ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌាមកដល់ពេលនេះ ត្រូវបានគេមើលឃើញថាមានសភាពធូរស្បើយជាងមុនខ្លះហើយ ពិសេសនៅតាមតំបន់ទីក្រុងធំៗ ប៉ុន្ដែនៅតំបន់ទីជនបទវិញ បែរជាកំពុងរីកសាយភាយករណីឆ្លងរីករាលដាលកាន់តែខ្លាំង ហើយចំនួនអ្នកស្លាប់ប្រចាំថ្ងៃក៏នៅតែមានតួលេខខ្ពស់ដដែល។
តួលេខដែលបានបង្ហាញនៅថ្ងៃអង្គារសប្ដាហ៍នេះ បានឲ្យឃើញថា ករណីស្លាប់ដោយកូវីដនៅឥណ្ឌាបានបំបែកកំណត់ត្រាថ្មីដោយចំនួនសរុបបានកើនឡើងដល់៣០ម៉ឺននាក់ ដែលធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដ-១៩ច្រើនជាងគេបំផុតទី៣ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។
ជាមួយគ្នានេះ បើប្រៀបធៀបពីចំនួនអ្នកឆ្លងសរុបវិញ ឥណ្ឌា គឺឆ្លងលំដាប់លេខ២ ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ សរុបជិត ២៧លាននាក់ ខណៈដែលអាមេរិកឆ្លងជាប់លំដាប់លេខ១ មានប្រមាណ ៣៤លាននាក់។ ដោយឡែក បើយើងងាកទៅមើលប្រទេសចិនវិញ ត្រូវបានគេដឹងថា បានផ្ទុះរាលដាលកូវីដ-១៩ដំបូងគេនោះ មកទល់ពេលនេះ មានអ្នកឆ្លងសរុបត្រឹមតែជាង៩ម៉ឺននាក់ប៉ុណ្ណោះ ខណៈអ្នកស្លាប់សរុបមានជាង៤ពាន់៦រយនាក់។តាមរាយការណ៍បានឲ្យដឹងថា បញ្ហាកង្វះគ្រែអ្នកជំងឺនៅតាមមន្ទីរពេទ្យ និងការខ្វះខាតអុកស៊ីសែន នៅតែបន្ដជាបញ្ហាប្រឈមខ្លាំងសម្រាប់ឥណ្ឌាក្នុងការសង្គ្រោះព្យាបាលអ្នកជំងឺកូវីដ។
នៅក្នុងទីក្រុង ញ៉ូដេលី ពលរដ្ឋឆ្លងកូវីដ-១៩ជាច្រើន បានស្លាប់នៅផ្ទះរបស់ពួកគេ ដោយសារតែគ្មានឧបករណ៍ខ្យល់អុកស៊ីហ្សែន និង គ្រែពេទ្យ។ រីឯ ទីក្រុង ម៉ុមបៃវិញ អ្នកជំងឺកូវីដ-១៩ ក៏មានស្លាប់ច្រើននៅតាមមន្ទីរពេទ្យដែរ ដោយសារតែបញ្ហាកង្វះខាតឧបករណ៍ជួយសង្គ្រោះទាំងអស់នេះ ដ្បិតថាចំនួនអ្នកជំងឺមានច្រើនលើសលុបពេក។ ស្របពេលដែលចំនួនករណីឆ្លងថ្មី មានការថយចុះជាងមុន ប៉ុន្ដែ វានៅតែមានក្ដីបារម្ភចំពោះប្រទេសឥណ្ឌា ដ្បិតថា ករណីឆ្លងរាលដាលវាបានរីកសាយភាយទៅដល់តាមភូមិស្រុកទីជនបទ ដែលជាកន្លែងមានសេវាសុខាភិបាលនៅមានកម្រិតនៅឡើយ។
មួយវិញទៀត ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌា គឺមានភាពយឺតយ៉ាវនៅឡើយ ដោយសារតែមិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាជន។
ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី២លើពិភពលោកមួយនេះ ត្រូវបានគេដឹងថា មកទល់ពេលនេះ បានចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនសរុបជាង ៤១លានាក់ប៉ុណ្ណោះ ឬស្មើនឹងជិត៤% នៃចំនួនប្រជាជនសរុបជិត ១ពាន់៤រយលាននាក់។ ដោយសារតែចំនួនវ៉ាក់សាំងមានកម្រិត រដ្ឋាភិបាលសហព័ន្ធឥណ្ឌាបានបើកឲ្យមានការចាក់វ៉ាក់សាំងសម្រាប់តែពលរដ្ឋអាយុចាប់ពី ១៨ ដល់៤៤ឆ្នាំប៉ុណ្ណោះ។
សូមបញ្ជាក់ថា បើតាមប្រភពពីសារព័ត៌មាន Bloomberg បានផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ឥណ្ឌាកំពុងតែរៀបចំនូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច។ បើតាមក្រសួងហិរញ្ញវត្ថុឥណ្ឌា បានឲ្យដឹងថាខ្លួនកំពុងតែធ្វើការលើសំណើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនេះ ដើម្បីធ្វើយ៉ាងណាជួយជំរុញដល់វិស័យទេសចរណ៍ អាកាសចរណ៍ និងបដិសណ្ឋារកិច្ច រួមទាំងក្រុមហ៊ុនក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យមផងដែរ៕