ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីផលិតផល ដែលម៉ាល់ឌីវមានលទ្ធភាពអាចនាំចេញទៅកាន់ប្រទេសកម្ពុជាវិញផងដែរ ខណៈប្រទេសទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌រវាងគ្នាឲ្យបានកាន់តែប្រសើរឡើងមួយកម្រិតទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបាននិងកំពុងធ្វើដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកោះម៉ាល់ឌីវ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ខែមករា។ នៅក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើសន្និសីទរួមគ្នាមួយជាមួយនឹងប្រធានាធិបតីនៃប្រទេសម៉ាល់ឌីវ គឺលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលីផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមថា ដោយសារតែអង្កររបស់កម្ពុជាល្បីល្បាញ ជាប់លេខ១ រយៈពេលពេល៥លើករួចមកហើយនោះ គឺមានលទ្ធភាពខ្ពស់ ក្នុងការនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវ សម្រាប់បម្រើឲ្យប្រជាជនម៉ាល់ឌីវផង និងសម្រាប់ភ្ញៀវទេសចរ មកកម្សាន្តនៅម៉ាល់ឌីវផងដែរ។
សម្តេចតេជោបន្ថែមទៀតថា ក្រៅពីអង្ករកម្ពុជា នៅមានកសិផលផ្សេងទៀត ដូចជាស្វាយចន្ទី ចេក ស្វាយ និងសម្លៀកបំពាក់ ដែលអាចឲ្យកម្ពុជានាំចូលមកម៉ាល់ឌីវ បាន។
ជាមួយគ្នានេះ សម្រាប់ផលិតផលដែលម៉ាល់ឌីវ មានលទ្ធផលខ្ពស់ក្នុងការនាំចេញទៅកាន់កម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកឡើង គឺជាត្រីខកំប៉ុងដែលផលិតនៅម៉ាល់ឌីវ និងផលិតផលត្រីមួយចំនួនទៀតផងដែរ។
ជាការឆ្លើយតប លោក ប្រធានាធិបតីម៉ាល់ឌីវ បានលើកឡើងថា លោកនឹងជំរុញឲ្យក្រុមហ៊ុននាំចូលអង្កររបស់ម៉ាល់ឌីវ សិក្សាពីលទ្ធភាពសម្រាប់ឱកាសទីផ្សារនាំចូលអង្ករពីកម្ពុជានេះ ហើយក្រៅពីអង្ករ ម៉ាល់ឌីវ ក៏មានសក្ដានុពលតម្រូវការនាំចូលផលិតផលជាច្រើនទៀតដូចជាពោត ម្រេច ដំឡូងមី និងផ្លែឈើផ្សេងៗទៀត រួមទាំងផលិតផលសម្លៀកបំពាក់ និងផលិផលឈើជាដើម។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ដែរថា ពេលសម្តេចត្រឡប់ទៅកម្ពុជា ត្រីខកំប៉ុងរបស់កោះម៉ាល់ឌីវនេះ គឺប្រហែលជាមានលទ្ធភាពច្រើនជាងមុខទំនិញផ្សេងៗទៀត ដែលអាចនាំចូលទៅកាន់កម្ពុជា ព្រោះក្នុងមួយឆ្នាំៗកម្ពុជា ប្រើប្រាស់ត្រីខកំប៉ុងច្រើនណាស់។ ជាក់ស្ដែង នៅប៉ុន្មានខែមុននេះ ត្រីខប្រមាណ ១០ម៉ឺនកេស ត្រូវបានរាជរដ្ឋាភិបាលប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ដល់គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់។
មិនតែប៉ុណ្ណោះ នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់កោះម៉ាល់ឌីវ ភាគីទាំងពីរក៏បានសម្រេចឈានដល់កិច្ចព្រមព្រៀងទិដ្ឋាការរយៈពេល ៣០ថ្ងៃ ពោលគឺអនុញ្ញាតឲ្យប្រជាជននៃប្រទេសទាំងពីរ អាចធ្វើដំណើរដោយសេរីចេញចូលប្រទេសទាំងពីរ ដោយមិនចាំបាច់មានទិដ្ឋាការនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្តេច ក៏នឹងជ្រើសរើសផ្លូវមួយខ្សែនៅខេត្តមាត់សមុទ្ររបស់កម្ពុជា ដាក់ជាឈ្មោះផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយកម្ពុជាក៏បានអញ្ជើញប្រធានាធិបតីម៉ាល់ឌីវ ដើម្បីធ្វើដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានៅពេលខាងមុខ និងអាចធ្វើជាអធិបតីភាពក្នុងការសម្ពោធផ្លូវមួយខ្សែនោះផងដែរ៕