សហជីពកម្មករ Unite Here ដែលតំណាងឱ្យកម្មករសណ្ឋាគារ កាស៊ីណូ និងអាកាសយានដ្ឋាននៅទូទាំងសហរដ្ឋអាម៉េរិក និងកាណាដា បាននិយាយថា កម្មកររាប់ពាន់នាក់នៅសណ្ឋាគារចំនួន២៤ កំពុងធ្វើកូដកម្មនៅតាមតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនរួមទាំងនៅទីក្រុងសានហ្វ្រាន់ស៊ីស្កូ និងទីក្រុងសានឌឺហ្គោ ក្នុងរដ្ឋកាលីហ្វ័រញ៉ា ផងដែរ។
បើតាមការអះអាងរបស់សហជីពនេះ កម្មករសណ្ឋាគារកំពុងទទួលបន្ទុកការងារច្រើនដោយអ្នកគ្រប់គ្រងសណ្ឋាគារបានបន្ថែមការងារឱ្យពួកគេធ្វើលើសកម្រិត ដែលនាំឱ្យមានភាពតានតឹងផ្លូវចិត្តយ៉ាងខ្លាំងដោយសារពួកគេត្រូវផ្តោតលើការបម្រើសេវាកម្មឱ្យបានលឿន។
ការធ្វើកូដកម្មនេះបានកើតឡើងចំពេលដែលកម្មករ៤ម៉ឺននាក់ របស់សហជីព Unite Here នៅទូទាំងទីក្រុងចំនួន២០ ប្រឈមនឹងការបញ្ចប់កិច្ចសន្យានៅឆ្នាំនេះ ខណៈដែលសហជីពនេះបានចរចាសម្រាប់កិច្ចសន្យាការងារថ្មីរយៈពេល៤ឆ្នាំទៀត តាំងពីខែឧសភា មកម្ល៉េះ ប៉ុន្តែអ្នកគ្រប់គ្រងសណ្ឋារមួយចំនួននៅតែមិនអាចពិចារណាពីកុងត្រាថ្មីនេះនៅឡើយ។
ការជាប់គាំងលើការចរចាកុងត្រាការងារថ្មីនេះ បានជំរុញឱ្យកម្មករប្រហែលជាង១ម៉ឺននាក់ នាំគ្នាធ្វើកូដកម្មនៅតំបន់មួយចំនួន ដើម្បីជំរុញឱ្យពួកគេពិចារណាពីកុងត្រានេះ និងស្នើឱ្យភ្ញៀវកុំចូលស្នាក់តាមសណ្ឋាគារទាំងនោះ ប្រសិនបើសណ្ឋាគារទាំងនោះមិនព្រមធ្វើតាមការស្នើសុំរបស់សហជីពទេនោះ៕
អត្ថបទ៖ សុខ មង្គល