វិស័យហិរញ្ញវត្ថុ

ជប៉ុន អនុញ្ញាតឱ្យស្រីលង្កា រៀបចំឥណទានឡើងវិញក្នុងទំហំ២,៥ពាន់លានដុល្លារ ក្រោយជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ


ប្រទេសស្រីលង្កា និងប្រទេសជប៉ុន បានចុះកិច្ចព្រមព្រៀងរៀបចំឥណទានឡើងវិញ ក្នុងទំហំ២,៥ពាន់លានដុល្លារអាម៉េរិក ក្រោយចរចាអស់រយៈពេល២ឆ្នាំ ដែលនឹងជួយប្រទេសដែនកោះមួយនេះឱ្យងើបឈរឡើងវិញ បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យហិរញ្ញវត្ថុ
ដោយ

ប្រទេសស្រីលង្កា និងប្រទេសជប៉ុន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានឈានដល់ការចុះកិច្ចព្រមព្រៀងរៀបចំឥណទានឡើងវិញក្នុងទំហំ២,៥ពាន់លានដុល្លារអាម៉េរិក ក្រោយជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរចាប់ផ្តើមដំណើរការឡើងវិញនូវគម្រោងនានា រួមទាំងគម្រោងពង្រីកអាកាសយានដ្ឋានដ៏សំខាន់របស់ប្រទេសស្រីលង្កា ដែលបានជាប់គាំងផងដែរ បន្ទាប់ពីប្រទេសដែនកោះមួយនេះ បានប្រកាសកាលពីខែមេសា ឆ្នាំ២០២២ ថា ខ្លួនបានខកខានទូទាត់បំណុលបរទេសដែលខ្លួនជំពាក់។

វិបត្តិហិរញ្ញវត្ថុ បានធ្វើឱ្យប្រទេសស្រីលង្កា ខ្វះលទ្ធភាពក្នុងការចំណាយលើថ្លៃប្រេង ឱសថ និងហ្គាសសម្រាប់ចម្អិនអាហារ ប៉ុន្តែវិបត្តិនេះបានធូរស្រាលលឿនជាងការរំពឹងទុកដោយសារទទួលបានមូលនិធិសង្គ្រោះសេដ្ឋកិច្ចក្នុងទំហំ២,៩ពាន់លានដុល្លារអាម៉េរិក ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានអនុម័តកញ្ចប់ទី៤ នៃកម្មវិធីផ្ដល់ជំនួយរបស់ខ្លួនកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុស្រីលង្កា លោក ម៉ាហ៊ីនដា ស៊ីរីវ៉ាដេនី (Mahinda Siriwardena) បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងពិធីចុះហត្ថលេខានេះថា ប្រទេសស្រីលង្កា ត្រូវការពេលវេលាវែងឆ្ងាយទៅមុខទៀតទម្រាំងើបឡើងវិញពេញលេញ ដូច្នេះស្រីលង្កា ត្រូវតែបន្តធ្វើកំណែទម្រង់ និងអនុវត្តតាមកម្មវិធីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីបញ្ចៀសកុំឱ្យមានវិបត្តិដូចនេះទៀត។

ប្រទេសស្រីលង្កា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ បានចុះកិច្ចព្រមព្រៀងបឋមមួយជាមួយម្ចាស់បំណុលធំៗរបស់ខ្លួន ដើម្បីរៀបចំឥណទានឡើងវិញ។ ទោះជាយ៉ាងណា ស្រីលង្កា ត្រូវការចុះកិច្ចព្រមព្រៀងដូចគ្នានេះជាមួយប្រទេសចិន ដើម្បីរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ជាង៤,៧ពាន់លានដុល្លារអាម៉េរិក និងជាមួយប្រទេសឥណ្ឌា ក្នុងទំហំ១,៤ពាន់លានដុល្លារអាម៉េរិក ក្រោមកម្មវិធីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

កាលពីអំឡុងខែមករា ដើមឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា លោក អានូរ៉ា គូម៉ារ៉ា ឌីសាណាយ៉ាកេ (Anura Kumara Dissanayake) បានព្រមព្រៀងគ្នាលើការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ចុងឆ្នាំ២០២៤ ប្រទេសស្រីលង្កា ក៏បានចុះកិច្ចព្រមព្រៀងមួយជាមួយបណ្ដាអ្នកកាន់កាប់សញ្ញាបណ្ណអន្តរជាតិ ផងដែរ ដើម្បីរៀបចំឥណទានឡើងវិញក្នុងទំហំ១២,៥ពាន់លានដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


និយ័តករសហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យធនាគារនានា ចូលរួមក្នុងសកម្មភាពគ្រីបតូ ដោយមិនចាំបាច់ស្នើសុំការអនុម័តជាមុន

និយ័តករសហរដ្ឋអាម៉េរិក ដែលគ្រប់គ្រងបណ្ដាធនាគារជាតិ បានបញ្ជាក់កាលពីថ្ងៃទី៧ ខែមីនា ថា ពេលនេះធនាគារនានា អាចចូលរួមក្នុងសកម្មភាពរូបិយប័ណ្ណឌ…

វិស័យឯកជនស្នើឱ្យរដ្ឋាភិបាលថៃ បង្កើតការិយាល័យគ្រប់គ្រងវិបត្តិ ដើម្បីទប់ទល់នឹងគោលនយោបាយពន្ធរបស់លោក ត្រាំ

ក្នុងឋានៈជាប្រទេសមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក លំដាប់ទី១១ នៅលើពិភពលោកដែលមានតម្លៃជាង៤៥ពាន់លានដុល្លារ វិនិយោគិន និងពាណិជ្ជករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ