ជំនួយឥតសំណង​ពីជប៉ុន

ជប៉ុន នឹងផ្ដល់ជំនួយឥតសំណងប្រមាណ ២២ លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងទឹកស្អាតនៅខេត្តពោធិ៍សាត់


រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ក្នុងចំនួនទឹកប្រាក់ជាង២ពាន់៤០០ លានយ៉េន ឬស្មើនឹងប្រមាណ២២ លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បី អនុវត្តគម្រោងពង្រីកប្រព័ន្ធទឹកស្អាត នៅខេត្តពោធិ៍សាត់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៩នេះ។
ទង់ជាតិ​កម្ពុជា និងជប៉ុន (រូបតំណាង)

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែលនេះ បាន​ឲ្យដឹងថា ហិរញ្ញប្បទាន្​ឥតសំណង​របស់រាជរដ្ឋាភិបាល​ជប៉ុន ប្រមាណ ២២ លាន​ដុល្លារអាមេរិក​សម្រាប់​ផ្ដល់ជូន​កម្ពុជា​នេះ នឹងត្រូវ​ចុះហត្ថលេខា​នៅថ្ងៃទី ៤ ខែធ្នូ គឺថ្ងៃស្អែកនេះ នៅទីស្ដីការ​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ក្រោម​អធិបតីភាព របស់​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

បើតាម​ក្រសួងការ​បរទេសកម្ពុជា ការផ្ដល់​ហិរញ្ញប្បទានឥតសំណងនេះ គឺជាការ​បង្ហាញពីការ​ប្ដេជ្ញាចិត្ត របស់​ប្រទេសជប៉ុន ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវបរិស្ថាន​រស់នៅ​ក្នុងប្រទេស​កម្ពុជា ជាពិសេស វិស័យទឹកស្អាត។ 

បើតាម​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អះអាងថា កម្មវិធី​ជំនួយ​ឥតសំណង​សម្រាប់​គម្រោង​ក្រៅរដ្ឋាភិបាល​ បាន​ចាប់ផ្ដើម​នៅប្រទេស​កម្ពុជា​​តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រ​ដល់សកម្មភាព​អង្គការ​ក្រៅរដ្ឋាភិបាល​ជប៉ុន ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​ដើម្បីជួយដល់​ការអភិវឌ្ឍ និងស្ថាបនា​ប្រទេសកម្ពុជា​ឡើងវិញនៅតាម​កម្រិត​មូលដ្ឋាន។ ទន្ទឹមគ្នានេះ ចាប់តាំងពីឆ្នាំ២០០២មក រាជរដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ថវិកា​ជាង ៣៧ លាន​ដុល្លារអាមេរិក ដល់​គម្រោង​ចំនួន​១២២ ដែលផ្ដោតសំខាន់​ទៅលើ​វិស័យអប់រំនៅកម្រិត​មូលដ្ឋាន វិស័យសុខាភិបាល វិស័យ​កសិកម្ម និងសកម្មភាព​បោសម្អាតមីន នៅកម្ពុជា។ 

បើយើង​ក្រឡេក​ទៅមើល​ទំនាក់​ទំនង​ផ្នែកសេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​កម្ពុជា និងប្រទេសជប៉ុនវិញ ឃើញថា នៅតែមាន​ភាព​ល្អប្រសើរជាលំដាប់។ តួយ៉ាង ទិន្នន័យពី​អង្គការពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅកាត់ថា JETRO បាន​បង្ហាញថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះកម្ពុជា​បាននាំចេញ​ទំនិញ​ទៅជប៉ុន មានតម្លៃជា​ទឹកប្រាក់ជាង ១ពាន់២៧៩ លានដុល្លារ ដោយបានកើនឡើងជាង ៨ ភាគរយ ​ខណៈជប៉ុននាំចូល​មកកម្ពុជាវិញក្នុងទឹកប្រាក់ជិត៤០០ លានដុល្លារ កើនឡើង ៣៦ភាគរយ បើធៀប​នឹងឆ្នាំ២០១៨។

ទិន្នន័យពី JETRO បានបង្ហាញទៀតថា ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅជប៉ុនពីខែមករា ដល់បំណាច់ខែកញ្ញា ឆ្នាំ២០១៩នេះ​នៅតែខ្លាំងជាង ប្រទេសឡាវ និងមីយ៉ានម៉ា ពោលគឺកម្ពុជាស្ថិត​នៅលេខរៀងលំដាប់ទី៨ នៃប្រទេស​ក្នុងតំបន់អាស៊ានដែលបាននាំចេញទៅជប៉ុន។

ដោយឡែក បើតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពី ឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ ក្រុមហ៊ុនជប៉ុន ចំនួន១៣៧​គម្រោង ដែលវិនិយោគផ្តោតសំខាន់លើ ផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប ដែលមានទុនវិនិយោគសរុបរហូតដល់ជាង ២ពាន់លានដុល្លារ៕

None



អត្ថបទបន្ទាប់


ថៃ ព្រួយបារម្ភពីការបាត់ចំណែកទីផ្សារក្នុងតំបន់ ដោយសារឥទ្ធិពលរបស់ចិន

ប្រទេសថៃ បានបង្ហាញពី ការព្រួយបារម្ភចំពោះការបាត់បង់ចំណែកទីផ្សារក្នុងតំបន់ ក្រោយពី សង្កេតឃើញថា ឥទ្ធិពលនៃទំនិញធូរថ្លៃរបស់ចិន បានសាយភាយមកដ…

កសិកដ្ឋានចិញ្ចឹមក្រពើកំពុងប្រឈមនឹងការបិទទ្វារ បន្ទាប់ពីតម្លៃកូនក្រពើដាំក្បាលចុះជាច្រើនឆ្នាំជាប់គ្នា

ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ម្ចាស់កសិកដ្ឋានចិញ្ចឹមក្រពើ បានត្អូញត្អែរដដែលជាដដែលពីរឿងទីផ្សារកូនលក់បន្ដធ្លាក់ថ្លៃខ្លាំង ដោយនៅឆ្នាំនេះ តម្លៃកូនក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ