ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានរបស់ CNN ដែលបានសួរថា តើសហរដ្ឋអាមេរិកនឹងមកជួយការពារកោះតៃវ៉ាន់ដែរឬទេ នៅពេលដែលស្ថានការណ៍នយោបាយ និងយោធារវាងចិន និងកោះតៃវ៉ាន់កំពុងឡើងកំដៅដូចសព្វថ្ងៃនេះ? ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានឆ្លើយថា៖ ពិតណាស់! អាមេរិកមានការតាំងចិត្តក្នុងការធ្វើបែបនេះ។ មានន័យថា អាមេរិកនឹងការពារតៃវ៉ាន់។
យ៉ាងណាក៏ដោយ បន្ទាប់ពីការលើកឡើងរបស់លោកបៃឌិន អ្នកនាំពាក្យសេតវិមានបានចេញមកបញ្ជាក់បន្ថែមថា គោលនយោបាយការបរទេសរបស់អាមេរិកនឹងមិនមានការផ្លាស់ប្តូរនោះទេ។ ពោលគឺអាមេរិក នៅតែបន្តទំនុកបម្រុងផ្នែកយោធាដល់កោះតៃវ៉ាន់ សម្រាប់ការការពារខ្លួនដដែល។
ក្រោយការលើកឡើងរបស់លោកបៃឌិន នៅថ្ងៃសុក្រទី២២តុលានេះ ក្រសួងការបរទេសចិនឯណោះវិញ បានចេញមក ព្រមានសហរដ្ឋអាមេរិក ឲ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យសំដីរបស់ខ្លួន ជៀសវាងការបញ្ជូនសារខុស និង យល់ច្រឡំទៅកាន់កោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនបិន (Wang Wenbin) បាននិយាយទៅកាន់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនាទីក្រុងប៉េកាំងថា ប្រទេសចិននឹងមិនលើកលែងសោះឡើយ ចំពោះអ្វីក៏ដោយឲ្យតែជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ខ្លួន។
គួរជម្រាបថា ក្នុងមួយឆ្នាំៗកោះតៃវ៉ាន់ បានបញ្ជាទិញគ្រឿងៗសព្វាវុធទំនើបៗក្នុងតម្លៃរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានទាំងយន្តហោះចម្បាំងដ៏ទំនើបចុងក្រោយរបស់កងទ័ពអាកាសអាមេរិកផងដែរ។
ភាពតានតឹងផ្នែកយោធារវាងកោះតៃវ៉ាន់ នឹងប្រទេសចិនកំពុងស្ថិតក្នុងស្ថានការណ៍អាក្រក់បំផុតមួយក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។ មន្ត្រីជាន់ខ្ពស់យោធាកោះតៃវ៉ាន់ ធ្លាប់បានអះអាងថា ក្រុងប៉េកាំងជាអាចលុកលុយចូលកោះតៃវ៉ាន់ពេញទីនៅឆ្នាំ២០២៥ខាងមុខ។
ជុំវិញបញ្ហាបញ្ហាដ៏រសើបនៃកោះតៃវ៉ាន់នេះដែរ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក នូបូ គីស៊ី បានលើកឡើងកាលពីពេលថ្មីៗនេះថា ការកាន់កាប់កោះតៃវ៉ាន់ពីសំណាក់ក្រុងប៉េកាំងអាចនឹងធ្វើឡើងដូចកាលដែលរុស្សីគ្រប់គ្រងម្តងបន្តិចៗ លើតំបន់គ្រីម៉េ របស់អ៊ុយក្រែន រហូតដណ្តើមបានទាំងស្រុង ដោយមិនចាំបាច់វាយសង្គ្រប់ដោយប្រើប្រាស់កម្លាំងយោធានោះទេ។
សូមបញ្ជាក់ថា បើតាមការអះអាងចុងក្រោយបំផុតមួយរបស់ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បាននិយាយថា បញ្ហាកោះតៃវ៉ាន់ជារឿងសំខាន់បំផុតមួយសម្រាប់ក្រុងប៉េកាំង ហើយប៉េកាំងនឹងស្វែងរកការបង្រួបបង្រួមដោយសន្តិវិធីមួយជាមួយក្រុងតៃប៉ិ៕