លោក Avigdor Lieberman រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានចុះហត្ថលេខាសម្រេចឱ្យបញ្ចប់ការយកពន្ធគយរវាងការនាំចូលទំនិញពីកូរ៉េខាងត្បូង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។
យោងតាមអាជ្ញាធរពន្ធរបស់អ៊ីស្រាអែល ឱ្យដឹងថា ការសម្រេចនេះ នឹងបញ្ចប់ការយកពន្ធ ៧% កន្លងមកលើការនាំចូលរថយន្ត និង ១២% លើការនាំចូលម៉ាស៊ីនត្រជាក់ពីកូរ៉េខាងត្បូង ខណៈរថយន្តរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជា Hyundai និង Kia មានចំណែកយ៉ាងធំក្នុងទីផ្សាររថយន្តថ្មីៗរបស់អ៊ីស្រាអែល។
ស្ថាប័នរដ្ឋរបស់អ៊ីស្រាអែលដដែលនេះ បន្តថា ការកាត់បន្ថយពន្ធគយនេះ នឹងធ្វើឱ្យអ៊ីស្រាអែល បាត់បង់ចំណូលពន្ធប្រមាណ ៦៦លានដុល្លារក្នុងមួយឆ្នាំ។
សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអ៊ីស្រាអែល និងកូរ៉េខាងត្បូង បានចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ អ៊ីស្រាអែលបានរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងជួយធ្វើឱ្យប្រសើរឡើងដល់ការប្រកួតប្រជែងនៃការនាំចេញរបស់ខ្លួន ដោយសារតែកូរ៉េខាងត្បូង មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ១៨ចំណុច ហើយបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចអ៊ីស្រាអែលប្រមាណ ១៤១លានដុល្លារ ក្នុងមួយឆ្នាំ។
បន្ថែមពីនេះ អ៊ីស្រាអែលក៏រំពឹងដែរថា នឹងជំរុញការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារកូរ៉េខាងត្បូង ព្រមទាំងជាការលើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េទៅវិនិយោគនៅអ៊ីស្រាអែលទៀតផង។
ពាណិជ្ជកម្មទ្វេភាគីរវាងអ៊ីស្រាអែល និងកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២១ មានប្រហែល ៣,៥ពាន់លានដុល្លារ កើនឡើង ៣៥% បើធៀបនឹងឆ្នាំ២០២០។
ក្រៅពីកូរ៉េខាងត្បូង ប្រទេសអ៊ីស្រាអែលក៏មានគម្រោង និងកំពុងចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀតដែរដូចជា អារ៉ាប់រួម ចិន វៀតណាម បារ៉ែន និងអង់គ្លេសជាដើម៕
អត្ថបទ៖ នៅ សំភី