នេះគឺជាការវិនិយោគថ្មីមួយប្រចាំដើមឆ្នាំ២០១៩នេះ របស់មហាសេដ្ឋី គិត ម៉េង ដែលសាធារណជនទូទៅស្គាល់យ៉ាងច្បាស់ថា ជាអ្នកជំនួញខ្មែរមួយរួប បានធ្វើការវិនិយោគគ្របដណ្ដប់លើវិស័យសំខាន់ៗជាច្រើន ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា មានដូចជា វិស័យទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ អភិវឌ្ឍអចលនទ្រព្យ ការជួញដូរទំនិញ និងកសិកម្មជាដើម។
ជុំវិញទៅនឹងការបើកសម្ពោធសាងសង់អគារភ្លោះកម្ពស់ ៦២ជាន់នេះដែរ បើតាមការអះអាងពីកញ្ញា ប៊ុន ចាន់លក្ខិណា អ្នកលក់គម្រោងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានប្រាប់សារព័ត៌មាន អេឡិចត្រូនិច ខេមបូណូមីស ថា អគារដែលមានឈ្មោះថា «Royal One» នេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ជាមួយអ្នកវិនិយោគមកពីតៃវ៉ាន់ ដែលមានកម្ពស់ ៦២ជាន់ ស្មើនឹង ២៣០ម៉ែត្រ ដោយត្រូវសាងសង់ឡើងលើផ្ទៃដីទំហំ ៤.០៣៦ម៉ែត្រការ៉េ។
«Royal One» គឺជា អគារភ្លោះប្រភេទអគារពាណិជ្ជកម្ម និងខុនដូ នឹងផុសលេចរូបរាងឡើងនៅតាមបណ្ដោយដងមហាវិថីសហព័ន្ធរុស្ស៊ី កែងគ្នារវាងនិងមហាវិថីព្រះមុនីវង្ស ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មប្រជុំដោយអគារខ្ពស់ៗដូចជា អគារកាណាឌីយ៉ា អគារវឌ្ឍនៈថៅវើរ និង អគារ Exchange Square ជាដើម។
យ៉ាងណាក៏ដោយកញ្ញា ប៊ុន ចាន់លក្ខិណា មិនអាចប្រាប់ពីទំហំទុនវិនិយោគបាននោះទេ ដោយគ្រាន់តែបញ្ជាក់ថា អគារនេះ នឹងបើកសម្ពោធសាងសង់នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ ២០១៩ ព្រឹកស្អែកនេះហើយ និង គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១។
វិស័យសំណង់នៅកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលជិត២ ទសវត្សន៍មកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចចេញលិខិតអនុញ្ញាតសាងសង់សំណង់នៅទូទាំងប្រទេស ប្រមាណជាង ៤៣.១៣៦ គម្រោង ស្មើនឹងតម្លៃទុនវិនិយោគសរុប ជាង ៤៣.៣៧០ លានដុល្លារអាមេរិក។ ក្នុងនោះ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ ជាង ១.២០០ អគារ និងលំនៅដ្ឋាន លក្ខណៈបុរីចំនួន ២៣៥ ទីតាំង។
សូមជម្រាបផងដែរថា នៅឆ្នាំ២០១៨ កន្លងមកនេះ តម្លៃទុនវិនិយោគលើវិស័យសំណង់មានការថយចុះប្រមាណជាង ១៨ភាគរយ ដែលមានតម្លៃទុនវិនិយោគត្រឹមជាង ៥ពាន់លានដុល្លារ ខណៈឆ្នាំ២០១៧ តម្លៃទុនវិនិយោគមានរហូតជាង ៦ពាន់លានដុល្លារ។ ចំណែកចំនួនគម្រោង ស្នើសុំច្បាប់សាងសង់នៅក្នុងវិស័យសំណង់ ក៏បង្ហាញពីតួរលេខថយចុះដែរ ដែលមានចំនួនគម្រោងសរុបជាង ២.៨៦៧ គម្រោង បើធៀបនឹងឆ្នាំ២០១៧ មាន៣ពាន់គម្រោង។
ក្នុងឆ្នាំ២០១៨ នោះដែរ មានសំណង់លំនៅដ្ឋានចំនួន ២.៤២០ គម្រោង ទុនវិនិយោគប្រមាណជាង ១.៨០០លានដុល្លារ ស្មើនឹងជាង ១,៨ម៉ឺនខ្នង និងគម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅនៅក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨ នេះដែរ គឺមានចំនួន ១១០អគារ ខណៈបណ្តុំលំនៅដ្ឋានលក្ខណៈបុរី មានចំនួន ២៨ទីតាំង និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ដែលបានចុះបញ្ជីមានចំនួនសរុប ៣០១ ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុនក្នុងស្រុក មាន ១៨៦ក្រុមហ៊ុន និងបរទេស ១១៥ ក្រុមហ៊ុន ពោលបើធៀបនឹងឆ្នាំ ២០១៧ មានការកើនឡើង ២៦ក្រុមហ៊ុន៕