ទិន្នន័យចុងក្រោយនេះ បានកត់សម្គាល់ពីភាពមិនច្បាស់លាស់ មួយចំនួន ពាក់ព័ន្ធនឹងចំណាយលើការប្រើប្រាស់របស់ពលរដ្ឋ ដោយគេមិនទាន់ប្រាកដនៅឡើយទេថា ការចំណាយនេះនឹងកើនឡើងគ្រប់គ្រាន់ដើម្បីជំរុញការស្ទុះងើបឡើងវិញដ៏យឺតយ៉ាវ និងផុយស្រួយរបស់សេដ្ឋកិច្ចជប៉ុនដែរ ឬយ៉ាងណានាពេលខាងមុខនេះ ខណៈដែលទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកំពុងអាប់អ៊ួកាន់តែខ្លាំងនោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ដូចទៅនឹងសេដ្ឋកិច្ចប្រទេសមួយចំនួនធំផ្សេងទៀតដែរ ការរស់ឡើងវិញនៃសេដ្ឋកិច្ចជប៉ុនក្រោយវិបត្តិកូវីដ១៩ ត្រូវបានរំខានដោយសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងនៃតម្លៃទំនិញ និងបើទោះបីជាមានការកើនឡើងនៃការប្រើប្រាស់ បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្លះៗ នៅក្នុងខែមេសាដល់ខែមិថុនាក៏ដោយចុះ។
ទោះយ៉ាងណា ការចំណាយលើការប្រើប្រាស់ និងការចំណាយមូលធននឹងដើរតួនាទីជាអ្នកបន្តជំរុញកំណើននេះ សម្រាប់ខែកក្កដាដល់ខែកញ្ញាទៅមុខទៀត។ យ៉ាងណាមិញ សន្ទុះនេះអាចនឹងមានកំរិតមិនខ្លាំងក្លានោះទេ ដោយសារការកើនឡើងអតិផរណាកំពុងធ្វើឱ្យការចំណាយរបស់ពលរដ្ឋ និងនៅតាមក្រុមគ្រួសារនីមួយៗមានការក្បិតក្បៀតជាងមុន។ នេះបើតាមការអះអាងពីអ្នកសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវមួយក្នុងប្រទេសជប៉ុន។
អ្នកជំនាញបន្តថា ស្របពេលដែលតម្រូវការក្នុងស្រុកអាចបន្តកើនឡើង ការនាំចេញរបស់ជប៉ុនធ្លាក់ចុះអាចរារាំងដល់ការងើបឡើងវិញរបស់សេដ្ឋកិច្ចធំលំដាប់ទី៣ពិភពលោកមួយនេះ។
ជាការពិត ទស្សនវិស័យសេដ្ឋកិច្ចជប៉ុនត្រូវបានបន្ទច់បង្អាក់ដោយការផ្ទុះឡើងនៃមេរោគកូវីដ១៩ ការថយចុះនៃកំណើនសេដ្ឋកិច្ចសកលលោក ឧបសគ្គនៃការផ្គត់ផ្គង់ និងការឡើងថ្លៃតម្លៃវត្ថុធាតុដើម។ ទាំងអស់នេះ កំពុងបង្កើនការចំណាយសម្រាប់ជីវភាពរស់នៅរបស់ក្រុមគ្រួសារក្នុងប្រទេសជប៉ុន។
ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនដែលជា សេដ្ឋកិច្ចធំទី២នៅអាស៊ី និងទី៣របស់ពិភពលោកបានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ច២,២% ក្នុងត្រីមាសទី២ឆ្នាំនេះ។ នេះជាការកើនឡើង៣ត្រីមាសជាប់ៗគ្នាមកហើយសម្រាប់ជប៉ុន រាប់ចាប់ពីត្រីមាសចុងក្រោយឆ្នាំ២០២១មក ប៉ុន្តែសម្រាប់អត្រា២,២% ជាកំរិតមួយតិចតួច និងផ្ទុយពីការព្យាករណ៍ដែលថា ជាមធ្យមកំណើនអាចមានដល់ ២,៥%។
ទោះយ៉ាងណាកំណើន ២,២%នេះ ត្រូវបានជំរុញភាគច្រើនពីការចំណាយមូលធន ចំណាយលើការប្រើប្រាស់ឯកជន ពិសេសនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារ ដែលចាប់ផ្តើមមានតម្រូវការឡើងវិញក្រោយពីរដ្ឋាភិបាលក្រុងតូក្យូ លុបចោលការបម្រាមទប់ស្កាត់កូវីដ១៩មួយចំនួនធំ។
យ៉ាងណាមិញ អ្នកវិភាគខ្លះនិយាយថារលកឆ្លងកូវីដ១៩លើកទី៧ និងការឡើងថ្លៃទំនិញនាពេលថ្មីៗនេះ ពិសេសសម្រាប់ទំនិញដែលជាតម្រូវការប្រចាំថ្ងៃ អាចបង្អាក់ក្រុមគ្រួសារនៅជប៉ុនពីការចាយវាយ ដើរលេងកម្សាន្ត និងទទួលទានអាហារនៅក្រៅផ្ទះជាដើម។
សូមជម្រាបថា ទិន្នន័យដោយឡែកដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញថា បំណុលជាតិរបស់រាជរដ្ឋាភិបាលជប៉ុន បើគិតក្នុងពលរដ្ឋម្នាក់ៗ (Government debt per capita) បានកើនឡើងលើសពី១០លានយ៉េន ឬប្រហែល ៧ម៉ឺន៥ពាន់ដុល្លារជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ គិតត្រឹមចុងខែមិថុនា ស្របពេលដែលរដ្ឋាភិបាលទីក្រុងតូក្យូបានចាក់បញ្ចូលលុយយ៉ាងសន្ធឹកសន្ធាប់ ដើម្បីដោះស្រាយជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាអតិផរណា ដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពពលរដ្ឋ៕