
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះវិស័យផ្សារមូលបត្រកម្ពុជាថា ការជួញដូរភាគហ៊ុននៅកម្ពុជា នឹងកាន់តែមានភាពមមាញឹកមួយកម្រិតបន្ថែមទៀត ក្រោយការចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេខ្យូខេសិន។ ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំ CSX ក៏បានបង្ហាញនូវភាពជោគជ័យរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេខ្យូខេសិន ដែលបានបោះផ្សាយមូលបត្ររបស់ខ្លួន ដោយបានគៀរគរទុនចំនួនប្រមាណ ៥លានដុល្លារអាមេរិក ជាមួយនឹងថ្លៃភាគហ៊ុន ២,០៨០រៀល ក្នុងមួយភាគហ៊ុន ដោយមានការធានាភាគលាភក្នុងអត្រា ៦% នៅក្នុងមួយឆ្នាំ ក្នុងរយៈពេល២ឆ្នាំ។
ឯកឧត្តម ហុង សុហួរ បានសង្កត់ធ្ងន់ថា ការបោះផ្សាយលក់ភាគហ៊ុនបានក្នុងតម្លៃ៥លានដុល្លាររបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេខ្យូខេសិន គឺជាទំហំមួយច្រើនគួរសម បើគិតនៅក្នុងបរិការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពមិនច្បាស់លាស់ដូចបច្ចុប្បន្ននេះ។ ឯកឧត្តម បន្ថែមថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ ក៏មិនជាថ្លៃនោះដែរ ដ្បិតថាក្រុមហ៊ុននៅតែបន្ដមានកំណើនសក្ដានុពលជាបន្ដបន្ទាប់ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គួច ម៉េងលីមួយនេះ មានតម្លៃសរុបប្រមាណ ១៧០លានដុល្លារ។

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន បានកត់សម្គាល់ឃើញថា ដ្បិត ពិភពលោកបាន និងកំពុងជួបប្រឈមនូវវិបត្តិសាកលជាបន្តបន្ទាប់ តែសម្រាប់សេដ្ឋកិច្ចកម្ពុជានៅតែល្អប្រសើរ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនម៉េងលី ជេគួច អេឌ្យូខេសិន អាចបោះជំហានចូលទៅក្នុងទីផ្សារមូលបត្រកម្ពុជា ជាផ្លូវការ។ អ្នកឧកញ៉ា គួច ម៉េងលី បានគូសបញ្ជាក់ថា គោលបំណងនៃការឈានជើងចូលផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន គឺដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការកៀរគរទុនសម្រាប់ពង្រីកវិសាលភាពអប់រំនៅកម្ពុជាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលជាគោលដៅថ្នាក់ដឹកនាំក្រុមហ៊ុននេះគ្រោងពង្រីកឲ្យបានគ្រប់២៥រាជធានីខេត្ត។ អ្នកឧកញ៉ា ជឿជាក់ថា តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនអ្នកឧកញ៉ា នឹងធ្វើវិស័យអប់រំ និងផ្សារមូលបត្រកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ខណៈបច្ចុប្បន្ន ក្រុមហ៊ុន ម៉េងលី ជេគួច បានក្លាយជាក្រុមហ៊ុនធំទី២ ដែលមានវិនិយោគិនចូលរួមវិនិយោគច្រើនជាងគេ ក្នុងវិស័យផ្សារមូលបត្រកម្ពុជា។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំ CSX នៅក្នុងរយៈពេល ៥ខែ កន្លងមកនេះ ការជួញដូរភាគហ៊ុននៅកម្ពុជា មានទំហំចន្លោះពី ២០ម៉ឺនដុល្លារ ទៅ ៣០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ មានការធ្លាក់ចុះបន្តិចបើធៀបនឹងការជួញដូរ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចន្លោះពី ៤០ម៉ឺន ទៅ ៥០ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន២០ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ ១១ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល៕