ក្រសួងកសិកម្ម បានចេញលិខិតឆ្លើយតបមួយ ដែលបានចេញកាលពីថ្ងៃទី៣០ មេសាបានបង្ហាញថា ថ្មីៗនេះសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានរាយការណ៍ និងផ្សព្វផ្សាយព័ត៌មានបំផ្លើសខុសការពិត ដោយចោទប្រកាន់ក្រសួងកសិកម្មថា បានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនមួយធ្វើការនាំចូលជ្រូកពីប្រទេសថៃ មកផ្គត់ផ្គង់នៅក្នុងទីផ្សារកម្ពុជា។
ឆ្លើយតបចំពោះ ការចោទប្រកាន់នេះដែរ ក្រសួងកសិកម្មបានបញ្ជាក់ថា ក្រសួងបានធ្វើបច្ចុប្បន្នភាពនៃតម្រូវការក្នុងស្រុក និងបរិមាណនៃការនាំចូល ហើយក៏បានសម្រេចកាត់បន្ថយការនាំចូលជ្រូកប្រមាណជា ៧០% ពីគ្រប់ក្រុមហ៊ុនស្របច្បាប់ទាំងអស់ស្មើៗគ្នា ព្រមទាំងពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ចលនាសត្វខុសច្បាប់ផងដែរ។ ម្យ៉ាងវិញទៀត ក្រសួងបានណែនាំដល់ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតឲ្យនាំចូលជ្រូក មិនឲ្យលក់គោលការណ៍បន្តទៅឲ្យក្រុមហ៊ុនផ្សេងទេ ជៀសវាងហានិភ័យនៃជំងឺឆ្លងផ្សេងៗ បើនៅបន្ត ក្រសួងនឹងពិនិត្យ និងចាត់វិធានការតាមនីតិវិធី។
ក្នុងលិខិតដដែលបានបញ្ជាក់ថា ចំពោះករណី ដែលក្រសួងបានផ្អាកការនាំចូលជ្រូករស់ជាបណ្តោះអាសន្នរបស់ក្រុមហ៊ុនចំនួន០២ រួមមានក្រុមហ៊ុន ចាន់ធូ មានជ័យ អ៊ីមផត អ៊ិចផត និងក្រុមហ៊ុន ៣ធីអេច អេហ្គ្រី ឌីវេឡុបមិន នាពេលថ្មីៗនេះ ដោយសារតែក្រុមហ៊ុនទាំង០២នេះ បានប្រព្រឹត្តល្មើសម្តងហើយ ម្តងទៀត មិនព្រមរាងចាល។បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន០៧ ដែលទទួលបានការអនុញ្ញាតឲ្យនាំចូលជ្រូករស់មកកាន់កម្ពុជា។
ក្រោយពីដាក់ចេញវិធានការជាបន្តបន្ទាប់ ក្រសួងកសិកម្មកត់សម្គាល់ថា ចលនាជ្រូករស់ក្នុងពេលបច្ចុប្បន្ន មានស្ថានភាពល្អប្រសើរជាងពេលកន្លងទៅ ទាំងបរិមាណ តម្រូវការ និងការផ្គត់ផ្គង់ ដែលទាំងនេះបានធ្វើឲ្យមានស្ថិរភាពតម្លៃទីផ្សារជ្រូករស់ ដែលធ្វើឲ្យអ្នកចិញ្ចឹមសត្វក្នុងស្រុកទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្មមានការសាទរយ៉ាងខ្លាំង៕