ប្រទេសវៀតណាមអាចសម្រេចបានការនាំចេញអង្កររហូតដល់ទៅចំនួន ១,៧ លានតោន ដែលមានតម្លៃសរុបជាង ៩០០ លានដុល្លារអាមេរិក ក្នុងអំឡុងត្រីមាសទី ១ នៃឆ្នាំ ២០២៣។ បើនិយាយអំពីបរិមាណ អង្ករនាំចេញរបស់វៀតណាមបានកើនឡើង ១៩ ភាគរយ ហើយបើនិយាយអំពីតម្លៃវិញ គេឃើញវាកើនឡើងប្រមាណជា ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
ជាមួយនឹងតួលេខនេះ ប្រភពពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក៏បានវាយតម្លៃប្រកបដោយវិជ្ជមានថា អង្ករវៀតណាមបានមើលឃើញជោគជ័យមួយចំនួន ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនិងតម្រូវការ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ឡេ ថាញ់ ជុង ( Lê Thanh Tùng) អនុប្រធាននាយកដ្ឋានដាំដុះរុក្ខជាតិនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បាននិយាយថា ទិន្នផលស្រូវនៅឆ្នាំនេះ សម្រាប់តំបន់ដីសណ្ដទន្លេមេគង្គតែមួយ ត្រូវបានព្យាករណ៍ថានឹងសម្រេចបានរហូតដល់ទៅ ២៤ លានតោន។ នៅក្នុងនោះ អង្ករចំនួន ១១ លានតោននឹងត្រូវទុកសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋនៅដែនដីសណ្តទន្លេមេគង្គនិងនៅទីក្រុងហូជីមិញ រីឯបរិមាណនៅសល់ ១៣ លានតោនទៀត គឺទុកសម្រាប់ការនាំចេញ ។
សមាគមស្បៀងអាហារវៀតណាមបាននិយាយថា ទីផ្សារអង្ករវៀតណាមទំនងជានឹងបន្តមានស្ថានភាពប្រសើរឡើងថែមទៀតនៅត្រីមាសទីពីរនៃឆ្នាំ២០២៣នេះ ដោយសារតម្រូវការបានកើនឡើងនៅក្នុងទីផ្សារសំខាន់ៗ ដែលរួមមានប្រទេសហ្វីលីពីន ចិន និងអាហ្វ្រិក។
លោក ឃ្វៀន ង៉ុក ណាម ( Nguyễn Ngọc Nam) ប្រធានសមាគមស្បៀងអាហារវៀតណាម បាននិយាយថា អង្ករវៀតណាមបាននិងកំពុងទទួលបានតម្លៃល្អនៅលើទីផ្សារអន្តរជាតិ បើទោះបីជាមានការព្យាករពីភាពអាប់អួរសម្រាប់សេដ្ឋកិច្ចពិភពលោក ស្របពេលដែលប្រទេសនានាសម្លឹងមើលការរកស្បៀងមកត្រៀមបម្រុងទុកសម្រាប់ស្ថានភាពមិនច្បាស់លាស់នាពេលខាងមុខ៕
ដោយៈ សរ សុជាតិ