ក្រុហ៊ុនសេវាប្រេងឥន្ធនៈសម្រាប់វិស័យអាកាសចរណ៍ BAFS ដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនក្នុងប្រទេសថៃ មានផ្តល់សេវាចាក់ប្រេងឥន្ធនៈនៅអាកាសយានដ្ឋានចំនួនប្រាំក្នុងប្រទេសថៃ គឺអាកាសយានដ្ឋាន ដនមឿង សុវណ្ណភូមិ សាមុយ សុខោទ័យ និងអាកាសយានដ្ឋាត្រាត។ ទោះយ៉ាងណា បើតាមក្រុមហ៊ុនដដែលនេះបានឱ្យដឹងថា ទស្សនវិស័យនៅឆ្នាំក្រោយសម្រាប់តម្រូវការប្រេងចាក់យន្ដហោះនេះ នៅតែអាចមានចំនួនតិចជាងកាលពីមុនការរាតត្បាតជំងឺកូវីដ១៩ ដែលមានចំនួនជាង ៦ ពាន់លានលីត្រក្នុងមួយឆ្នាំ ឬស្មើនឹង១៧លានលីត្រក្នុងមួយថ្ងៃ។
តម្រូវការប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រទេសថៃបានរងគ្រោះដោយសារជំងឺកូវីដ១៩ ដែលចាំបាច់ត្រូវដាក់កម្រិតលើការធ្វើដំណើរតាមផ្លូវអាកាស ដើម្បីទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ។ ផ្ទុយទៅវិញ ឥឡូវនេះវិធានការកូវីដក្នុងប្រទេសថៃត្រូវបានបន្ធូរបន្ថយ ខណៈដែលប្រទេសជាច្រើនបានបើកដំណើរការឡើងវិញផងដែរ។
លោក ណាថាស៊ីត ឌីស្គូល (ML Nathasit Diskul) ប្រធានក្រុមហ៊ុនប្រេងឥន្ធនៈសម្រាប់វិស័យអាកាសចរណ៍បាងកក (BAFS) បាននិយាយថា «ប្រទេសចិននៅតែអនុវត្តគោលនយោបាយសូន្យកូវីដ ខណៈដែលប្រទេសនេះនៅតែមិនទាន់បានបើកដំណើរការឡើងវិញពេញលេញនៅឡើយ»។ ទោះជាយ៉ាងណា លោកមានទំនុកចិត្តថាវានឹងមានភាពល្អប្រសើរឡើងវិញនៅឆ្នាំក្រោយ។
បើតាមអង្គការទេសចរណ៍ពិភពលោក បានអះអាងនៅក្នុងខែវិច្ឆិកានេះថា វិស័យទេសចរណ៍អន្តរជាតិ នឹងស្ទុះងើបឡើងដល់អត្រា ៦៥% នៃកម្រិតមុនពេលមានកូវីដ១៩ គិតនៅដំណាច់ឆ្នាំ២០២២ ខណៈដែលវិស័យនេះ បានរលាស់ខ្លួនចេញពីវិបត្តិកូវីដ១៩ដ៏អាក្រក់មិនធ្លាប់មាន។ តាមប៉ាន់ប្រមាណរបស់អង្គការទេសចរណ៍ពិភពលោក ត្រឹមតែរយៈពេល៩ខែឆ្នាំ២០២២ មានភ្ញៀវទេសចរធ្វើដំណើរកម្សាន្ដជាអន្តរជាតិសរុប៧០០លាននាក់ កើនឡើង១៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទ្វីបអឺរ៉ុប គឺជាតំបន់ដែលនាំមុខគេនៃការងើបឡើងវិញនៃទេសចរណ៍អន្តរជាតិ ដោយតំបន់នេះ ទទួលបានទេសចរអន្តរជាតិប្រមាណ ៤៧៧លាននាក់ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២២ ពោលគឺមាន៦៨% នៃទេសចរណ៍អន្តរជាតិសរុប៕