លោកស្រី គ្រីស្តាលីណា ហ្សកជីវ៉ា ប្រធានអង្គការ IMF បាននិយាយក្នុងសន្និសីទ សារព័ត៌មានថា កូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង ដែលបានរីករាលដាលយ៉ាងឆាប់រហ័សអាចធ្វើឲ្យរង្គោះរង្គើដល់សេដ្ឋកិច្ចសកល ដែលក្នុងន័យនេះ គេទំនងជាត្រូវបន្ទាបការព្យាករសេដ្ឋកិច្ចពិភពលោកដែល IMF ធ្លាប់បានព្យាករចុងក្រោយបង្អស់កាលពីខែតុលាកន្លងទៅ។
មកទល់នឹងពេលនេះ គេមិនទាន់ដឹងអ្វីច្រើនឲ្យច្បាស់លាស់ ពីអូមីក្រុងនោះទេ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វាទំនងជាបានទាញយកហ្សែន ពីមេរោគមួយផ្សេងទៀត ដែលប្រហែលជាមេរោគជំងឺផ្តាសាយធម្មតា ទើបអាចឱ្យវាគេចផុត ពីការការពារប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែងាយស្រួលបែបនេះ។
ផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិកបាននិងកំពុងតែប្រឈមមុខនឹងរលកឆ្លងនៃកូវីដ១៩ ឌែលតារួចទៅហើយ។ មេរោគបំប្លែងខ្លួនថ្មីនេះ នឹងបន្ថែមសម្ពាធ ឬអាចបង្កអស្ថិរភាពសេដ្ឋកិច្ចបន្ថែមទៀត ប្រសិនបើវាប៉ះពាល់នឹងសកម្មភាពសេដ្ឋកិច្ចខ្លះ ឬឈានទៅដល់ការបិទខ្ទប់ប្រទេស។
គួរជម្រាបថា នៅមិនដល់មួយខែផងនៃវត្តមានរបស់កូវីដ១៩បំប្លែងខ្លួនអូមីក្រុង មានសេដ្ឋវិទូ និងអ្នកជំនាញជាច្រើនបានចេញមកព្រមានជាបន្តបន្ទាប់ពី ហានិភ័យរបស់មេរោគប្រភេទថ្មីនេះ មកលើកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំក្រោយ។
ជាក់ស្តែងកាលពីចុងសប្តាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី ចានេត យេលេន បាននិយាយថា កូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង អាចជាមូលហេតុឈានទៅបន្ថយល្បឿននៃកំណើនសេដ្ឋកិច្ចសកល តាមរយៈការធ្វើឱ្យខ្សែចង្វាក់ផ្គត់ផ្គង់មានបញ្ហាកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យតម្រូវការផលិតផលធ្លាក់ចុះផងដែរ។
សូមបញ្ជាក់ថា ការរីករាលដាលនៃកូវីដ១៩ អូមីក្រុង បានធ្វើឱ្យរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុសកលរួចទៅហើយ និងបានជំរុញឱ្យរដ្ឋាភិបាលជុំវិញពិភពលោកលើកយកវិធានការ រឹតបន្តឹងការធ្វើដំណើរ ជាអន្តរជាតិមកអនុវត្តឡើងវិញ៕