លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃបានថ្លែងក្នុងអំឡុងពេល ដែលលោកកំពុងស្ថិតនៅសហរដ្ឋអាមេរិកថា រដ្ឋាភិបាលមិនជ្រៀតជ្រែកក្នុងកាតព្វកិច្ចរបស់ធនាគារកណ្តាលនោះទេ។ លោកបានប្រាប់អ្នកយកព័ត៌មានរ៉យទ័ថា ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណថៃ ដែលគេស្គាល់ថាប្រាក់បាត ត្រូវបានជំរុញដោយលំហូរចេញមូលធនដោយសារតែភាពខុសគ្នានៃអត្រាការប្រាក់ ខណៈដែលធនាគារកណ្តាលអាមេរិកបានរក្សាអត្រាការប្រាក់ឲ្យមានស្ថិរភាព ហើយជំហរមិនសូវល្អរបស់ធនាគារនេះបានជះឥទ្ធិពលមកលើតម្លៃនៃប្រាក់បាតថៃ។
តម្លៃប្រាក់បាតថៃត្រូវបានគេដឹងថា បានធ្លាក់ចុះនៅក្នុងរង្វង់ប្រមាណជា៤,៤ភាគរយ ហើយនៅម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២១ ប្រាក់បាតថៃត្រូវបានគេជួញដូរនៅក្នុងតម្លៃត្រឹម៣៦,១៦ បាតនៅក្នុងមួយដុល្លារ ខណៈដែលកាលពីថ្ងៃពុធ វាបានធ្លាក់ដល់ទៅ៣៦,៣២បាតនៅក្នុង១ដុល្លារ។
លោក ស្រ៊ីថា ទទួលស្គាល់ថា ប្រាក់បាតពិតជាមានការធ្លាក់ចុះពិតប្រាកដមែន ប៉ុន្តែការធ្លាក់ចុះនេះវាមិនអាក្រក់សម្រាប់សេដ្ឋកិច្ចទាំងស្រុងនោះទេ ផ្ទុយទៅវិញវាអាចជួយជំរុញដល់ការនាំចេញ និងជួយសម្រួលដល់តម្លៃនៃការចំណាយលើការធ្វើដំណើរ និងការចំណាយផ្សេងររបស់ភ្ញៀវទេសចរអន្តរជាតិ។
តាមការព្យាករណ៍សម្រាប់ឆ្នាំនេះការនាំចេញរបស់ថៃដែលគេដឹងថាជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍ធ្លាក់ចុះប្រមាណជាពី១ទៅ២%នៅឆ្នាំនេះ ខណៈដែលកំណើនសេដ្ឋកិច្ចថៃត្រូវបានគេព្យាករថានឹងមានកំណើនត្រឹមតែ២,៨%ប៉ុណ្ណោះ ពោលគឺទាបជាងការព្យាករលើកមុនទៅទៀត។
នៅពេលនេះរដ្ឋាភិបាលថៃថ្មីដែលបានចូលកាន់តំណែងកាលពីខែមុន កំពុងរៀបចំផែនការចំណាយខ្ពស់ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់គោលនយោបាយថ្មីៗ ដើម្បីជំរុញសេដ្ឋកិច្ចដែលមានទំនោរធ្លាក់ចុះដោយសារតម្រូវការសម្រាប់ការនាំចេញថយចុះ និងទំនុកចិត្តអ្នកវិនិយោគទាប។
នៅពេលគេសួរថា តើគម្រោងខ្ចីប្រាក់សាធារណៈដ៏ធំរបស់រាជរដ្ឋាភិបាលថៃ វាអាចជះផលប៉ះពាល់ដល់ការប្រមូលមូលនិធិពីវិស័យឯកជនដែរឬទេ? លោកនាយករដ្ឋមន្រ្តីបានឆ្លើយតបថា ថៃមានសាច់ប្រាក់ងាយស្រួលច្រើន សូមកុំបារម្ភ វាមិនមានការព្រួយបារម្ភអ្វីទាំងអស់។
រដ្ឋាភិបាលរបស់លោក ស្រ៊ីថា មានគម្រោងជំរុញកំណើនដោយការទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន ដោយលើកលែងតម្រូវការទិដ្ឋាការសម្រាប់ភ្ញៀវមកពីប្រទេសចិន និងកាហ្សាក់ស្ថានរយៈពេល៥ខែ ខណៈដែលគេដឹងថា ប្រទេសចិនគឺជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសថៃ មុនពេលជំងឺរាតត្បាតកូវីដ-១៩។
ប្រទេសថៃដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ក្នុងតំបន់អាស៊ីកំពុងកំណត់គោលដៅនៅក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបាន២៨លាននាក់នៅឆ្នាំនេះ និង៤០លាននាក់នៅឆ្នាំក្រោយ។ កាលពីឆ្នាំ២០១៩ ថៃអាចមានលទ្ធភាពទាក់ទាញភ្ញៀវទេសចរបរទេសបានជិត៤០លាននាក់ក្នុងនោះមាន១១លាននាក់មកពីប្រទេសចិន។ រដ្ឋាភិបាលមុននេះបាននិយាយថា ខ្លួនមានគោលដៅទទួលបានភ្ញៀវទេសចរចិនចំនួន៥លាននាក់នៅឆ្នាំនេះ៕
ដោយៈ សរ សុជាតិ