លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតកម្ពុជាបានអះអាងថា ការបិទខ្ទប់ភូមិរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដោយសារការរីករាតត្បាតនៃជំងឺកូវីដ-១៩ មិនបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញម្រេចកំពតនោះទេ។ ពោលគឺការនាំចេញម្រេចកំពតក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នៅតែរក្សាដំណើរការល្អប្រសើរបើធៀបនឹងឆ្នាំមុនៗ។
បើតាមលោក ងួន ឡាយ ម្រេចកំពតឆ្នាំនេះហាក់មានទីផ្សារល្អប្រសើរជាងឆ្នាំ២០២០ ដ្បិតមានក្រុមហ៊ុនធំៗជាច្រើនបានចុះកិច្ចសន្យាទិញម្រេចពីកសិករ។ ហើយតម្លៃសម្រេចគឺនៅដដែល មិនប្រែប្រួលទេ ដោយម្រេចខ្មៅ១គីឡូក្រាមលក់ចេញក្នុងតម្លៃ១៥ដុល្លារ ម្រេចក្រហម១គីឡូក្រាម២៥ដុល្លារ និងម្រេចស១គីឡូក្រាម២៨ដុល្លារ។
ប្រធានសមាគមម្រេចកំពតរូបនេះ បានគូសបញ្ជាក់បន្ថែមថា ពាក់ព័ន្ធទិន្នផលម្រេចកំពតនៅឆ្នាំនេះ ក៏មិនមានអ្វីប្រែប្រួលនោះដែរ បើធៀបនឹងឆ្នាំមុន។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទសម្រាប់អ្នកដាំម្រេចនៅឆ្នាំនេះ គឺភាពយឺតយ៉ាវក្នុងការប្រមូលផល។ ជាក់ស្តែងមកទល់ពេលនេះ ម្រេចកំពតទើបប្រមូលផលបានប្រមាណ ៥%ទៅ១០% តែប៉ុណ្ណោះ។ ភាពយឺតយ៉ាវនេះ គឺដោយសារកត្តាអាកាសធាតុមិនអំណោយ និងការពន្យាពេលដាំដុះជាដើម។
បើទោះបីជាម្រេចកំពតនៅរក្សាបានកំណើននាំចេញល្អ ក៏ពិតមែន ប៉ុន្ដែ បើមើលទៅលើការនាំចេញម្រេចជារួមក្នុងរយៈពេល៤ខែនៅក្នុង ឆ្នាំ២០២១ សម្រេចបានជាង ១ម៉ឺន៥ពាន់តោន ធ្លាក់ចុះជាង៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ផលិតផលម្រេចកម្ពុជានាំចេញទៅចំនួន ១២ប្រទេសរួមមាន ប៊ែលហ្សិក, សាធារណរដ្ឋឆេក, បារាំង, អាល្លឺម៉ង់ និងជប៉ុនជាដើម។
គួររំលឹកថា កាលពីឆ្នាំ២០២០ ការនាំចេញម្រេចកំពតសម្រេចបានប្រមាណ៧០តោន ខណៈឆ្នាំនេះសមាគមម្រេចកំពត រំពឹងថា អាចប្រមូលផលបានចន្លោះពី៩០ ទៅ១០០តោន៕