លោក Orban នាយករដ្ឋមន្ត្រីហុងគ្រី ដែលបានជាប់ឆ្នោតជាថ្មីសម្រាប់ ៤ អាណត្តិ ជាប់ៗគ្នាក្នុងខែមេសានោះ បានរំលឹកឡើងវិញថា ហុងគ្រី ដែលជាសមាជិកណាតូ នឹងមិនលូកដៃចូលទៅពាក់ព័ន្ធចំពោះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។
លោក Orban បាននិយាយថា ប្រទេសហុងគ្រីមិនមានឆន្ទៈក្នុងការគាំទ្រការហាមឃាត់របស់សហភាពអឺរ៉ុប ឬ ការដាក់កម្រិតលើការនាំចូលឧស្ម័នពីរុស្ស៊ីនោះទេ ព្រោះថា វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកខ្លាំងលើការនាំចូលឧស្ម័នពីរុស្ស៊ី។ លោកបាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា កន្លងមក យុទ្ធសាស្ត្រលោកខាងលិចលើវិបត្តិសង្គ្រាមនៅអ៊ុយក្រែនត្រូវបានបង្កើតឡើងដោយឈរលើសសស្ដម្ភធំៗ ៤ គឺទី១ អ៊ុយក្រែនអាចយកឈ្នះសង្រ្គាមប្រឆាំងនឹងរុស្ស៊ីជាមួយនឹងអាវុធរបស់អង្គការណាតូបាន។ ទី២ ទណ្ឌកម្មនឹងធ្វើឱ្យរុស្ស៊ីចុះខ្សោយ និង ធ្វើឱ្យមានអស្ថិរភាពដល់ការដឹកនាំរបស់ទីក្រុងម៉ូស្គូ។ ទី៣ ទណ្ឌកម្មរបស់លោកខាងលិចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ីច្រើនជាងអឺរ៉ុប។ និងទី៤ គឺប្រទេសនៅទូទាំងពិភពលោក នឹងឈរនៅគាំទ្រសហភាពអឺរ៉ុប។
ប៉ុន្ដែ លោក Orban នាយករដ្ឋមន្ត្រីហុងគ្រី គូសបញ្ជាក់ថា យុទ្ធសាស្ត្រទាំងនេះ គឺបានបរាជ័យហើយ ខណៈរដ្ឋាភិបាលអឺរ៉ុប កំពុងតែដួលរលំបាក់ស្រុតដូចគ្នាដែរ រួមទាំងតម្លៃថាមពលបានកើនឡើងគំហុក ហើយឥឡូវនេះ កំពុងត្រូវការយុទ្ធសាស្ត្រថ្មីជំនួសវិញ។
ទោះយ៉ាងណា លោក Orban បានអំពាវនាវឱ្យរុស្ស៊ី និង សហរដ្ឋអាមេរិកធ្វើការចរចា ដើម្បីបញ្ចប់សង្គ្រាម។ លោកបាននិយាយថា មានតែការចរចាររវាងរុស្ស៊ីនិង អាមេរិកប៉ុណ្ណោះ ទើបអាចបញ្ចប់ជម្លោះបាន ពីព្រោះរុស្ស៊ីចង់បានការធានាសន្តិសុខរបស់ខ្លួន ហើយមានតែទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះដែលអាចផ្តល់ឱ្យបាន។ ទន្ទឹមនឹងនោះ លោកក៏បានរិះគន់មេដឹកនាំលោកខាងលិច ចំពោះការព្រងើយកន្តើយចំពោះកង្វល់សន្តិសុខរបស់រុស្ស៊ី មុនពេលដែលទីក្រុងមូស្គូចូលឈ្លានពាននៅអ៊ុយក្រែនផងដែរ។
គួរជម្រាបថា លោក Matthew Baldwin អគ្គនាយករងនៃនាយកដ្ឋានថាមពលរបស់គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃសៅរ៍ ទី ២៣ ខែ កក្កដាថា សហភាពអឺរ៉ុបកំពុងស្វែងរកការផ្គត់ផ្គង់ឧស្ម័នបន្ថែមពីប្រទេសនីហ្សេរីយ៉ា ខណៈដែលប្លុកនេះរៀបចំសម្រាប់ការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅកាន់តំបន់របស់ខ្លួន ដើម្បីជាផ្នែកមួយក្នុងការបន្ថែមសម្ពាធលើទីក្រុងម៉ូស្គូឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕