
នៅក្នុងសន្ទរកថាបើកកិច្ចប្រជុំតាមអនឡាញ លោកចូ បៃដិន បាននិយាយថា៖ ឥលូវនេះ សេរីភាពរបស់យើងកំពុងស្ថិតក្រោមការគំរាមកំហែងពីរបបផ្តាច់ការ។ របបផ្តាច់ការដែលពីមួយថ្ងៃទៅមួយថ្ងៃ តែងព្យាយាមពង្រីកអំណាច និងឥទ្ធិពល លុបបំបាត់ភាពត្រឹមត្រូវ និងជំនួសមកវិញ ដោយការគាបសង្កត់។
ទោះបីមិនបាននិយាយចំៗទៅលើប្រទេសចិន និងប្រទេសរុស្សីក៏ដោយ ប៉ុន្តែគេអាចដឹងបានថា លោកបៃដិន ចង់សំដៅដល់ប្រទេសទាំងពីរនេះ ពិសេសប្រទេសចិនតែម្តង ដែលបច្ចុប្បន្នកំពុងពង្រីកឥទ្ធិលនៅពាសពេញពិភពលោក ហើយដែលជារឿយៗ លោកតែងចាត់ទុក ប៉េកាំង និងមូស្គូថា ជារដ្ឋផ្តាច់ការធំជាងគេក្នុងលោក។
យ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលលោកចូ បៃដិន បានរៀបចំឡើងនេះ គឺបានធ្វើឡើង នៅក្នុងកាលៈទេសៈមួយ ដែលសហរដ្ឋអាមេរិកខ្លួនឯង កំពុងតែជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ធ្លាប់តែត្រូវបានគេស្គាល់ថា ជាបិតាប្រជាធិបតេយ្យ សហរដ្ឋអាមេរិកកាលពីពេលថ្មីនេះ ត្រូវបានអង្គការអន្តរជាតិ IDEA ដាក់បញ្ចូលជាលើកដំបូងបំផុត ក្នុងបញ្ជីឈ្មោះដែលមាន ប្រជាធិបតេយ្យចុះអន់ថយ។
ពោលគឺ នៅក្រោយចាញ់ឆ្នតោ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំព្រមទាំងបក្សពួកគាំទ្រ បានប្រកាសច្រានចោលលទ្ធផលឆ្នោត នឹងបានចូលលុកលុយ វិមានរដ្ឋាភិបាល ដែលជាស្ថាប័នកំពូល នៃលទ្ធិប្រជាធិបតេយ្យអាមេរិកថែមទៀតផង កាលពីថ្ងៃមករាឆ្នាំនេះ។
សូមជម្រាបថា កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានផ្តួចផ្តើមគំនិតឡើង ដោយលោកចូ បៃដិន បានចាប់ផ្តើមចាប់ពីថ្ងៃព្រហស្បតិ៍ទី ៩ធ្នូ រហូតដល់ថ្ងៃសុក្រទី១០ធ្នូនេះ ដោយមានការចូលរួម ពីប្រទេសប្រមាណជាង១០០ប្រទេស។ ក្រៅពីនោះក៏មានដែរ ក្រុមហ៊ុនឯកជន សមាគម និងអង្គការក្រៅរដ្ឋាភិបាល ចូលរួមផងដែរ។ ដោយឡែក ចិន និង រុស្ស៊ី និងប្រទេសមួយចំនួនទៀត ក៏មិនត្រូវបានបានគេអញ្ជើញ ឲ្យចួលរួមក្នុងកិច្ចប្រជុំកំពុលនេះទេ៕