លោក កឹម សុខា បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅផ្ទះរបស់លោកថា គណបក្សសិទ្ធិមនុស្សរបស់លោក គឺបានកើតពីខ្មែរ ដោយមិនមានបរទេសណាពាក់ព័ន្ធនោះទេ។
លោក កឹម សុខា បាននិយាយដូច្នេះថា “អត់មានបរទេសណា បង្កើតជាមួយទេ រហូតដល់ខ្ញុំ មានសារនយោបាយច្បាស់លាស់ថា ពូជយើង ថ្នាលយើង ភោគផលយើង។”
លោកបាននិយាយបន្តថា ជំនួយ USAID នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលលោកធ្វើជាប្រធានកាលពីជាង១០ឆ្នាំមុននោះ គឺជាជំនួយស្របច្បាប់ ហើយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុ ជាអង្គការស្របច្បាប់ដែរ។
លោកបានអះអាងថា USAID មិនមែនផ្តល់ជំនួយឲ្យតែមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទេ គឺជួយអង្គការផ្សេងៗទៀត រួមទាំងជួយដល់ស្ថាប័នរដ្ឋាភិបាលផងដែរ។
លោក កឹម សុខា បាននិយាយថា “ដូច្នេះហើយខ្ញុំជឿជាក់ថា តុលាការនឹងផ្តល់យុត្តិធម៌ដល់ខ្ញុំ។”
លោកបានបន្តថា “បើសិនជាស្រុកខ្មែរយើងនេះចង់បង្ហាញថា តុលាការនេះគឺយើងមានការកែទម្រង់ល្អ ហើយត្រឹមត្រូវ ហើយឯករាជ្យ ហើយនឹងបង្ហាញហើយថា ការសម្រេចនេះ គឺទម្លាក់ចោលបទចោទ ពីព្រោះខ្ញុំអត់មានធ្វើខុសអី។”
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy ក៏បានអំពាវនាវផងដែរឱ្យកម្ពុជាវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យពហុបក្ស និងការគោរពសិទ្ធិមនុស្សវិញ។
លោក Patrick Murphy បាននិយាយថា ”យើងលើកទឹកចិត្តឱ្យប្រទេសកម្ពុជាវិលត្រឡប់មករកវិញ នូវមាគ៌ាប្រជាធិបតេយ្យពហុបក្ស ការគោរពសិទ្ធិមនុស្ស និងមានកន្លែងសម្រាប់សំឡេងទាំងអស់ រួមទាំងការរិះគន់និងបរិយាកាសល្អសម្រាប់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលនឹងជួយកម្ពុជា ប្រជាជនកម្ពុជា និងទំនាក់ទំនងរបស់ខ្លួនជាមួយសហគមន៍អន្ដរជាតិ៕”