អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច បានកត់សម្គាល់ឃើញថា តាមរយៈលទ្ធផលនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញពីសញ្ញាណវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា ជួយឲ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើថវិកាពីខាងក្រៅ និងធ្វើឲ្យកម្ពុជា កាន់តែមានលទ្ធភាពអាចទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកវិនិយោគនៅក្នុងប្រទេសថែមមួយកម្រិតទៀត។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកត់សម្គាល់ឃើញថា តាមរយៈលទ្ធផលនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆ្នាំ២០២២ បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្ដូរនៃរចនាសម្ព័ន្ធពន្ធដារ ដែលបានធ្វើឲ្យកម្ពុជា កាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើពន្ធពីក្រៅពី ៦៥% មកនៅត្រឹម ១១% ប៉ុណ្ណោះ។ បើតាមឯកឧត្តម វង្សី វិស្សុត ការផ្លាស់ប្ដូរនៃរចនាសម្ព័ន្ធពន្ធដារ មិនត្រឹមតែបានធ្វើឲ្យស្ថានភាពនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ កាន់តែល្អប្រសើរ នោះទេ ថែមទាំងជួយឲ្យកម្ពុជា កាត់បន្ថយការពឹងផ្អែកលើប្រភពថវិកាពីខាងក្រៅ ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ថែមទៀតផង។ ឯកឧត្ដម វង្សី វិស្សុត បានលើកឡើងថា សម្រាប់ច្បាប់ថវិកាឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៩ ៦០០ លានដុល្លារ ក្នុងនោះចំណូលត្រូវរកចំណូលឱ្យបាន ៧ ២០០ លានដុល្លារ និងត្រូវខ្ចីបំណុលសាធារណៈចំនួន ១ ៨០០ លានដុល្លារ និងប្រើប្រាស់ប្រាក់សន្សំចំនួន ៦០០ លានដុល្លារ ដើម្បីបង្គ្រប់ការចំណាយឆ្នាំនេះ។ បើតាម ឯកឧត្ដមវង្សី វិស្សុត បច្ចុប្បន្នកម្ពុជា មានថវិកាចំណាយខ្លួនឯងរហូតដល់ ៨៣% ហើយពឹងផ្អែកថវិកាពីខាងក្រៅតែ ១៧%ឬ១៨% នៃការចំណាយសរុប។
បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ឃើញថា ដ្បិតនៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមិនទាន់ងើបផុតទាំងស្រុងពីវិបត្តិកូវីដ-១៩ និងវិបត្តិសាកលនានា ប៉ុន្ដែទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាទីផ្សារអន្តរជាតិ នៅតែមានសកម្មភាពជាបន្តបន្ទាប់ ដែលធ្វើឲ្យការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ សម្រេចបាននូវលទ្ធផលល្អប្រសើរ។ បណ្ឌិត ហុង វណ្ណៈ បានបន្តថា កត្តានេះ មិនត្រឹមតែបង្ហាញពីសញ្ញាណវិជ្ជមាននៃការងើបឡើងវិញនៃសេដ្ឋកិច្ចនោះទេ ប៉ុន្ដែក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស និងប្រភពហិរញ្ញវត្ថុពីខាងក្រៅ ដើម្បីមកអភិវឌ្ឍប្រទេសកម្ពុជា ផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរាជរដ្ឋាភិបាលបន្ទាបការព្យាករមកនៅត្រឹម ៥,៦% ប៉ុណ្ណោះ ខណៈពីមុនធ្លាប់រំពឹងថានឹងមាន ៦,៦%។ ការបន្ទាប់ការព្យាករនេះ ដោយសារតែមើលឃើញនូវភាពមិនច្បាស់លាស់នៃបញ្ហាសាកល ជាច្រើន ជាពិសេសវិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន។ បើតាមឯកឧត្តម វង្សី វិស្សុត ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៥,៦% នៅឆ្នាំ២០២៣នេះ កម្ពុជា នៅតែរំពឹងខ្លាំងលើការងើបឡើងវិញនៃវិស័យទេសចរណ៍ ជាពិសេសវត្តមានរបស់ទេសចរចិន តែម្ដង។ ខណៈ កម្ពុជា បានបង្ហាញការរំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤,៣លាននាក់ និងទេសចរជាតិ ប្រមាណ ១៤លាននាក់ ក្នុងឆ្នាំ២០២៣៕