ក្នុងនោះ ការធ្វើដំណើរតាមផ្លូវអាកាសក៏មានការកើនឡើងគំហុកដល់ទៅជិត១៦០%ផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
យោងតាមរបាយការណ៍ស្ថិតិទេសចរត្រីមាសទី១ ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍បានបង្ហាញថា មានទេសចរអន្តរជាតិសរុបជាង ១៥ម៉ឺននាក់ បានធ្វើដំណើរចូលមកប្រទេសកម្ពុជា ដោយបានកើនឡើងរហូត១១៤% បើប្រៀបធៀបនឹងត្រីមាសទី១នៅឆ្នាំ២០២១។ ក្នុងនោះ អ្នកដំណើរចូលមកកម្ពុជា តាមផ្លូវអាកាសមានជាង ៨ម៉ឺននាក់ កើនជិត១៦០%, អ្នកដំណើរតាមផ្លូវទឹកមានប្រមាណ២ពាន់នាក់ និងអ្នកដំណើរតាមផ្លូវគោកមានជាង៦ម៉ឺននាក់។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានបង្ហាញនូវការរំពឹងខ្ពស់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤,ថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមេសា ខាងមុខនេះ នឹងមានភ្ញៀវទេចរច្រើនធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងកន្លែងទេសចរណ៍នានានៅទូទាំងប្រទេស។
បើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទោះបី បច្ចុប្បន្ន កម្ពុជាបានជួបបញ្ហាសាំងឡើងថ្លៃ ក៏ពិតមែនប៉ុន្ដែនៅតាមតំបន់កម្សាន្ត និងកន្លែងទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា នៅតែមានវត្តមានរបស់ភ្ញៀវទេសចរទៅកម្សាន្ត។ ជាក់ស្ដែង បន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តធំៗមានដូចជា ខេត្តសៀមរាប, ព្រះសីហនុ និងតំបន់ឆ្នេរ មកដល់ពេលនេះ សម្ទុះនៃការកក់ពីអ្នកទេសចរមានជាបន្ដបន្ទាប់ ដើម្បីស្នាក់នៅ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
សូមបញ្ជាក់ថា បន្ទាប់ពីមានការប្រកាសជាផ្លូវការ ពីនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេច ហ៊ុន សែន ថ្មីៗនេះ ឲ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំឡើងវិញ ក្រសួងទេសចរណ៍ ក៏បានក្រើនរំលឹកផងដែរ ដល់អ្នករកស៊ី និងភ្នាក់ងារ ក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រៀមរៀបចំសុវត្ថិភាព, អនាម័យ, គុណភាព, សេវាកម្មឲ្យបានល្អ និងពិសេសបំផុតគឺធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការឡើងថ្លៃលើផ្នែកសេវាកម្ម និងម្ហូបអាហារ ដើម្បីរៀបចំទទួលភ្ញៀវទេសចណ៍ជាតិ និងអន្ដរជាតិ ផងដែរ៕