ប័នមូលនិធិរូបិយវត្ថុអន្តរជាតិ បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងឲ្យបានច្រើនពីប្រទេសអ្នកមាន សម្រាប់ជំរុញអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅក្នុងប្រទេសក្រីក្រ។ IMF ទទូចឲ្យប្រទេសអ្នកមានទាំងអស់ ចាត់ចែងជួយជ្រោមជ្រែងយ៉ាងណា សម្រេចឲ្យបានអត្រាចាក់វ៉ាក់សាំងក្នុងប្រទេសក្រីក្រ ឲ្យបានដល់ ៤០%នៃពលរដ្ឋសរុប នៅមុនដំណាច់ឆ្នាំនេះ និងឈានដល់ ៧០%ត្រឹមពាក់កណ្តាលឆ្នាំក្រោយ។
បើតាមការអះអាងពី មូលនិធិរូបិយវត្ថុអន្ដរជាតិ ជាមធ្យមមានពលរដ្ឋ៦០% ក្នុងប្រទេសអ្នកមានទាំងអស់ក្នុងពិភពលោក បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ខណៈមានតែ៤%ប៉ុណ្ណោះ នៃពលរដ្ឋប្រទេសក្រីក្រ ដែលទទួលបានការចាក់វ៉ាក់សាំង។
ជាមួយគ្នានេះ IMF ក៏បានទទូចឲ្យឱ្យធនាគារកណ្តាលនៃបណ្តាប្រទេសទាំងអស់ចាត់វិធានការឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពក្នុងប្រទេសរៀងៗខ្លួន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ខណៈដែលសម្ពាធអតិផរណាក្នុងពេលបច្ចុប្បន្នបង្ហាញថា ពុំសូវមានស្ថិរភាពនោះទេ។
ជាក់ស្តែង អត្រាអតិផរណានៃទំនិញបោះដុំនៅប្រទេសសេដ្ឋកិច្ចលំដាប់ទីមួយពិភពលោក គឺសហរដ្ឋអាមេរិក បានកើនឡើងជិត៩% ឯណោះនៅក្នុងខែកញ្ញាឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអតិផរណាទំនិញលក់រាយវិញបានកើនឡើង ០,៤%។ នេះជាកំណើនអតិផរណាទំនិញខ្ពស់បំផុតមិនធ្លាប់មាននៅអាមេរិក ចាប់តាំងពីឆ្នាំ ២០១០មក។
គួរជម្រាបថា IMF កាលពីពេលថ្មីៗនេះ ក៏បានព្យាករបន្ទាបកំណើនសេដ្ឋកិច្ចអាមេរិកឆ្នាំ២០២១អស់១% ពោលគឺស្រុតចុះពីកំណើន ៧% មកត្រឹម៦%វិញ។ ទន្ទឹមនឹងនេះ ស្ថាប័នអន្តរជាតិដដែល បានទម្លាក់ការព្យាករសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២១ ពី ៦% មកនៅត្រឹម ៥,៩%វិញ ហើយថែមទាំងបានព្រមានថា ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ កាន់តែអាក្រក់ទៅៗ បានធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលទាប បានខិតទៅរកភាពលិចលង់ ខណៈប្រទេសអ្នកមានកំពុងជួបការលំបាកក្នុងខ្សែសង្វាក់ផ្គត់ផ្គង់៕