អត្រាអតិផរណាទំនិញរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់ទីក្រុងតូក្យូ ប្រទេសជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយៈពេល៣៣ឆ្នាំចុងក្រោយពោលគឺឡើងដល់ ៣,៥% ក្នុងខែតុលាឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលវាបង្ហាញឲ្យឃើញពីផលប៉ះពាល់កើនឡើងនៃការធ្លាក់ចុះនៃប្រាក់យ៉េនរបស់ប្រទេសមួយនេះ។
ទិន្នន័យចុងក្រោយរបស់ទីក្រុងតូក្យូបង្ហាញថា អតិផរណាបានកើនឡើងក្នុងខែនេះ ដោយសារអាជីវកម្មផ្នែកបម្រើអតិថិជនដំឡើងថ្លៃរបស់ពួកគេ ដើម្បីទប់ទល់នឹងការចំណាយថ្លៃដើមខ្ពស់។ យ៉ាងណាក៏ដោយចុះ ដើម្បីដោះស្រាយការកើនឡើងតម្លៃនៃការរស់នៅ រដ្ឋាភិបាលជប៉ុននៅថ្ងៃទី ២៨ ខែតុលា បានប្រកាសនូវវិធានការកញ្ចប់ថវិកាប្រមាណ ២០០ពាន់លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាទំនិញ និងសេវាកម្មឡើងថ្លៃនេះ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចផងដែរ ដោយថវិកានេះ គឺបានមកពីកញ្ចប់ថវិកាបន្ថែមរបស់រាជរដ្ឋាភិបាល។
នៅក្នុងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ដែលបានប្រកាសដាក់ចេញដោយលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នេះ នឹងរួមមានបញ្ចូលនៅការផ្ដល់ឧបត្ថម្ភធនសម្រាប់ការប្រើប្រាស់អគ្គិសនី និងហ្គាសរបស់ពលរដ្ឋរដ្ឋ និងម្ចាស់អាជីវកម្មផងដែរ ដោយវានឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមករាឆ្នាំ២០២៣។
ការបញ្ចេញកញ្ចប់ថវិកាជំនួយនេះ កើតឡើងនៅចំពេល ដែលប្រទេសជប៉ុនកំពុងរងសម្ពាធអតិផរណា ដោយសារតម្លៃកាន់តែខ្ពស់សម្រាប់ថាមពល និងអាហារនាំចូល។
សម្រាប់ខែតុលា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់នៅទីក្រុងតូក្យូបានកើនឡើង ៣,៤% ធៀបនឹងឆ្នាំមុនហើយបានកើនឡើងពី ២,៨%កាលពីខែកញ្ញា។ ទ័ន្នន័យខែតុលា គឺជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៨៩មក។ នេះបើយោងតាមស្ថិតិពីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ជប៉ុន។
ដោយឡែកក្រៅពីតម្លៃទំនិញទូទៅ តម្លៃអគ្គិសនីបានកើនឡើងជិត ២៧% ខណៈតម្លៃគ្រាប់ធញ្ញជាតិកើនឡើង ជាង១០% និងសាច់ជ្រូកនាំចូលបានកើនឡើង ៧,៤% ។ ដូចប្រទេសជាច្រើនក្នុងសកលលោកដែរ ប្រទេសជប៉ុនបានទទួលរងសម្ពាធកើនឡើងលើតម្លៃអាហារ និងថាមពល បន្ទាប់ពីរុស្ស៊ីចូលឈ្លានពានលើអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។
នៅក្នុងខែតុលាដដែលនេះ ទំនិញនិងម្ហូបអាហារជាង ៦៧០០មុខទំនិញសុទ្ធតែបានឡើងថ្លៃ។ ក្រុមហ៊ុនក្នុងស្រុកជាច្រើនបានសន្មតថា ការឡើងថ្លៃនេះ ដោយសារតែប្រាក់យ៉េនធ្លាក់ចុះទន់ខ្សោយពេក ដែលជំរុញឱ្យតម្លៃនៃការនាំចូលវត្ថុធាតុដើមកើនឡើង។ គួរបញ្ជាក់ថា រូបិយបណ្ណជប៉ុនបានធ្លាក់ចុះដល់តម្លៃជាង ១៥១យ៉េន ទើបប្ដូរបាន១ដុល្លារអាមេរិក ដែលនេះជាកម្រិតទាបខ្លាំងណាស់ក្នុងរយៈពេល៣២ឆ្នាំចុងក្រោយ។
រហូតមកដល់ពេលនេះ ទោះបីជាប្រាក់យ៉េនធ្លាក់ចុះខ្លាំងក៏ធនាគារកណ្តាលជប៉ុន មិនព្រមកែសម្រួលគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដើម្បីដោះស្រាយដែរ និងបើទោះបីជាធនាគារកណ្តាលនៅជុំវិញពិភពលោកកំពុងដំឡើងអត្រាការប្រាក់ ជាវិធានការទប់ទល់ក៏ដោយ។
អតិផរណាកំពុងក្លាយជាចំណោទដ៏លំបាកមួយសម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Kishida ដោះស្រាយ។ នៅក្នុងការស្ទង់មតិរបស់ទូរទស្សន៍ Nikkei-TV Tokyo កាលពីខែមុន អ្នកស្ទង់មតិចំនួន ៦៩% បាននិយាយថា វិធានការរបស់រដ្ឋាភិបាល និងធនាគារកណ្តាល ប្រឆាំងនឹងការកើនឡើងអតិផរណា គឺមិនគ្រប់គ្រាន់ និងគ្មានប្រសិទ្ធភាពទេ៕