តែយ៉ាងណាបញ្ហានេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យថាមពលកម្ពុជានោះទេ ដោយសារល្បាយថាមពលនៅកម្ពុជាភាគច្រើនបានមកពីវារីអគ្គិសនី។ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលអះអាងទៀតថា បើទោះបីជាប្រឈមនឹងសម្ពាធតម្លៃថាមពលពិភពលោកឡើងថ្លៃខ្ពស់ក៏ដោយ ប៉ុន្ដែនៅឆ្នាំ២០២២ កម្ពុជានឹងមិនប្រឈមបញ្ហាខ្វះថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នោះឡើយ។
ឯកឧត្តម ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលអះអាងថា វិបត្តិសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យវត្ថុធាតុដើមសម្រាប់ផលិតអគ្គិសនីរួមមានធ្យូងថ្ម ប្រេងខ្មៅ និងប្រេងម៉ាស៊ូតបច្ចុប្បន្នកើនឡើងប្រមាណ៣ដង បើធៀបនឹងថ្លៃដើមពេលមិនទាន់មានការផ្ទុះសង្គ្រាម។ ប៉ុន្តែបញ្ហានេះមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យថាមពលអគ្គិសនីកម្ពុជានោះទេ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីថ្លៃដើមផលិតថាមពលអគ្គិសនីមានការកើនឡើងក៏ដោយ តែកម្ពុជាមិនបានដំឡើងថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់នោះទេ។ ពោលគឺអគ្គិសនីកម្ពុជារួមជាមួយរាជរដ្ឋាភិបាលនឹងខិតខំព្យាយាមធានាឲ្យបាននូវអត្រាថ្លៃអគ្គិសនីក្នុងការលក់ជូនអតិថិជនតាមផែនការដែលបានកំណត់។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «រាជរដ្ឋាភិបាលនឹងព្យាយាមបន្តរក្សានិរន្តភាពនៃការផ្គត់ផ្គង់អគ្គិសនីឲ្យកាន់តែល្អប្រសើរ បើទោះបីជា មានប្រទេសមួយចំនួនបានបង្កើនអត្រាថ្លៃលក់អគ្គិសនី និងមានភាពររអាក់រអួលច្រើនក្នុងការផ្គត់ផ្គង់អគិ្គសនី ដោយសាររោងចក្រមួយចំនួនមិនអាចទប់ទល់នូវការចំណាយវត្ថុធាតុដើមសម្រាប់ផលិតកម្មអគ្គិសនីបានក៏ដោយ»។
ពាក់ព័ន្ធស្ថានភាពថាមពលអគ្គិសនីនៅឆ្នាំនេះឯកឧត្តម ហេង គុណលាង អះអាងថា កម្ពុជានឹងមិនខ្វះថាមពល សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងការដំណើរការអាជីវកម្ម និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឡើយនៅឆ្នាំនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«នៅឆ្នាំ២០២២នេះកម្ពុជាមានថាមពលអគិ្គសនីប្រើប្រាស់គ្រប់គ្រាន់ និងប្រភពផ្គត់ផ្គង់ថាមពលនៅសល់ទៀតផង»៕