ជុំវិញបញ្ហានេះ ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុកបានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ កំណត់តម្លៃជ្រូករស់ឲ្យបានត្រឹមត្រូវ និងមានស្ថិរភាព ក៏ដូចជាទប់ស្កាត់កុំឲ្យតម្លៃជ្រូករស់ធ្លាក់ចុះក្រោមថ្លៃដើមផលិត ជាពិសេសទប់ស្កាត់ការនាំចូលសាច់ជ្រូកបង្កកពីខាងក្រៅ ដើម្បីលើកកម្ពស់វិស័យចិញ្ចឹមជ្រូកក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។
ក្រុមអ្នកប្រកបរបរចិញ្ចឹមជ្រូកក្នុងស្រុកទាំងចិញ្ចឹមខ្នាតធំ និងលក្ខណៈគ្រួសារ នៅតែរអ៊ូរទាំពីការធ្លាក់ចុះនៃតម្លៃជ្រូករស់ក្នុងស្រុក ដែលមកទល់ពេលនេះមិនទាន់មានភាពល្អប្រសើរឡើងវិញ ដែលអាចឲ្យកសិករទទួលបានផលចំណេញពីរបរនេះនៅឡើយទេ។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាអ្នកចិញ្ចឹមជ្រូកខ្នាតធំក្នុងស្រុកមួយរូបកត់សម្គាល់ឃើញថា កត្តាដែលធ្វើឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុកនៅតែប្រឈមនឹងការខាតបង់ក្នុងខ្សែចង្វាក់ផលិតកម្មនេះ គឺដោយសារតែទីផ្សារជ្រូករស់មានតម្លៃទាប ប៉ុន្តែថ្លៃដើមផលិតវិញហាក់មានតម្លៃខ្ពស់។
បើតាមអ្នកជំនាញក្នុងវិស័យកសិកម្មចាស់វស្សារូបនេះ បច្ចុប្បន្ន កសិករត្រូវចំណាយលើថ្លៃផលិតជាមធ្យម៨ពាន់រៀល ខណៈតម្លៃជ្រូករស់ ដែលកសិករទទួលបានគឺប្រមាណ៨ពាន់រៀលក្នុង១គីឡូក្រាម។ បើតាមមការវាយតម្លៃរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី មកទល់ពេលនេះកសិករចិញ្ចឹមជ្រូកខ្នាតតូចស្ទើទាំងអស់បានរងការខាតបង់ និងការក្ស័យធនក្នុងរបរចិញ្ចឹមជ្រូកនេះ ខណៈអ្នកចិញ្ចឹមខ្នាមធ្យមមួយចំនួនធំកំពុងប្រឈមមុខនឹងការក្ស័យធនផងដែរ។ ក្រៅពីតម្លៃជ្រូកធ្លាក់ថ្លៃ កត្តាដែលធ្វើឱ្យប្រជាកសិករប្រឈមខ្ពស់ក្នុងការខាត់បង់មួយទៀតនោះ គឺថ្លៃដើមផលិតត្រូវចំណាយខ្ពស់ តួយ៉ាងនៅពេលនេះវត្ថុធាតុដើមកសិផលសម្រាប់យកមកផលិតជាចំណីឡើងថ្លៃខ្ពស់ ប៉ុន្តែសាច់ជ្រូកដែលកសិករចិញ្ចឹមបានបែជាមានតម្លៃថោកទៅវិញ។
នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដោយបានបន្ថែមថា នៅក្នុងកសិដ្ឋានរបស់លោកផ្ទាល់ ការចំណាយលើថ្លៃដើមផលិតអស់ក្នុងរង្វង់ជាង៨ពាន់រៀលទៅហើយ ក៏ប៉ុន្តែសម្រាប់តម្លៃជ្រូករស់ ដែលលក់បានមកវិញនោះ គឺមានតម្លៃត្រឹមតែក្រោម៨ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។
ដោយឡែក លោក មិច ពុទ្ធា អ្នកចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ បានរអ៊ូរទាំពីការធ្លាក់ចុះនូវតម្លៃជ្រូករស់ក្នុងស្រុក ដែលបានអូសបន្លាយអស់រយៈពេល២ឆ្នាំកន្លង មកនេះ ថាមិនទាន់បង្ហាញសញ្ញាណវិជ្ជមានឡើងវិញនៅឡើយទេ។ ខណៈកសិករភាគច្រើនបាន និងកំពុងប្រឈមខ្លាំងនឹងការខាតដើមទុនពីវិស័យចិញ្ចឹមជ្រូក ដែលធ្វើឲ្យកសិករមួយចំនួនសម្រេចចិត្តផ្អាកការចិញ្ចឹម ឬបោះបង់ការចិញ្ចឹមជ្រូករបស់ខ្លួនថែមទៀតផង។ សម្រាប់លោក មិច ពុទ្ធា បន្ទាប់ពីវិស័យចិញ្ចឹមជ្រូកនៅកម្ពុជាបានរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិកូវីដ-១៩ និងបានធ្វើឲ្យតម្លៃជ្រូករស់ធ្លាក់ចុះយ៉ាងគំហុក លោកបានកាត់បន្ថយការចិញ្ចឹមជ្រូកស្ទើតែពាក់កណ្ដាលឯណោះ។ បើតាមអ្នកចិញ្ចឹមជ្រូកនៅពោធិ៍សាត់រូបនេះ កត្តាដែលធ្វើឲ្យលោកកាត់បន្ថយការចិញ្ចឹមជ្រូកពីជ្រូកមេ៦០ក្បាល មកនៅត្រឹម ៣០ក្បាល ជាមួយជ្រូកសាច់ប្រមាណ២០០ក្បាល គឺដោយសារតែនៅមួយរយៈចុងក្រោយនេះ តម្លៃជ្រូករស់ធ្លាក់ចុះយ៉ាងគំហុក ខណៈថ្លៃដើមផលិតនៅតែខ្ពស់។ ជាក់ស្ដែងបច្ចុប្បន្នតម្លៃជ្រូករស់នៅខេត្តពោធិ៍សាត់ អាចលក់បានចន្លោះ៧ពាន់រៀលទៅ៧ពាន់៥រយរៀលក្នុង១គីឡូក្រាម ហើយថ្លៃដើមផលិតវិញមានរហូត៨ពាន់រៀលក្នុង១គីឡូក្រាម។
ជុំវិញបញ្ហានេះ លោក រស់ ឆាំងគី អ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វ កត់សម្គាល់ឃើញថា តម្លៃជ្រូករស់បច្ចុប្បន្នអាចលក់ចេញចន្លោះពី៧ពាន់រៀល ទៅ៧ពាន់៥រយរៀលក្នុង១គីឡូក្រាម ទៅតាមតំបន់ ហើយតម្លៃនេះ មិនអាចឲ្យកសិករចិញ្ចឹមជ្រូកទទួលបានផលចំណេញនោះឡើយ។ បើតាមអ្នកជំនាញរូបនេះ ការធ្លាក់ចុះនៃតម្លៃជ្រូករស់ក្នុងស្រុកនេះ មិនមែនជាបញ្ហាថ្មីឡើយ ដែលអ្នកចិញ្ចឹមជ្រូកក្នុងស្រុកជួបប្រឈម។ កត្តានេះបានធ្វើឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុកភាគច្រើន សម្រេចចិត្តបោះបង់ការចិញ្ចឹមរបស់ខ្លួន ដែលធ្វើឲ្យវិស័យចិញ្ចឹមជ្រូកក្នុងស្រុកហាក់មានការធ្លាក់ចុះនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសការចិញ្ចឹមជ្រូកបែបលក្ខណៈគ្រួសារតែម្ដង។ ជុំវិញបញ្ហានេះ លោក រស់ ឆាំងគី បានស្នើឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ដើម្បីដោះស្រាយ និងទប់ស្កាត់នូវរំហូរសាច់បង្កកពីក្រៅប្រទេស ជាពិសេសជួយកំណត់តម្លៃ និងទប់ស្កាត់កុំឲ្យតម្លៃជ្រូករស់ធ្លាក់ក្រោមថ្លៃដើមផលិត ដើម្បីធ្វើយ៉ាងណាជួយទ្រទ្រង់ដល់កសិករចិញ្ចឹមជ្រូកនៅក្នុងស្រុកឱ្យមានស្ថានភាពល្អប្រសើឡើងវិញ។
យ៉ាងណាក៏ដោយអ្នកឧកញ៉ ម៉ុង ឬទ្ធី ក៏បានលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុកកុំឲ្យមានការបាក់ទឹកចិត្ត និងបោះបង់ការចិញ្ចឹមជ្រូក ព្រោះថាជាធម្មតាមេឃតែងតែមានរាំងមានភ្លៀង របររកស៊ីតែងតែមានខាត មានចំណេញ គ្រប់មុខទំនិញនៅលើពិភពលោក តែងតែមានតម្លៃឡើង ហើយក៏ត្រូវតែមានពេលចុះថ្លៃផងដែរ។ ត្រង់ចំណុចនេះ លោកបានពន្យល់ថា ដូច្នេះក្នុងនាមជាអ្នកចិញ្ចឹមជ្រូកត្រូវតែបន្តរួមដៃគ្នាតស៊ូតទៅមុខទៀត និងសូមកុំអាលអស់សង្ឃឹមក្នុងជីវិតជាអ្នកប្រកបមុខរបររកស៊ីលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំនិងចិញ្ចឹមឲ្យសោះ។ បើតាមអ្នកជំនាញកសិកម្មចាស់វស្សារូបនេះ តម្លៃជ្រូករស់ បានហក់ឡើងប្រមាណជា ២ដុល្លារសហរដ្ឋអាមេរិកក្នុង១គីឡូក្រាមវិញ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕