អភិបាលខេត្តកំពង់ស្ពឺបានសារទចំពោះការអនុម័តគម្រោងរោងចក្រនេះ ដោយវាជាផ្នែកមួយបង្កើតឱកាសការងារជូនពលរដ្ឋក្នុងខេត្តនេះ ខណៈដែលបច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានគម្រោងវិនិយោគសរុប ២៣៤ សហគ្រាស ហើយក្រៅតែពីរោងក្រកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង ខេត្តដែលស្ថិតនៅក្បែរនឹងរាជធានីភ្នំពេញមួយនេះ ក៏មានរោងចក្រកែច្នៃផ្លែឈើនេះសរុបចំនួន១២រោងចក្រផងដែរ។
គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ តម្លៃជាង១១លានដុល្លារអាមេរិក ដែលទើបត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័តនេះ មានតាំងស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ១៥៤នាក់។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានសម្ដែងការសារទរចំពោះការវិនិយោគនេះ ដោយឯកឧត្តម បញ្ជាក់ប្រាប់ខេមបូណូមីសថា ការវិនិយោគរោងចក្រកែច្នៃផ្លែឈើថ្មីៗនេះ នឹងជួយបង្កើនឱកាសការងារបន្ថែម ដល់ពលរដ្ឋខេត្តកំពង់ស្ពឺ ក៏ដូចជា ជំរុញទីផ្សារកសិផល ក្នុងខេត្តផងដែរ។ អភិបាលខេត្តកំពង់ស្ពឺ រូបនេះ បានអះអាងថា កត្តាដែលធ្វើឱ្យក្រុមអ្នកវិនិយោគ ចាប់អារម្មណ៍មកវិនិយោគ ក្នុងខេត្តកំពង់ស្ពឺ ព្រោះជាខេត្តក្បែររាជធានីភ្នំពេញ មានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៅក្បែរតំបន់កំពង់ផែ ខេត្តព្រះសីហនុ និងមានសក្ដានុពលផ្នែកកសិកម្មផង។
បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានគម្រោងវិនិយោគសរុប ២៣៤សហគ្រាស។ ដោយឡែក រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានចំនួន ១៥៣កន្លែង និងមានរោងចក្រកែច្នៃផ្លែឈើសរុបចំនួន ១២កន្លែង។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម វ៉ី សំណាង។
ទាក់ទងនឹងការវិនិយោគរោងចក្រកែច្នៃផ្លែឈើនេះដែរ លោក សារ ចំរើន ប្រធានសហគមន៍មៀនប៉ៃលិន បានលើកឡើងថា ការបង្កើតរោងចក្រកែច្នៃផ្លែឈើ ជារឿងល្អក៏ពិតមែន តែលោកយល់ថា ការបង្កើតរោងចក្រកែច្នៃផ្លែឈើ មិនមែនជាកិច្ចការងាយស្រួលនោះទេ គឺត្រូវការពេលវេលា និងធនធាន។ ប្រធានសហគមន៍រូបនេះ បញ្ជាក់ថា ការងារកែច្នៃកសិផល តម្រូវលើកសិផលណា ដែលមានគុណភាពទាប ប៉ុណ្ណោះយកមកកែច្នៃ មិនមែនយកកសិផលដែលមានគុណភាពខ្ពស់នោះទេ។ ត្រង់ចំណុចនេះ លោក សារ ចំរើន ចង់បញ្ជាក់ថា ការបង្កើតរោងចក្រកែច្នៃ មិនចេះតែបង្កើតនោះទេ គឺត្រូវសិក្សាពីទីផ្សារជាមុន ថាទីផ្សារត្រូវការផលិតស្រស់ និងផលិតផលដែលមានការកែច្នៃ។
សូមបញ្ជាក់ថា បើតាមតួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅរយៈពេល៦ខែដំបូងនៅឆ្នាំ២០២១ គម្រោងដែលត្រូវបានអនុម័តមានចំនួន៧០គម្រោង ដោយមានតម្លៃទុនវិនិយោគជាង២ពាន់៤រយលានដុល្លារអាមេរិក ដែលភាគច្រនជាគម្រោងវិនិយោគនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតផលធ្វើដំណើរ និងគ្រឿងបង្គុំអគ្គិសនីជាដើម៕អត្ថបទ៖ ខន ណារី