ក្នុងពិធីសម្ពោធសាខាផ្សារ Makro នៅកម្ពុជា ដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ធ្នូ មានការចូលរួមពីសំណាក់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP Group និងមន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Siam Makro Public Company Limited ដែលជាសហភាគហ៊ុនិកនៃសាខាផ្សារ Makro នៅកម្ពុជា រួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងអ្នករកស៊ីធំៗនៅកម្ពុជា ជាច្រើននាក់។
អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP Group មានប្រសាសន៍ក្នុងឱកាសពិធីសម្ពោធផ្សារ Makro (ម៉ាក្រូ) ថា «ការដាក់ឲ្យដំណើរការជាផ្លូវការនៃផ្សារ Makro នេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា និងថា ការដែលក្រុមហ៊ុន LYP Group បោះទុនវិនិយោគនាំផ្សារ ម៉ាក្រូ មកកម្ពុជា គឺដោយសារក្រុមហ៊ុនចង់ជួយលើកមុខមាត់ប្រទេសជាតិឲ្យដូចប្រទេសជិតខាងនិងប្រទេសក្នុងតំបន់ដែរ។»
អ្នកឧកញ៉ា លី យ៉ុងផាត់ មានប្រសាសន៍បន្ថែមថា «វត្តមានផ្សារ ម៉ាក្រូ នៅកម្ពុជា ក៏ជាសារមួយបង្ហាញថា កម្ពុជាមានសន្តិភាពនិងស្ថិរភាពនយោបាយ ដែលពោរពេញដោយឱកាសក្នុងការវិនិយោគ។ ផ្សារនេះទៀតសោត នឹងផ្តល់ប្រយោជន៍ធំធេងដល់ប្រជាជនកម្ពុជា ពីព្រោះវាជាបណ្តុំនៃទំនិញដ៏សម្បូរបែប មានគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់សម្រាប់អ្នកប្រើប្រាស់។»
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានប្រសាសន៍ថា វត្តមានរបស់ក្រុមហ៊ុន ម៉ាក្រូ គឺបានឆ្លុះបញ្ចាំងពីសក្តានុពលវិនិយោគរបស់កម្ពុជា ភាពដែលគួរឲ្យទុកចិត្តបាននៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលកម្ពុជាបាននិងកំពុងផ្តល់ជូនវិនិយោគិន និងការបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនថៃមកលើកម្ពុជា ស្របពេលដែលកំណើនជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជា កំពុងតែមានការកើនឡើងល្អ។
ឯកឧត្តមបានបន្ថែមថា ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១១ វិនិយោគិនថៃមកវិនិយោគនៅកម្ពុជា មានទំហំទឹកប្រាក់ប្រមាណតែជិត ៤០លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំៗ។ ប៉ុន្តែ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ទំហំវិនិយោគរបស់ថៃនៅកម្ពុជា បានកើនឡើងបីដង រហូតដល់ទំហំប្រមាណ ១២៣លានដុល្លារក្នុងមួយឆ្នាំៗ។
ផ្សារ ម៉ាក្រូ ដែលបើកក្រោមស្លាកក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ជាសម្ព័ន្ធសហគ្រាសចម្រុះរវាង ក្រុមហ៊ុន Siam Makro Public Company Limited របស់ថៃ និងក្រុមហ៊ុន LYP Group របស់មហាសេដ្ឋីកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ គឺជាផ្សារស្តុកលក់ទំនិញបោះដុំរហូតដល់ជាង ១ម៉ឺនមុខ ហើយផ្សារនេះ ត្រូវគេមើលឃើញថា នឹងដើរតួជាអ្នកផ្គត់ផ្គង់ផលិតផលម្ហូបអាហារដ៏ធំ និងសំខាន់ជាងគេមួយ សម្រាប់វិស័យលក់រាយនៅកម្ពុជា។
លោកជំទាវ ស៊ូចិន្តា អ៊ិតធីចារុគុល ប្រធានប្រតិបត្តិក្រុមហ៊ុន ស្យាម ម៉ាក្រូ ដែលកំពុងបម្រើអតិថិជន ៣លាននាក់ និងមានហាងលក់ទំនិញប្រមាណជាង ១០០ នៅក្នុងប្រទេសថៃ បានមានប្រសាសន៍ថា នៅថ្ងៃនេះ ក្រុមហ៊ុនម៉ាក្រូបានពួតដៃជាមួយក្រុមហ៊ុនដៃគូ និងសហគមន៍ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកជំទាវបានបន្ថែមថា ម៉ាក្រូនឹងផ្តល់សេវាកម្មជាពិសេសដល់អតិថិជន ជាពិសេស អតិថិជនលក់រាយ ដែលអាចទទួលការគ្រប់គ្រងប្រព័ន្ធលក់រាយប្រកបដោយភាពច្នៃប្រឌិត ងាយស្រួលដល់អតិថិជនលក់រាយ ដោយជំរុញឲ្យពួកគាត់ប្រកួតប្រជែងជាមួយហាងលក់ទំនិញលក់រាយដែលមានលក្ខណៈទំនើបបាន។
ផ្សារម៉ាក្រូសាងសង់លើផ្ទៃដីប្រមាណជាង ៥ហិកតា ដែលមានកម្ពស់២ជាន់ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងពោងពាយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅក្បែរគ្នានឹងផ្សារទំនើប AEON ទី២ របស់ជប៉ុន ដែលកំពុងសាងសង់ផងដែរ។ ផ្សារទំនើប Makro មានចំណតរថយន្តដែលអាចផ្ទុកយានយន្តបានរហូតដល់ជាង ៥០០គ្រឿងឯណោះ។
ជាមួយគ្នានេះដែរ នៅក្នុងថ្ងៃនៃការបើកសម្ពោធផ្សារម៉ាក្រូ គេសង្កេតឃើញមានអតិថិជននិងអ្នកចែកចាយបន្ត ទាំងផ្នែកលក់ដុំ និងលក់រាយយ៉ាងច្រើនកុះករ បានមកសម្រុកតម្រង់ជួរក្នុងការចូលទិញទំនិញនៅក្នុងផ្សារម៉ាក្រូនេះ ផងដែរ។
ជារៀងរាល់ឆ្នាំ ថៃបានធ្វើការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា តាមរយៈការនាំចូលទំនិញជាច្រើនប្រភេទមកដាក់តាំងលក់នៅក្នុងពិព័រណ៍ពាណិជ្ជកម្មថៃនៅកម្ពុជា ហើយតាមការសង្កេត ពលរដ្ឋខ្មែរនិយមចូលចិត្តប្រើប្រាស់ផលិតផលថៃ ដោយបានអះអាងថា ផលិតផលថៃមានគុណភាពល្អនិងមានតម្លៃសមរម្យ។ ហើយកម្ពុជា គឺជាទីផ្សារសំខាន់សម្រាប់ការនាំចេញរបស់ថៃ។
នាពេលកន្លងមក ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានសម្រេចដាក់ចេញនូវគោលដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឲ្យបានដល់ ១៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០ខាងមុខ៕