថា ពួកគេកំពុងពិចារណាក្នុងការដកហូតវិធានការធ្វើដំណើរពីហុងកុងទៅកាន់ចិនដីគោក ខណៈដែលវិធានការរឹតបន្តឹងក្នុងការចូលតំបន់ចិនដីគោកក៏មានភាពតឹងរ៉ឹងផងដែរ ហើយអ្នកដំណើរតម្រូវឱ្យធ្វើចត្តាឡីស័កនៅឡើយទេ។
គួរជម្រាបថា ទីក្រុងហុងកុងបានរាយការណ៍ថា មានករណីឆ្លងសរុបជាង ១២ម៉ឺននាក់ និងអ្នកស្លាប់ចំនួន ២១៣នាក់ ចាប់តាំងពីការចាប់ផ្តើមនៃការឆ្លងជំងឺកូវីដ១៩ ហើយក្នុងនោះភាគច្រើនជាករណីនាំចូល៕