នៅក្នុងចំណោមវ៉ាក់សាំងប្រភេទ AstraZeneca ចំនួន១លាន៣សែនដូស ដែលជប៉ុនគ្រោងនឹងបរិច្ចាគបន្ថែមថ្មីនេះ គឺមាន ៥០ម៉ឺនដូស នឹងផ្ដល់ទៅឲ្យកោះតៃវ៉ាន់ ដែលធ្វើឲ្យការបរិច្ចាគវ៉ាក់សាំងរបស់ជប៉ុនទៅកាន់កោះមួយនេះ បានកើនដល់ ៣លាន៩សែនដូសហើយ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូហ្ស៊ីមីស៊ូ ម៉ូតេជី។ បន្ថែមពីនេះ ជប៉ុនក៏នឹងផ្ដល់វ៉ាក់សាំង៤០ម៉ឺនដូសទៅឲ្យវៀតណាម, ៣០ម៉ឺនដូសទៅឲ្យប្រទេសថៃ និង១០ម៉ឺនដូសទៀត ឲ្យទៅប្រទេសប្រុយណេ។
គួររំឭកថា កន្លងមករាជរដ្ឋាភិបាលជប៉ុនបានប្រកាសសន្យា នឹងផ្ដល់ថវិកា១ពាន់លានដុល្លារ និងវ៉ាក់សាំង ៣០លានដូស ទៅឲ្យកម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ដើម្បីចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។
គិតមកទល់ពេលនេះ ប្រទេសជប៉ុន ក៏មិនទាន់ស្ងប់ស្ងាត់កូវីដ-១៩នោះដែរ ពោលគឺករណីឆ្លងនៅក្នុងប្រទេសនេះ នៅតែមានជាហូរ ប៉ុន្ដែ បើមើលទៅលើតួលេខនៃការចាក់វ៉ាក់សាំងវិញ ឃើញថាជប៉ុន សម្រេចបានការចាក់វ៉ាក់សាំងគ្រប់ចំនួនដូសសម្រាប់ពលរដ្ឋរបស់ខ្លួនបាន ៥០%ហើយនៃចំនួនប្រជាជនសរុប។
ដ្បិតថា ប្រទេសជប៉ុនមានផលិតវ៉ាក់សាំង AstraZeneca ក៏ពិតមែន ប៉ុន្ដែប្រទេសនេះ មិនសូវប្រើប្រាស់វ៉ាក់សាំងនេះចាក់ជូនប្រជាជនខ្លួននោះទេ ប៉ុន្ដែ ជប៉ុនបែរជាពឹងផ្អែកខ្លាំងទៅលើការនាំចូលវ៉ាក់សាំងពីអាមេរិកដូចជា ប្រភេទ Pfizer និង Moderna ជាដើម ដើម្បីចាក់ជូនពលរដ្ឋរបស់ខ្លួន ដូច្នេះហើយ ទើបប្រទេសជប៉ុននៅសល់វ៉ាក់សាំងប្រភេទ AstraZeneca ដើម្បីចែកចាយទៅកាន់ប្រទេសនានាដែលកំពុងខ្វះខាត រួមទាំងកម្ពុជា ក៏ធ្លាប់បានទទួលជំនួយវ៉ាក់សាំងពីជប៉ុន១លានដូសរួចហើយផងដែរ៕