អ្នកជំនាញបានមើលឃើញថា តំបន់ភ្នំពេញថ្មី ដែលស្ថិតនៅក្នុងខណ្ឌសែនសុខនេះ បាននិងកំពុងវិវឌ្ឍខ្លួនទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មយ៉ាងមមាញឹក។
មិនត្រឹមតែគម្រោងលំនៅដ្ឋានបាននិងកំពុងសម្រុកសាងសង់យ៉ាងស្អេកស្កះនោះទេ ថ្មីនេះៗ គម្រោងផ្សារទំនើបធំៗក៏បាននិងកំពុងសាងសង់ឡើងផងដែរ តួយ៉ាង ផ្សារទំនើបលក់ទំនិញបោះដុំដ៏ធំរបស់ Makro ក៏បានបើកដំណើរ ខណៈដែលផ្សារទំនើប AEON 2 របស់ជប៉ុន ដែលមានទំហំធំជាងផ្សារទំនើប AEON ទី១ ជិត ២ដងនោះ ក៏កំពុងសាងសង់ជិតរួចរាល់ហើយដែរ។
ទន្ទឹមនឹងនោះដែរ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ ដ៏ធំជាងគេមួយនៅតំបន់នោះ ក៏គ្រោងនឹងបើកដំណើរការឆាប់ៗនេះផងដែរ ដែលមានទំហំផ្ទៃដីរហូតដល់ ៥ម៉ឺនម៉ែត្រការ៉េ។ គម្រោងអគារសម្រាប់ជួលដល់ការប្រារព្ធកម្មវិធីផ្សេងៗ ពិសេស កម្មវិធីមង្គលការនេះ ត្រូវបានដឹងថា បានវិនិយោគដោយក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានចំណាយទុនវិនិយោគរាប់សិបលានដុល្លារ។ នេះបើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន។
លោកឧកញ៉ា សេង ញ៉ក់ នាយកគ្រប់គ្រងក្រុមហ៊ុន LYP Group បានលើកឡើងថា គម្រោងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ សែនសុខ នេះ នឹងបើកឲ្យអ្នកដែលត្រូវប្រារព្ធពិធីនានា អាចធ្វើការកក់ទុក ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នេះតទៅហើយ ដែលការកក់នេះគឺសម្រាប់កម្មវិធីដែលគ្រោងនឹងធ្វើនៅក្រោយថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុណ្ណោះ ខណៈដែលគម្រោងនេះ កំពុងស្ថិតនៅក្នុងការសាងសង់ជិតរួចរាល់ជាស្ថាពរហើយ។
លោកឧកញ៉ា បន្ថែមថា អគារសម្រាប់ជួលសម្រាប់កម្មវិធី ពិសេស ពិធីរៀបអាពាហ៍ពិពាហ៍នេះ នឹងត្រូវបានរចនាឡើង តាមបែបរចនាបថបស្ចិមប្រទេស ដែលមានបន្ទប់ចំនួន៧ ហើយក្នុងមួយបន្ទប់ អាចដាក់តុការសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍បានចាប់ពី៥០តុការ ឡើងទៅ ហើយបើរំលាយបន្ទប់ចូលគ្នាទាំង៧បន្ទប់នោះ នឹងអាចដាក់បានរហូតដល់៥០០តុការ ស្មើនឹងចំនួនមនុស្ស ៥០០០នាក់ និងមានទីធ្លាចតយានយន្ដបានរហូតដល់ ១២០០គ្រឿង។
លោកឧកញ៉ា សេង ញ៉ក់ បានបញ្ជាក់បន្ថែមទៀតថា ស្ថិតនៅជាប់គ្នានោះដែរ ក្រុមហ៊ុន LYP Group ក៏បានបោះទុនសាងសង់គម្រោងលំនៅដ្ឋានប្រភេទផ្ទះហាង (Shophouse) ដឹ ព្រេមៀ លែន (The Premier Land) ដែលនៅជាប់ផ្សារទំនើប AEON 2 ដែលកំពុងសាងសង់ និងស្ថិតនៅផ្លូវតែមួយនៃផ្សារទំនើប Makro ផងដែរ។
បើតាមអ្នកគ្រប់គ្រងគម្រោង The Premier Land លោក មាន សំអុល បានគូសបញ្ជាក់ថា គម្រោងនេះត្រូវបានវិនិយោគ និងសាងសង់ជាបីដំណាក់កាល ខណៈដែលដំណាក់កាលទី១ត្រូវបានលក់អស់ហើយ និងកំពុងបុកគ្រឹះសាងសង់ រីឯដំណាក់កាលទី២ ទើបតែបានបើកលក់ថ្មីៗនេះ។ ប្រសិនបើគម្រោងទី២នេះ បានជោគជ័យ នោះក្រុមហ៊ុននឹងបើកលក់គម្រោងទី៣នៅពេលឆាប់ៗខាងមុខនេះដែរ។
លោក មាន សំអុល បានគូសបញ្ជាក់ថា ចំពោះតម្លៃផ្ទះនៅក្នុងគម្រោង The Premier Land នេះ មានចាប់ពីជាង ៣០ម៉ឺនដុល្លារឡើងទៅ ខណៈដែលគម្រោងក្នុងដំណាក់កាលនីមួយៗមានលំនៅដ្ឋានប្រមាណ ១០០ខ្នង ដែលមានផ្ទះកម្ពស់រហូតដល់៤ជាន់កន្លះ ពោលគឺគិតជាទឹកប្រាក់សរុបនៃមួយដំណាក់កាលរបស់គម្រោងនេះ មានប្រមាណលើសពី ៣០លានដុល្លារអាមេរិក។
ឯកឧត្តម បណ្ឌិត អៀង អូននី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងដែរថា ការអភិវឌ្ឍក្នុងតំបន់ភ្នំពេញបាននិងកំពុងធ្វើឲ្យតំបន់នេះ កាន់តែមានសក្ដានុពលខ្លាំងឡើង ហើយវាក៏ស្ថិតនៅក្រោមគោលនយោបាយអភិវឌ្ឍទីក្រុងរបស់រាជរដ្ឋាភិបាលផងដែរ។ មិនតែប៉ុណ្ណោះ គម្រោងទាំងពីរ គឺ The Premier Land និង មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ សែនសុខ នេះ នឹងជាចំណែកមួយជួយសម្រួលដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងតំបន់កណ្ដាលក្រុងបានមួយកម្រិតផងដែរ។
យ៉ាងណាក៏ដោយ ឯកឧត្តមក៏សង្ឃឹមថា ក្រុមហ៊ុនអភិវឌ្ឍនឹងគោរពទៅតាមគោលការណ៍អភិវឌ្ឍន៍ ដោយគិតគូរពីបញ្ហាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ពិសេស គឺប្រព័ន្ធលំហូរទឹកស្អុយ ត្រូវធ្វើឡើងឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបញ្ហាទៅថ្ងៃក្រោយ។
សូមជម្រាបថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ សម្រាប់ជួលក្នុងការប្រារព្ធកម្មវិធីផ្សេងៗ ពិសេស ពិធីមង្គលការ ដែលមានទីតាំងធំទូលាយនៅរាជធានីភ្នំពេញ គឺមានតែនៅកោះពេជ្រមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការវិនិយោគ និងគ្រប់គ្រងដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។
ប៉ុន្ដែ កាលពីពេលកន្លងទៅ ក៏ធ្លាប់មានលេចឮដំណឹងថា អាជ្ញាធរគ្រោងនឹងលែងអនុញ្ញាតឲ្យមជ្ឈមណ្ឌលនេះ ជួលសម្រាប់ការរៀបចំអាពាហ៍ពិពាហ៍តទៅទៀតហើយ ដោយតម្រូវឲ្យមានការសាងថ្មីមជ្ឈមណ្ឌលនេះ នៅតំបន់ជាយទីក្រុងថ្មីមួយទៀត គឺស្ថិតនៅតំបន់ជ្រោយចង្វារ ដែលជាការវិនិយោគដោយក្រុមហ៊ុន OCIC ដែរ។
យ៉ាងណាក៏ដោយចុះ វត្តមានរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ សែនសុខ នៅក្បែរ AEON 2 ដែលត្រៀមនឹងបើកដំណើរការនេះ ក៏នឹងក្លាយជាចំណែកមួយជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅកណ្ដាលក្រុងបានមួយផ្នែកផងដែរ នៅពេលមានកម្មវិធីម្ដងៗ៕