មហាសេដ្ឋីមាត់រអិលសម្ដីចាក់ទឹកមិនលិចរូបនេះ រួមទាំងគ្រួសាររបស់គាត់ផង បានគ្រងតំណែងជាអ្នកមានជាគេបំផុតនៅក្នុងប្រទេសចិនក្នុងបញ្ជីឈ្មោះរបស់ស្ថានប័ន Hurun Global នៅឆ្នាំ២០២០ និងឆ្នាំ២០១៩។ ប៉ុន្ដែ ចូលដល់ឆ្នាំ២០២១នេះ ឈ្មោះលោក Jack Ma លែងស្ថិតនៅក្នុងបញ្ជីកំពូលអ្នកមានជាងគេបំផុតក្នុងប្រទេសចិនទៀតហើយ ដោយបានធ្លាក់មកនៅលំដាប់អ្នកមានទី៤វិញ ខណៈដែលមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent គឺលោក Pony Ma បានគ្រងតំណែងជាអ្នកមានបំផុតនៅក្នុងប្រទេសចិនជំនួសលោក Jack Ma វិញម្ដង។
ការរបូតតំណែងជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសចិននេះ គឺកើតឡើងនៅក្រោយពេលដែលលោក Jack Ma ត្រូវបានអាជ្ញាធរចិនសម្រេចផ្អាកការបោះផ្សាយលក់មូលបត្រក្រុមហ៊ុន Ant Group របស់លោកក្នុងតម្លៃ៣៧ពាន់លានដុល្លារអាមេរិក។ ការផ្អាកដោយអាជ្ញាធរចិននេះ គឺធ្វើឡើងក្រោយពេលលោកម៉ាបានថ្លែងសុន្ទរកថាមួយកាលពីខែតុលា ឆ្នាំ២០២០ ដោយបានស្ដីបន្ទោសដល់ប្រព័ន្ធច្បាប់របស់ចិន។
ក្រោយពីក្រុមហ៊ុនត្រូវបានផ្អាកបោះផ្សាយលក់មូលបត្រ លោក Jack Ma ក៏បានបាត់មុខជាសាធារណៈរយៈពេលប្រហែល៣ខែផងដែរ ទើបបង្ហាញខ្លួនជាថ្មីឡើងវិញ។
មហាសេដ្ឋីមានជាងគេបង្អស់របស់ចិនគឺលោក Pony Ma ម្ចាស់ក្រុមហ៊ុន Tencent មានទ្រព្យសម្បត្តិកើនឡើង ដល់ទៅ៧០% ដោយមានទ្រព្យកើនដល់ ៧៤ពាន់លានដុល្លារ ធៀបនឹងទ្រព្យសម្បត្តិរបស់លោក Jack Ma និងគ្រួសារ មានត្រឹមតែជាង៥៥ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕