នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា តាមការត្រួតពិនិត្យចាប់តាំងពីដើមឆ្នាំ២០១៩ មកឃើញថា កសិករសមាគម និងក្រុមហ៊ុនចិញ្ចឹមមាន់នៅកម្ពុជាបានជួបប្រទះនឹងបញ្ហាធ្លាក់ថ្លៃមាន់រស់យ៉ាងគំហុក ពោលគឺថ្លៃដើមផលិតក្នុងមួយគីឡូក្រាម ចំណាយអស់៥.០០០រៀលទៅហើយ តែចំពោះការលក់ចេញមាន់រស់វិញ មានតម្លៃតែ៤.៨០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
ដោយមើលឃើញពីសហភាពការណ៍យ៉ាងដូច្នេះ ក្រសួងកសិកម្ម បានសម្រេចកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ពីបរទេសមកកម្ពុជា ពីចំនួន១៣ ក្រុមហ៊ុន មកនៅត្រឹម៧ ក្រុមហ៊ុនវិញ ដែលចំនួននេះ បានធ្វើឲ្យចំនួនមាន់រស់នាំចូលបានថយចុះពី៤,៤ម៉ឺនក្បាលក្នុងមួយថ្ងៃ មកនៅត្រឹម១,៧ម៉ឺនក្បាលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
ក្រសួងកសិកម្មបានគូសបញ្ជាក់ទៀតថា ក្រោយពីមានការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់ពីបរទេស បានធ្វើឲ្យតម្លៃមាន់មានការកើនឡើងល្អប្រសើរជាងមុន និងបង្កើនទីផ្សារជូនអ្នកចិញ្ចឹមមាន់ក្នុងស្រុក ពោលគឺតម្លៃមាន់ បានកើនឡើងមកដល់ចន្លោះពី ៦.៩០០រៀល ទៅ៧.៤០០ រៀលក្នុងមួយគីឡូក្រាម ។ មិនតែប៉ុណ្ណោះ ការកាត់បន្ថយការនាំចូលមាន់រស់ពីបរទេសនេះ ក៏ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩ -២០២៣ ដែលបានកំណត់អត្រាកំណើនផលិតផលសាច់មាន់កើន ៣% ក្នុងមួយឆ្នាំ ផងដែរ។
ជាមួយគ្នានេះដែរ លោក ភឺ ចិត្រា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ និងទា នៅខេត្តកំពង់ចាម បានបញ្ជាក់ដែរថា សម្រាប់កសិករ ដែលចង់ចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ដោយមិនចាំបាច់ភ័យព្រួយពីរឿងទីផ្សារ កសិករគួរតែផ្ដោតទៅលើការចិញ្ចឹមមាន់ស្រែ និងបញ្ចេញលក់ទៅតាមរដូវកាល ដូចជាថ្ងៃបុណ្យទានសំខាន់ៗ ដូចជាភ្ជុំបិណ្ឌជាដើម សែនក្បាលទឹក ថ្ងៃបុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរជាដើម។ ម្ចាស់កសិដ្ឋានរូបនេះ បានបន្ថែមទៀតថា មាន់ស្រែ គឺមានតម្រូវការខ្ពស់ និងតម្លៃក៏លក់បានថ្លៃផងដែរ៕