ថ្លែងក្នុង ពិធីពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់ពហុកីឡដ្ឋានជាតិ មរតកតេជោនេះ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ សម្រាប់ការបម្រើដល់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនោះ។
នៅចំពោះ មុខអ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកមុខអ្នកការ រួមទាំងភ្ញៀវចូលរួមពិធីជាច្រើននាក់ផងនោះ សម្ដេច ហ៊ុន សែនក៏បានស្នើដល់អ្នកកឧកញ៉ា លី យ៉ុងផាត់ ឲ្យផ្ដល់ដីដែលជាកម្មសិទ្ធិរបស់ខ្លួន ទៅឲ្យរដ្ឋដើម្បីយកមកអភិវឌ្ឍសាងសង់ផ្លូវ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវចាត់ចែងចំពោះថវិកាចំណាយសម្រាប់ការសាងសង់ផ្លូវនេះ។
សម្ដេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ ឧកញ៉ាលី យ៉ុងផាត់ មកទីនេះស្រាប់ហើយ អញ្ចឹងបញ្ហាច្បាស់ណាស់គឺត្រូវធ្វើផ្លូវឆ្លងកាត់តំបន់នេះ មួយចំនួនទៀត ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវតែផ្ដល់ចេញនូវថវិកា។ ឥឡូវផ្លូវត្រូវភ្ជាប់ពីខាងណា ទៅខាងណាទៀត ទៅម្ខាងទន្លេវាច្បាស់ជាទៅមិនរួចទេ ប៉ុន្ដែ គេអាចបំបែកផ្លូវ ដែលមិនអាចឲ្យទៅស្ទះតែម្ដុំមាត់ច្រកតែមួយកន្លែង។ ប៉ុន្ដែ ចេញទៅផ្លូវជាតិលេខ ៦អា គឺច្បាស់ជាត្រូវធ្វើឲ្យបានមាំទាំ ព្រោះផ្លូវប៉ុណ្ណេះនៅពេលនោះ [អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រារព្ធកីឡាស៊ីហ្គេម] មិនទាន់គ្រប់គ្រាន់ទេ»។
បើតាមសម្តេច ហ៊ុន សែន ការសាងសង់ផ្លូវនេះ គឺនឹងមិនធ្វើប្រវែងវែងនោះទេ ប៉ុន្ដែ ត្រូវធ្វើក្នុងទំហំធំ ដើម្បីបញ្ជៀសបញ្ហាកកស្ទះនាអំឡុងពេលការប្រារព្ធកីឡា ស៊ីហ្គេម។ បន្ថែមពីនេះ ផ្លូវនេះ មិនត្រឹមតែផ្ដល់ប្រយោជន៍សម្រាប់ការប្រារព្ធកីឡាស៊ីហ្គេមតែមួយមុខនោះទេ តែវាក៏មានប្រយោជន៍ដល់ក្រុមហ៊ុន អ្នកកឧកញ៉ា លី យ៉ុងផាត់ និងប្រជាពលរដ្ឋផងដែរ។
«ហេដ្ឋារចនាសម្ព័ន្ធនេះ ចាំបាច់បម្រើឲ្យនូវសេចក្ដីត្រូវការនៃភ្ញៀវចេញចូល ប្រជាពលរដ្ឋមកទស្សនានៅក្នុងពេលនោះ [អំឡុងការបារព្ធកីឡាស៊ីហ្គេម ២០២៣]។ ត្រូវមើលឲ្យបានច្បាស់អំពីបញ្ហានេះ! ភ្ជាប់ពីចំណុចណា ទៅចំណុចណា ត្រូវរៀបចំឲ្យបានច្បាស់ ហើយផ្លូវនេះ មិនវែងទេ គ្រាន់តែត្រូវការឲ្យមានទំហំធំបន្តិច។ អញ្ចឹងលោកឧកញ៉ា លី យ៉ុងផាត់ ត្រូវផ្ដល់ដី ហើយផ្ដល់ដីគឺថា អាហ្នឹងជាផលប្រយោជន៍របស់ក្រុមហ៊ុនដែរទេ។ ប៉ុន្ដែ វាក្លាយជាផ្លូវសាធារណៈ ដែលនឹងបម្រើទៅឲ្យតំបន់នេះ សម្រាប់ការប្រកួតផង និងក្រោយការប្រកួតក៏នឹងប្រើប្រាស់សម្រាប់ការដឹកជញ្ជូន ធ្វើដំណើររបស់ប្រជាពលរដ្ឋ»។ សម្ដេច ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ។
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានសាងសង់លើផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់ អ្នកឧកញ៉ា លី យ៉ុងផាត់។ ពហុកីឡដ្ឋានជាតិដ៏សម្បើមមួយនេះត្រូវចំណាយថវិកានៃការសាងសង់ប្រមាណ១,០៥០ លានយ័ន ឬ ប្រមាណជា១៦០ ទៅ១៧០ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីប្រទេសចិន។
សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ជា ៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗ ដូចជា មណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក, សាលហាត់កីឡាប្រយុទ្ធ, អគារស្នាក់នៅ ,អាហារដ្ឋាន ,ទីលានហ្វឹកហាត់ក្រៅអគារ , សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា ,សាលហាត់សាច់ដុំ ,សាលកាយសម្ព័ន្ធ, សាលកីឡាបាញ់កាំភ្លើង,មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីទៀតផង។ ពហុកីឡដ្ឋានជាតិនេះនឹងទទួលរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង។
នាឱកាសនោះដែរ សម្ដេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាខ្លាំងពោះរដ្ឋាភិបាលចិន ដែលជាមិត្តដែកថែប ដោយកន្លងមកតែងតែបានចូលរួមផ្តល់ជាជំនួយក្នុងការកសាងនូវសមិទ្ធផលជាតិសំខាន់ៗដល់កម្ពុជា រួមទាំងពហុកីឡ ដ្ឋានជាតិនេះផងដែរ។ បើតាមការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន បើគ្មានមិត្តចិនទេ កម្ពុជាមិនអាចទទួលបានសមិទ្ធផលជាតិសំខាន់ៗដែលកំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដូចបានឃើញសព្វថ្ងៃនេះទេ។
គួរបញ្ជាក់ថា នៅតំបន់ពហុកីឡដ្ឋានជាតិ មរតកតេជោនេះ បច្ចុប្បន្ន ក៏មានសំណង់វិមានឈ្នះឈ្នះ នៅទល់មុខនោះផងដែរ ខណៈដែលក្បែរនោះ ក៏មានសណ្ឋាគារផ្ដាយប្រាំ កន្លែងវាយកូនហ្គោល Garden City, សួនសត្វភ្នំពេញសាហ្វារី ព្រមជាមួយនឹងសួនទឹកកម្សាន្ដដ៏ធំជាងគេនៅអាស៊ាន Garden City Water Park ក៏កំពុងសាងសង់នៅតំបន់នោះដែរ៕