នៅក្នុងស្ថានភាពបែបនេះ គោលនយោបាយការបរទេសរបស់ឡាវកាន់តែបង្កឲ្យមានមន្ទិលពាក់ព័ន្ធនឹងតួនាទីរបស់ចិន នៅក្នុងប្រទេស ខណៈដែល សាធារណៈជនទូទៅកំពុងតែចាប់អារម្មណ៍នឹងស្តូបនិមិត្តរូបថ្មីមួយ ដែលបានកសាងឡើងនៅបរិវេណទីលាន ប៉ាទូសៃ ដែលគេដឹងថា ជាទីលាននិមិត្តរូបនៅកណ្តាលទីក្រុងវៀងច័ន្ទ។
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានឱ្យដឹងថា បំណុលសាធារណៈរបស់ប្រទេសឡាវនៅឆ្នាំ២០២៣ នេះ មានទំហំរហូតដល់១២៣% នៃផលិតផលក្នុងស្រុកសរុប ហើយក្នុងនោះជាងពាក់កណ្តាលនៃបំណុលនេះត្រូវបានគេដឹងថា គឺជំពាក់ចិន។ បំណុលរបស់ចិនភាគច្រើនត្រូវបានផ្តល់ដល់ឡាវតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅប៉ុន្មានឆ្នាំចុងក្រោយ ពិសេសគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់រវាងប្រទេសទាំងពីរតែម្តង។ នេះបើតាមសេចក្តីរាយការណ៍មួយរបស់កាសែត Nikkei ។
ស្របពេលឡាវកំពុងស្ថិតក្នុងស្ថានភាពបែបនេះ អ្នកសេដ្ឋកិច្ចមួយចំនួនកំពុងតែសង្ស័យថា ឡាវអាចកំពុងតែស្ថិតក្នុងស្ថានភាពមួយដែលគេតែងហៅថា "អន្ទាក់ការទូតនៃបំណុល" នៅពេលដែលប្រទេសឡាវកំពុងតែតស៊ូក្នុងការទូទាត់ ក៏ដូចជាការចរចារពន្យារបំណុលរបស់ចិន ដើម្បីបិទបាំងទំហំពិតនៃវិបត្តិ។
ប្រភពដដែលបានបង្ហាញថា សក្ខីភាពមួយដែលបញ្ជាក់អំពីបញ្ហានេះ គឺការលេចចេញនូវស្តូបនិម្មិតរូបជំនួយចិន (ChinaAid ) មួយត្រូវបានគេកសាងឡើងនៅក្នុងបរិវេណនៃទីលាន ប៉ាទូសៃ ក្នុងទីក្រុងវៀងចន្ទ ដែលទីនោះគេដឹងថា បានកសាងឡើង ដើម្បីជានិម្មិតរូបរំលឹកដល់ វីរៈភាព និងការតស៊ូរំដោះប្រទេសពីអាណានិគមនិយមបារាំង។ មកដល់ពេលនេះការបញ្ចេញយោបល់ និងទស្សនៈកំពុងតែផុលផុសនៅលើបណ្តាញសង្គមនៅក្នុងប្រទេសឡាវទាក់ទងនឹងបញ្ហានេះ។
លោកស្រី ម៉ារីហ្សា ខូរ៉េ (Mariza Cooray) អ្នកសេដ្ឋវិទូជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ឥណ្ឌូប៉ាស៊ីហ្វិក នៃវិទ្យាស្ថានមួយដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលីបាននិយាយថា កម្រិត និងតួលេខនៃបំណុលរបស់ឡាវត្រូវបានលាក់យ៉ាងជិត ហើយ លោកស្រី ពិតជាមិនដែលឃើញមានការលាក់តួរលេខបែបនេះនៅប្រទេសផ្សេងនោះទេ។
លោកស្រីបានសន្និដ្ឋានថា វិបត្តិបំណុលរបស់ឡាវ គឺអាចមានសភាពធ្ងន់ធ្ងរជាងអ្វី ដែលពិភពលោកបានដឹង ហើយនៅពេលនេះឡាវបានព្យាយាមរក្សាព័ត៌មានយ៉ាងសម្ងាត់បំផុត។ មកដល់ពេលនេះ អ្វីដែលគេបានដឹងជុំវិញបញ្ហាបំណុលរបស់ឡាវ គឺមានដូចជា គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុត ដែលផ្តល់មូលនិធិដោយចិន គឺផ្លូវដែកតម្លៃជិត៦ពាន់លានដុល្លារ ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីអំឡុងខែធ្នូ ឆ្នាំ ២០២១ ដែលតភ្ជាប់ពីទីក្រុងគុនមីងភាគខាងត្បូងប្រទេសចិនជាមួយរដ្ឋធានីវៀងច័ន្ទរបស់ឡាវ។
ការបង្កើតទំនាក់ទំនងដ៏សំខាន់មួយនៅក្នុងមហិច្ឆតាផ្លូវដែករបស់ទីក្រុងប៉េកាំងនៅអាស៊ីអាគ្នេយ៍ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ក្រុមហ៊ុនរដ្ឋរបស់ចិនកំពុងតែកាន់កាប់ចំណែកភាគហ៊ុនប្រមាណជា៧០ភាគរយ នៅក្នុងគម្រោងផ្លូវដែកនេះ ហើយរដ្ឋាភិបាលឡាវកាន់កាប់៣០ភាគរយ ប៉ុន្តែអ្វីដែលគេដឹងគឺថា មកដល់ពេលនេះឡាវនៅជំពាក់បំណុល ចិនជិត២ពាន់លានដុល្លារ។
ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាប្រទេសនាំចេញថាមពលអគ្គិសនីក្នុងតំបន់ ឡាវក៏បានជំពាក់បំណុលគេយ៉ាងច្រើនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ខណៈដែលខ្លួនបានសាងសង់ទំនប់វារីអគ្គិសនីជាច្រើន ដែលគាំទ្រដោយបរទេសនៅតាមដងទន្លេមេគង្គ និងដៃទន្លេរបស់ខ្លួន ប៉ុន្តែនៅឆ្នាំ២០២១ នៅពេល ដែលវិបត្តិបំណុលបានអូសបន្លាយ រដ្ឋាភិបាលបានផ្តល់សិទ្ធិសម្បទានដល់ក្រុមហ៊ុនមួយ ដែលជាក្រុមហ៊ុនទើបបង្កើតថ្មី ដែលមានជនជាតិចិនកាន់កាប់ ហើយគ្រប់គ្រងសម្បទានអគ្គីសនីរហូតដល់ទៅ២៥ឆ្នាំ។
លោក គៀរិន ស៊ីម ( Kearrin Sims ) អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ James Cook ក្នុងប្រទេសអូស្ត្រាលីបាននិយាយថា ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ ដោយរដ្ឋាភិបាលក្នុងការស្វែងរកគម្រោងទាំងនេះអាចបណ្តាលឲ្យមានបញ្ហាលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
យោងតាមសិ្ថតិរបស់ធនាគារអភិវឌ្ឈន៍អាស៊ី នៅឆ្នាំ២០២៣ ឡាវមានអត្រាផលិតផលក្នុងស្រុកសរុបប្រមាណជាង១៤ពាន់លានដុល្លារ ប៉ុន្តែដើម្បីទូទាត់សម្រាប់គម្រោងទាំងនេះ រដ្ឋាភិបាលឡាវ ត្រូវប្រឈមនឹងការទូទាត់សេវាបំណុលសាធារណៈប្រចាំឆ្នាំជាមធ្យមចំនួន១,២ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេល៥ឆ្នាំខាងមុខ៕
ដោយៈ សរ សុជាតិ