ឥទ្ធិពលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនលើអាស៊ាន

តើអាស៊ានអាចនឹងរងឥទ្ធិពលយ៉ាងណាខ្លះពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?


បើមើលទៅលើភូមិសាស្ត្រនយោបាយ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនវាហាក់បីដូចជានៅឆ្ងាយពីតំបន់អាស៊ានក៏ពិតមែន ក៏ប៉ុន្តែធាតុពិតភ្លើងសង្គ្រាមនេះក៏បានជះឥទ្ធិពលគួរឲ្យកត់សម្គាល់ផងដែរ មកលើតំបន់អាស៊ីអាគ្នេយ៍ ទាំងលើវិស័យសេដ្ឋកិច្ចនិងនយោបាយ។ និយាយក្នុងក្របខណ្ឌអាស៊ានជារួម ផលប៉ះពាល់សេដ្ឋកិច្ចអាចមានស្ទួចស្តើង តែបើក្នុងក្របខណ្ឌទ្វេភាគីរវាងសមាជិកអាស៊ានមួយចំនួន ទំនងជាមានការបង្គិចខ្លះៗដែរ។
រូបតំណាង

តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជះឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយយ៉ាងណាខ្លះដល់តំបន់អាស៊ាន?

សេដ្ឋកិច្ចពាណិជ្ជកម្ម អាស៊ានវាអាចខាតច្រើនជាងចំណេញ!

បើយើងមើលជារួម ទាំងរុស្ស៊ីនិងអ៊ុយក្រែនមានទំនាក់ទំនងសេដ្ឋកិច្ចតិចតួចប៉ុណ្ណោះ ជាមួយតំបន់អាស៊ាន។ រុស្ស៊ី តំណាងឲ្យតែជាង ០,៥% ប៉ុណ្ណោះនៃទំហំពាណិជ្ជកម្មសរុបកាលពីឆ្នាំ២០២០ ខណៈអ៊ុយក្រែន តំណាងឲ្យ០,១%។ នេះបើយោងតាមទិន្នន័យពី ASEANstats ដែលជាផ្នែកមួយនៃលេខាធិការដ្ឋានអាស៊ាន។

ទំនាក់ទំនងសេដ្ឋកិច្ច មានកាន់តែស្តួចស្តើងថែមទៀត ក្នុងលក្ខខណ្ឌនៃការវិនិយោគ។ ជាក់ស្តែងប្រទេសរុស្ស៊ីមានត្រឹមតែ ០.០៤៦% នៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងតំបន់អាស៊ានរីឯអ៊ុយក្រែនមាន ០.០០៣% ។

យ៉ាងណាក៏ដោយ បើយើងសង្កេតឲ្យស៊ីជម្រៅចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនឹងអាស៊ាន ក៏មានវិស័យខ្លះ ខ្វះគ្នាមិនបានផងដែរ។

ជាក់ស្តែង នៅក្នុងឆ្នាំ២០២០ អាស៊ានបាននាំចូលជីកសិកម្មពីរុស្ស៊ី ដែលតំណាងឲ្យជិត១០% នៃការនាំចូលជីសរុប ខណៈដែល រុស្ស៊ីត្រូវបានគេស្គាល់ថា ជាអ្នកផ្គត់ផ្គង់ជីកសិកម្មធំលំដាប់ទី៣ឲ្យអាស៊ានបន្ទាប់ពីចិន និង កាណាដា។ ដោយសារតែប្រទេសទាំង១០នៅអាស៊ាន នៅជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ដូច្នេះហើយការប៉ះទង្គិចណាមួយដោយសារសង្គ្រាម លើការផ្គត់ផ្គង់ជីកសិកម្មអាចនឹងជះឥទ្ធិពលមិនល្អដល់ផលិតកម្មកសិកម្មនៅអាស៊ាន។

ដូចគ្នានេះដែរ វៀតណាមជាអ្នកនាំចេញផលិតផលអេឡិចត្រូវនិចជាច្រើនទៅរុស្ស៊ី ក៏ទំនងនឹងរងផលប៉ះពាល់ដែរ។ វៀតណាមបាននាំចេញគ្រឿងចក្រ និងឧបករណ៍អេឡិចត្រូនិចមានតម្លៃសរុប ១ពាន់៥រយលានដុល្លារ រួមទាំងស្មាតហ្វូនផងដែរ ទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២២។ ពាណិជ្ជកម្មនេះអាចនឹងត្រូវដាំក្បាលចុះ ប្រសិនបើសហរដ្ឋអាមេរិកផ្តើមប្រើប្រាស់ច្បាប់ការពារផលិតផលរបស់ខ្លួននៅក្រៅប្រទេស ដែលចង់ផ្តោតការដាក់សម្ពាធលើរុស្ស៊ី ស្រដៀងនឹងករណីក្រុមហ៊ុន Huawei របស់ប្រទេសចិន ដែលឈានទៅដល់ការរឹតបន្តឹងការនាំចេញផលិតផលដែលប្រើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកជាដើម។ គួរជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកជាច្រើន កំពុងមានការរកស៊ីក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ។

បញ្ហាសំខាន់មួយទៀត ដែលអាចដាក់សម្ពាធលើតំបន់អាស៊ាន គឺកើតចេញពីទីផ្សារថាមពលពិភពលោក។ តម្លៃប្រេង និងឧស្ម័នបានកើនឡើងរួចទៅហើយ សូម្បីតែនៅមុនពេលប្រតិបត្តិការយោធារបស់រុស្ស៊ីបានចាប់ផ្តើម ក្រោយការភ័យខ្លាចថាជម្លោះអាចរំខានដល់ការផ្គត់ផ្គង់ថាមពល។

នយោបាយការទូត និងការខ្វែងគំនិតគ្នា !

គ្រប់ពេលគឺអាស៊ាន តែងប្រកាន់ខ្ជាប់នូវភាពជាកណ្តាលរបស់ខ្លួន និងព្យាយាមរក្សាគម្លាតពីបញ្ហារបស់ពួកមហាអំណាច ខុសពីអ៊ុយក្រែន រុស្ស៊ីមិនបានប្រលែងដៃពីប្លុកប្រទេសទាំង១០នោះឡើយ។

ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ដំបូង ទីក្រុងមូស្គូបានចូលរួម ក្នុងអ្វីដែលគេហៅថានយោបាយការទូតវ៉ាក់សាំង ដោយផ្តល់វ៉ាក់សាំង Sputnik V របស់ខ្លួនដល់ប្រទេសមួយចំនួនក្នុងតំបន់ដូចជា វៀតណាម និងហ្វីលីពីន។ កាលពីខែធ្នូឆ្នាំមុន រុស្ស៊ី និងអាស៊ានបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកដំបូង ដែលរួមមាននាវាចម្បាំងមកពីប្រទេសសមាជិកអាស៊ានចំនួនប្រាំពីរផងដែរ។ 

បន្ថែមពីលើនេះ សព្វាវុធគឺជាការរួមចំណែកដ៏លេចធ្លោជាងគេមួយ របស់រុស្ស៊ីទៅដល់អាស៊ាន។ ទីក្រុងមូស្គូគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតដល់តំបន់អាស៊ីអាគ្នេយ៍ចន្លោះពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៨ ដែលមានចំនួន ២៦% នៃចំនួនសរុបដែលតំបន់នេះទទួលបាន។ នេះបើយោងតាមរបាយការណ៍វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកហម (Stockholm)។

ប៉ុន្តែថ្មីៗនេះ កិច្ចព្រមព្រៀងសព្វាវុធរបស់រុស្សី បានទទួលផលអាក្រក់មួយផ្នែក ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសដែលទិញសព្វាវុធពីទីក្រុងមូស្គូ។ ជាឧទាហរណ៍ស្រាប់ជាក់ស្តែងតែម្តងលោកអ្នកនាង! ប្រទេសឥណ្ឌូណេស៊ីបានលុបចោលកិច្ចព្រមព្រៀងឆ្នាំ ២០១៨ របស់ខ្លួនដើម្បីទិញយន្តហោះចម្បាំង Su-35 របស់រុស្ស៊ី ជំនួសមកវិញ ដោយទីក្រុងហ្សាកាតាបានងាកមកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញយន្តហោះចម្បំាង Rafale របស់បារាំងកាលពីខែកុម្ភៈជំនួសវិញ។

សរុបសេចក្តីមក ភាពខុសគ្នានៃទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ របស់សមាជិកអាស៊ានខ្លះជាមួយរុស្ស៊ីអាចបណ្តាលឱ្យមានការខ្វែងគំនិតគ្នានៅក្នុងអាស៊ាន ជាពិសេសជុំវិញប្រតិកម្មរបស់ពួកគេចំពោះប្រតិបត្តិការយោធារុស្ស៊ីទៅលើអ៊ុយក្រែននាពេលថ្មីៗនេះ។ ភាពខ្វែងគំនិតគ្នានេះ វាអាចកើតឡើង ស្រដៀងទៅនឹងអ្វីដែលធ្លាប់កើតមានលើវិបត្តិនៅមីយ៉ាន់ម៉ាតែម្តង។

យ៉ាងណាក៏ដោយ ប្រតិកម្មពីសមាជិកអាស៊ានមួយចំនួន លើការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការវាយលុកអ៊ុយក្រែន គឺមានលក្ខណៈខុសគ្នាខ្លះៗបាត់ទៅហើយ។ អ្នកខ្លះបានអំពាវនាវឲ្យមានការចរចាស្វែងរកដំណោះស្រាយដោយសន្តិភាពសន្តិវិធី រីឯអ្នកខ្លះទៀតបង្ហាញជំហរគាំទ្ររុស្ស៊ី។

ប្រទេសមិនគាំទ្រក្នុងអាស៊ានទី១ គឺសិង្ហបុរីចេញមុខមុនគេ ដោយបានថ្លែងការណ៍ថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីនៅថ្ងៃដំបូងនៃវាយប្រហារតែម្តង។ ស្រដៀងគ្នានេះដែរ ឥណ្ឌូនេស៊ីបានអំពាវនាវ ឲ្យបញ្ឈប់សង្គ្រាមជាបន្ទាន់។ ប៉ុន្តែម៉ាឡេស៊ី និង ហ្វីលីពីន បានត្រឹមតែបង្ហាញការសោកស្តាយចំពោះអ្វីដែលបានកើតឡើងនៅអ៊ុយក្រែនពេលនេះ។ ផ្ទុយស្រឡះខុសពីគេឯងក្នុងតំបន់ របបយោធាមីយ៉ាន់ម៉ាបានហៅការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ីថាជារឿងត្រឹមត្រូវ និងសមហេតុផល ដោយសង្កត់ធ្ងន់ថា រុស្ស៊ីធ្វើបែបនេះ បានបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកពីឋានៈរបស់ខ្លួនក្នុងនាមជាមហាអំណាចពិភពលោក។ គួរជម្រាបថា រុស្ស៊ីជាសម្ព័ន្ធមិត្ត និង ទំនងជាខ្នងបង្អែកដ៏សំខាន់មួយខ្វះមិនបាន ព្រមទាំងជាអ្នកផ្គត់ផ្គង់អាវុធ ដ៏សំខាន់ផងដែរ ទៅដល់របបយោធាមីយ៉ាន់ម៉ា។

យ៉ាងណាក៏ដោយចុះទស្សនិកជន! រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែកុម្ភៈនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន ឱ្យអត់ធ្មត់ជាអតិបរមា និងប្រឹងប្រែងស្វែងរកកិច្ចសន្ទនាឱ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ជម្លោះកុំឱ្យវិវត្តន៍កាន់តែធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានជំរុញឲ្យភាគីជម្លោះ ស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍៕

None



អត្ថបទបន្ទាប់


រុស្សីបន្តវាយសម្រុកចូលទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ខណៈប្រទេសសមាជិកសហភាពអឺរ៉ុបផ្តើមបិទដែនអាកាសចំពោះយន្ដហោះរុស្ស៊ី

រុស្សីបន្តវាយសម្រុកចូលទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ខណៈប្រទេសសមាជិកសហភាពអឺរ៉ុបផ្តើមបិទដែនអាកាសចំពោះយន្ដហោះរុស្ស៊ី។ ការប្រយុទ្ធគ្នារាលដាលដល…

ក្រុមហ៊ុននៅកម្ពុជាដំបូងគេមួយនាំចេញទំនិញស្បែកជើងជាង៥ពាន់គូទៅកាន់ទីផ្សារចិន ក្រោមកិច្ចព្រមព្រៀង RCEP

នៅទីបំផុតកម្ពុជាមានការនាំចេញទំនិញក្រោមកិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុយជ្រោយថ្នាក់តំបន់(RCEP)ជាលើកដំបូងហើយ បន្ទាប់ពីកិច្ចព្រមព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ