គិតមកទល់ពេលនេះ បណ្តាប្រទេសជាច្រើន ក្នុងតំបន់អាស៊ី បានដាក់ចេញនូវ ទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ត្រៀមសម្រាប់ដោះស្រាយបញ្ហានានា ទាក់ទងនឹងវីរុសកូវីដ ១៩ ហើយក្រៅពីនោះ នៅប៉ែកអឺរ៉ុប ដែលជាតំបន់កំពុងតែចាប់ផ្តើមកម្តៅ នៃការសាយភាយវីរុសកូវីដ រួមជាមួយនឹង សហរដ្ឋអាមេរិក ព្រមទាំងធនាគារពិភពលោក សុទ្ធតែបានត្រៀមកញ្ចប់ថវិកា សម្រាប់ដោះស្រាយបញ្ហានេះដែរ។
ក្រឡេកទៅមើល ប្រទេសចិន ដែលជាប្រភពកកើតនៃមេរោគ Covid-19 ប្រមុខដឹកនាំរដ្ឋាភិបាលចិន បានដាក់ចេញនូវ គោលនយោបាយហិរញ្ញវត្ថុសកម្មជាងមុន បើគិតត្រឹមថ្ងៃទី ៤ ខែមីនា ចិន បានបែងចែកថវិកាជិត ១៦ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ ការបង្ការជំងឺ និងគ្រប់គ្រងមេរោគ Covid-19នេះ ក៏ដូចជាជួយលើកស្ទួយដល់ ជីវភាពប្រជាជន និងពង្រឹងស្ថិរភាពសេដ្ឋកិច្ច។ នេះបើយោងតាមសារព័ត៌មាន CCTV។
ដោយឡែក ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីការប្រើប្រាស់កញ្ចប់ថវិកាជាតិ ប្រមាណ ៩,៨ ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 បន្ទាប់ពីប្រទេសមួយនេះ បានក្លាយជាប្រទេសដែលមានការឆ្លងមេរោគ Covid-19 ច្រើនជាងគេបង្អស់ បន្ទាប់ពីប្រទេសចិន។
ចំពោះមហាអំណាចសេដ្ឋកិច្ចអាមេរិក វិញ ក្នុងថ្ងៃទី ៥ ខែមីនានេះ ក៏ទើបតែទទួលបានកញ្ចប់ថវិកាពិសេសសម្រេចដោយព្រឹទ្ធសភាអាមេរិក ប្រមាណ ៨,៣ ពាន់លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ឆ្លើយតបទៅនឹង ការកើនឡើងនៃករណីឆ្លងមេរោគ Covid-19 ក្នុងប្រទេសមួយនេះ។
រីឯរដ្ឋាភិបាលអ៊ីតាលី ក៏កំពុងតែខ្នះខ្នែង បង្កើនកញ្ចប់ថវិកាពិសេសទ្វេដង រហូតដល់ទៅ ៨,៤ ពាន់លានដុល្លារអាមេរិក ដោយរំពឹងនឹងទទួលបាននៅសប្តាហ៍ក្រោយ ដើម្បីជួយដល់ ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រោះថា រឿងនេះមិនមែនជាសុខភាពតែមួយមុខនោះទេ គឺពាក់ព័ន្ធនឹងសេដ្ឋកិច្ចដែរ។
នៅមានបណ្តាប្រទេសជាច្រើនទៀត ដែលបានបញ្ចេញកញ្ចប់ថវិការបស់ខ្លួន ដើម្បីត្រៀមខ្លួនទប់ស្កាត់ និងគ្រប់គ្រងលើបញ្ហានេះ ដូចជា ប្រទេសថៃ មានកញ្ចប់ ៣,២ ពាន់លានដុល្លារអាមេរិក, ប្រទេសសិង្ហបុរី មានកញ្ចប់ ៤,៦ពាន់លានដុល្លារអាមេរិក, ប្រទេសម៉ាឡេស៊ី មានកញ្ចប់ ៤,៨ពាន់លានដុល្លារអាមេរិកជាដើម។
សូម្បីតែធនាគារពិភពលោក ក៏ត្រៀមកញ្ចប់ថវិកា ១២ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់បណ្តាប្រទេស ដែលត្រូវការជំនួយជាចាំបាច់ ហើយកញ្ចប់នេះ អាចប្រើប្រាស់បានលឿន និងមានប្រសិទ្ធភាព។
ទោះបីជាយ៉ាងណាក៏ដោយ លោក ថេត ត្រុស អាដា នំ អគ្គនាយកអង្គការសុខភាពពិភពលោក WHO បានគូសបញ្ជាក់ថា បណ្តាប្រទេសមួយចំនួន គឺមិនបានត្រៀមខ្លួនឲ្យបានល្អ ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19នេះទេ បើទោះបីជាមាន ករណីឆ្លងនៅច្រើនប្រទេសទៅហើយនោះ។
លោកបន្តថា មេរោគនេះ គឺជាការគំរាមកំហែងដល់ គ្រប់បណ្តាប្រទេសទាំងអស់ មិនមែនតែប្រទេសអ្នកមាន ឬប្រទេសអ្នកក្រនោះទេ ហើយដំណោះស្រាយគឺ គ្រប់គ្នាត្រូវចូលរួម និងត្រៀមខ្លួនឲ្យបានល្អបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះទាំងអស់គ្នា។
គួរជម្រាបដែរថា ករណីឆ្លងមេរោគ Covid-19 បានកើនដល់ជិត ១សែនករណីហើយ ដែលកំពុងកើតឡើងនៅក្នុងប្រទេស និងតំបន់ចំនួនជាង ៩០ ក្នុងនោះករណីស្លាប់ដោយជំងឺនេះ មានជាង ៣ពាន់ករណី៕