រដ្ឋាភិបាលជប៉ុនបានបញ្ចេញសេចក្តីព្រៀងកញ្ចប់ថវិកា នៅថ្ងៃច័ន្ទសប្តាហ៍នេះ ដែលជាដំណាក់កាលដំបូងបំផុតមុននឹងឈានទៅរកការអនុម័តថវិកាជាផ្លូវការ។
លោក គីស៊ីដា ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បានសន្យាថានឹងទម្លាក់កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចឲ្យបានច្រើន ជាក់ស្តែង រដ្ឋាភិបាលរបស់លោក កំពុងញាប់ដៃញាប់ជើងធ្វើការលើរឿងនេះ ដោយរំពឹងថា នឹងអនុម័តជាផ្លូវការយ៉ាងយូរត្រឹមចុងឆ្នាំនេះ។
ប៉ុន្តែការដែលជប៉ុន នឹងផ្តល់ថវិកាសម្រាប់ជួយជំរុញសេដ្ឋកិច្ចប្រមាណ ២៦០ពាន់លានដុល្លារនេះ និងធ្វើឲ្យរដ្ឋាភិបាលក្រុងតូក្យូកើនបំណុលកាន់តែច្រើន។ យ៉ាងណាមិញ រដ្ឋាភិបាលបានបដិសេដ ក្នុងការឆ្លើយតបពីខ្ទង់បំណុលដែលខ្លួនកំពុងមាន។
គួរជម្រាបថា ផែនការបង្កើនថវិកាជំរុញសេដ្ឋកិច្ចជប៉ុននេះ ត្រូវបានគេដឹងថា នឹងរាប់បញ្ចូលការជំរុញនិងគាំទ្រដល់ការប្រើប្រាស់ និងការចាយវាយរបស់ពលរដ្ឋ ដែលបានរងផលប៉ះទង្គិចខ្លាំងដោយសារវិបត្តិកូវីដ១៩។បន្ថែមពីលើនេះ វិស័យដទៃទៀតដែលជប៉ុនគ្រោងនឹងប្រើប្រាស់ថវិកាដើម្បីជួយស្តារឡើងវិញនោះរួមមាន វិស័យសេវាកម្ម និងវិស័យទេសចរណ៍ ផងដែរ។
សូមជម្រាបដែរថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា មានផែនការនឹងផ្ដល់ជូនជាសាច់ប្រាក់ឧបត្ថម្ភ ឬជាកូប៉ុង ដែលមានតម្លៃសរុបប្រមាណ៨៨០ដុល្លារអាមេរិកផងដែរ ទៅឲ្យប្រជាពលរដ្ឋរបស់ខ្លួនដែលមានអាយុ ១៨ឆ្នាំ ឬក្មេងជាងនេះ ដោយចាត់ទុកយន្ដការនេះថាជាកត្តាជំរុញដ៏សំខាន់មួយនៃផែនការកញ្ចប់ថវិកាជំរុញកំណើនសេដ្ឋកិច្ចខាងលើ៕