កាលពីឆ្នាំ២០២១ ការធ្វើដំណើររបស់អ្នកដំណើរអន្តរជាតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ៩៣% ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ដែលវាធ្វើឲ្យប៉ះពាល់ប្រាក់ចំណូលនៅក្នុងវិស័យទេសចរណ៍យ៉ាងខ្លាំងពិសេសអាជីវកម្មអាកាសចរណ៍តែម្ដង ខណៈដែលទីផ្សារទេសចរណ៍ក្រៅប្រទេសរបស់ចិនត្រូវបានបិទទ្វា។
ទោះបីជា ប្រទេសមួយចំនួនដូចជាប្រទេសថៃ ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា និងសិង្ហបុរី ដែលកំពុងមានការកើនឡើងមេរោគបំប្លែងថ្មី អូមីក្រុងក៏ដោយ ប៉ុន្ដែ ប្រទេសទាំងនេះនៅតែបើកដំណើរការឡើងវិញ និងទទួលអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច ក្នុងនោះក៏មានការលើកលែងការធ្វើចត្តាឡីស័កផងដែរ។
ទិន្នន័យពីស្ថាប័នទេសចរណ៍អង់គ្លេស Skyscanner អ្នកធ្វើដំណើរដែលបានកក់សំបុត្រធ្វើដំណើរទៅកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ភាគច្រើនគឺជាអ្នកមកពី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ដែលបានកើនឡើងចន្លោះពី ១៩ ទៅ ៣០០ ភាគរយឯណោះ នៅក្នុងខែមករាកន្លងទៅនេះ។
អ្នកជំនាញរំពឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ គេនឹងឃើញទីផ្សារធ្វើដំណើរសកលលោកនឹងចាប់ផ្ដើមការងើបឡើងវិញ កាន់តែច្រើនឡើងថែមទៀត។
សូមបញ្ជាក់ថា ប្រទេសអូស្ត្រាលីថ្មីៗនេះ បានប្រកាសនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះភ្ញៀវទេសចរអន្តរជាតិចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ ដែលនាំឱ្យមានការកក់សំបុត្រកើនឡើង ២០០ ភាគរយឯណោះ នៅថ្ងៃដំបូង។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways កាលពីថ្ងៃពុធបានបញ្ជាក់ដែរថា ខ្លួនបានឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់នូវការកក់បំកបុត្រយន្ដហោះសម្រាប់ការធ្វើដំណើរអន្តរជាតិ ចាប់តាំងពីពេលដែលប្រទេសអូស្ត្រាលីបានប្រកាសបើកព្រំដែនឡើងវិញ។
បើទោះបីជា ការការធ្វើដំណើរអន្តរជាតិបង្ហាញពីសញ្ញាវិជ្ជមាននៃការស្ទុះងើបឡើងវិញក្ដី ប៉ុន្ដែ បើមើលទៅលើប្រទេសចិនដែលជាប្រភពភ្ញៀវទេសចរដ៏សំខាន់របស់ទីផ្សារទេសចរណ៍អន្តរជាតិនោះ គឺនៅតែបន្ដវិធានការយ៉ាងតឹងរ៉ឹងលើកូវីដ១៩ ហើយវាក៏កំពុងជះឥទ្ធិពលដល់ការធ្វើដំណើរអន្តរជាតិផងដែរ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន