ប្រទេសហ្វីលីពីន

លោក ឌុចទែរតេ ថា ហ្វីលីពីនអាចនឹងក្លាយជា«ទីកន្លែងបញ្ចុះសព» ប្រសិនបើការប្រកួតប្រជែងរវាងអាមេរិក និងចិនគ្រប់គ្រងលែងបាន


អតីតប្រធានាធិបតីហ្វលីពីនដែលគេស្គាល់ថាជាមេដឹកនាំកណ្តាប់ដៃដែក លោក រ៉ូឌ្រីហ្កូ ឌុចទែរតេ បានចេញមុខប្រមានកាលពីពេលថ្មីៗនេះថា ប្រទេសរបស់លោកអាចនឹងក្លាយជា«ទីកន្លែងបញ្ចុះសព» ប្រសិនបើការប្រកួតប្រជែងរវាងមហាអំណាចអាមេរិកនិងមហាអំណាចចិនទប់លែងជាប់ និងផ្ទុះចេញ ខណៈដែលប្រទេសហ្វីលីពីនក្រោមការដឹកនាំរបស់លោក ម៉ាកូស បាននិងកំពុងរឹតចំណងយោធាខ្លាំងក្លាឡើងជាមួយទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រ។
តើហ្វីលីពីននឹងក្លាយជាទីលានបញ្ចុះសពដោយរបៀបណា?

តាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post, នៅក្នុងជំនួបមួយដែលតែងធ្វើឡើងជាប្រចាំជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសហ្វីលីពីន លោក ហ័ង ហ្ស៊ីលៀន (Huang Xilian) លោក ឌុយទែរតេ អតីតប្រធានាធិបតីហ្វីលីពីន បានប្រាប់លោក ហ័ង ថា ប្រទេសរបស់គាត់មិនដែលមានជម្លោះជាមួយប្រទេសចិន ដែលជាដៃគូធំបំផុតរបស់ហ្វីលីពីនទេ។ សូមរម្លឹកថា លោក ឌុយទែរតេ តែងមានជំហរងាកទៅរកចិន នៅពេលលោកបានដឹកនាំប្រទេសហ្វីលីពីនពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២២។

ទោះយ៉ាងណា លោក ហ័ង បានប្រាប់លោក ឌុយទែរតេ វិញថា ប្រសិនបើរដ្ឋបាលលោក ម៉ាកូស ដែលកំពុងដឹកនាំប្រទេសនាពេលបច្ចុប្បន្ននេះ ផ្តល់ទីកន្លែងដែលអាចចាត់ទុកជាទីតាំងសម្រាប់ការឈ្លានពាន ឬការគំរាមកំហែងប្រទេសចិន នោះហ្វីលីពីននឹងក្លាយជាមុខសញ្ញា។ ក្នុងន័យនេះ លោក ហ័ង ចង់សំដៅទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិឆ្នាំ២០១៤ (EDCA) រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន។

បញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀង EDCA ដែលទើបតែចុះហត្ថលេខាបំពេញបន្លែមកាលពីខែមេសា, សហរដ្ឋអាមេរិកអាចមានលទ្ធភាពចូលទៅប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីនចំនួនបួនកន្លែងបន្ថែមទៀត ពីលើ៩កន្លែងដែលមានស្រាប់នៅក្នុងប្រទេសនេះ។ ក្នុងចំណោមនោះ មានមូលដ្ឋាន៤ស្ថិតនៅជិតកោះតៃវ៉ាន់តែម្តង។ ប្រទេសចិនធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងនេះកំពុងដុតភ្លើងកម្ដៅភាពតានតឹងក្នុងតំបន់។

ទន្ទឹមនឹងនេះ លោក ឌុយទែរតេ ក៏បានបង្ហាញការងឿងឆ្ងល់ ហើយចោទជាសំណួរថា ហេតុដូចម្តេចបានជារដ្ឋបាលក្រោយអាណត្តិរបស់លោក សម្រេចងាករេទៅចាប់យកសហរដ្ឋអាមេរិកដែលធ្លាប់ដាក់នឹមអាណានិគមលើខ្លួន ហើយផ្តល់មូលដ្ឋានទ័ពឱ្យអាមេរិកប្រើថែមទៀត។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដាក់បរិក្ខារនុយក្លេអ៊ែរលើមូលដ្ឋានទាំងនោះក៏ថាបាន។

សូមជម្រាបថា ក្រោមអាណត្តិរបស់លោករយៈពេល៦ឆ្នាំ ហ្វីលីពីនងាកចេញពីសហរដ្ឋអាមេរិកបន្តិច និងបែរទៅពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនវិញ។ លោកឌុយទែរតេបានថ្លែងថា តាមរយៈការផ្តល់មូលដ្ឋានទ័ពឱ្យអាមេរិកប្រើ គឺលោកអតីតប្រធានាធិបតីយល់ប្រាកដថា គង់តែអាមេរិកយកក្បាលគ្រាប់នុយក្លេអ៊ែរមកដំឡើងនៅទីនោះ។ យោងតាមលោក ឌុយទែរតេ មូលដ្ឋានទ័ពដែលហ្វីលីពីនផ្ដល់សិទ្ធិឱ្យទាហានអាមេរិកប្រើ បានកើនឡើងដល់ ១៧ កន្លែងហើយ។ គេមិនដឹងច្បាស់ទេ អំពីការលើកឡើងរបស់លោក ដែលថាមានមូលដ្ឋាន១៧កន្លែង ខណៈដែលរដ្ឋភិបាលហ្វីលីពីនធ្លាប់មានប្រកាសថាមានត្រឹមតែ៩មូលដ្ឋានទ័ពប៉ុណ្ណោះ។

បើតាមការលើកឡើងរបស់លោក ឌុយទែរតេ វាជាគំនិតឆោតល្ងង់ណាស់ ដែលគិតថាអាមេរិកនឹងមិនដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទឹកដីហ្វីលីពីន។ លោកបានថ្លែងក្នុងសម្ដីផ្ទាល់ថា «គ្រាប់បែកនុយក្លេអ៊ែគឺខុសគ្នាឆ្ងាយណាស់។ ខ្ញុំជឿថាហ្វីលីពីននឹងក្លាយជាទីបញ្ចុះសព ប្រសិនបើសង្គ្រាមកើតឡើងមែន»។

ការលើកឡើងរបស់លោក ឌុយទែរតេ នៅសប្តាហ៍នេះ បានកើតឡើងជួនគ្នានឹងពេលដែលកងទ័ពជើងទឹកហ្វីលីពីនបានដាក់ពង្រាយជាលើកដំបូងនូវបរិក្ខារយោធាប្រឆាំងនាវាមុជទឹកទៅកាន់សមុទ្រហ្វីលីពីនខាងលិច ដើម្បីបង្កើនសមត្ថភាពក្នុងការស្វែងរក និងវាយប្រហារនាវារបស់សត្រូវ។ សូមបញ្ជាក់ថា សមុទ្រហ្វីលីពីនខាងលិច គឺជាពាក្យដែលទីក្រុងម៉ានីលប្រើ ដើម្បីពណ៌នាផ្នែកខាងកើតនៃសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងដែនទឹករបស់ហ្វីលីពីន៕




អត្ថបទបន្ទាប់


ក្រសួងសាធារណការរំពឹងកំពង់ពហុបំណងកំពង់ឆ្នាំង ជួយជំរុញការដឹកជញ្ចូន និងនាំចេញកសិផល

បច្ចុប្បន្ននេះកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការនាព…

ចំនួនសហគ្រាសអាជីវកម្មដែលបានចុះបញ្ជីនៅវៀតណាមស្ទុះឡើងខ្លាំងនៅក្នុងខែមិថុនា

នៅក្នុងខែមិថុនាឆ្នាំ២០២៣នេះ វៀតណាមបានអះអាងថា ខ្លួនបានបង្កើតសហគ្រាសអាជីវកម្មថ្មីសរុបរហូតដល់ទៅជតិ១ម៉ឺន៤ពាន់អាជីវកម្ម ពោលគឺមានការកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ