
លោកឧកញ៉ា ចេង ខេង បានបញ្ជាក់ថា គម្រោងទីក្រុងរណបថ្មីនេះ នឹងជំរុញលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តកំពង់ចាមកាន់តែប្រសើរឡើងថែមទៀត ខណៈដែលខេត្តមួយនេះ បច្ចុប្បន្ន មានសក្ដានុពល ក្នុងការអភិវឌ្ឍ បន្ទាប់ពីរាជធានីភ្នំពេញ។
លោកឧកញ៉ា ចេង ខេង បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខេត្តកំពង់ចាម គឺជាខេត្តមួយ ដែលសម្បូរបែប ទាំងផលិតផលកសិកម្ម ដីមានជីជាតិអីហ្នឹង ខេត្តកំពង់ចាម ខ្ញុំឃើញថា ជាខេត្តល្អមែនទែន។ បើនិយាយពីប្រជាពលរដ្ឋក្នុងខេត្តនេះវិញ គឺខេត្តអ្នកមានតែម្ដង បើនិយាយទៅ ដំណាំចម្ការកៅស៊ូ ទុរេន សៅម៉ៅ ចម្ការអីហ្នឹង គឺថាកំពង់ចាម ជាខេត្តដែលលុយចូលរាល់ខែរាល់ឆ្នាំតែម្ដង។ ហើយខេត្តនេះ គឺមានសក្ដានុពល ស្ថិតនៅចំកណ្ដាលនៃដងទន្លេមេគង្គទៀត។ ដូច្នេះ វាជាឱកាសសម្រាប់ការវិនិយោគទីក្រុងរណបសម្រាប់បំពេញតម្រូវការសម្រាប់ខេត្តនេះ»។

លោកឧកញ៉ា ចេង ខេង បានអះអាងថា ក្រុមហ៊ុនលោកនឹងលក់គម្រោងទីក្រុងរណបកំពង់ចាមនេះ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ទីមួយ លើផ្ទៃដី ១៣ ហិកតា ឲ្យអស់នៅត្រឹមតែរយៈពេល១០ខែ ប៉ុណ្ណោះ ។
យោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល តម្លៃដីធ្លីនៅតាមបណ្តាខេត្តនិមួយៗគឺមិនដូចគ្នាទេ វាអាស្រ័យទៅលើទីតាំងដែលមានសក្តានុពល និងលក្ខណៈអំណោយផលប៉ុណ្ណោះពោលគឺក្នុងខេត្តកំពងចាមតម្លៃដីធ្លីថ្លៃ ២០០ ទៅ៣០០ដុល្លារមួយម៉ែត្រការ៉េ ហើយសម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន យៀក ថៃ ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ប្រព័ន្ធទឹក ភ្លើង ប្រព័ន្ធអ៊ីនធើណែតក៏មានតម្លៃប្រហាក់ប្រហែលគ្នាដែរ៕
