របាយការណ៍ក្រសួងកសិកម្ម ប្រចាំខែសីហា កន្លងទៅនេះ បានឲ្យដឹងថា ដោយសារតែគ្រោះរាំងស្ងួត បានធ្វើឲ្យដំណាំស្រូវក្នុងខេត្តចំនួន១០ របស់កម្ពុជា បានរងផលប៉ះពាល់ និងខូចខាត ជាពិសេសខេត្តបន្ទាយមានជ័យ, កំពង់ធំ, ព្រៃវែង, សៀមរាប និងកំពង់ចាមជាដើម។ គិតសរុបជារួមទៅ ដំណាំស្រូវដែលរងផលប៉ះពាល់ មានប្រមាណជាង១៣ម៉ឺនហិកតា ឬស្មើនឹងជិត១០% នៃផ្ទៃដីដាំដុះសរុប ខណៈដែលតាមការវាយតម្លៃ ដំណាំស្រូវដែលបានខូចខាតសរុបមានជាង៧ពាន់ហិកតា ស្មើនឹងជាង៥% នៃផ្ទៃដីរងផលប៉ះពាល់សរុប។
ទោះយ៉ាងណា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងឲ្យដឹងថា រហូតមកដល់សប្ដាហ៍ទី២ នៃខែកញ្ញានេះ ផ្ទៃដីដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតជាង១៣ម៉ឺនហិកតានោះ គឺបានល្អប្រសើរឡើងវិញហើយ ក្នុងនោះ ផ្ទៃដីដំណាំស្រូវស្ដារឡើងវិញសរុបបានជាង ២ពាន់ហិកតា ស្មើនឹងជាង៣៥% នៃផ្ទៃដីដែលបានខូចខាត។
ឯកឧត្តម វេង សាខុន បានបន្ថែមទៀតថា ក្រសួងកសិកម្ម ក៏នៅតែបន្ដណែនាំដល់មន្ទីរកសិកម្ម នៅរាជធានីខេត្ត ឲ្យសហការគ្នាជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយដល់កសិករ ដែលរងគ្រោះ ដើម្បីស្ដារការខូចខាតឡើងវិញ ឲ្យទាន់រដូវកាលដាំដុះ។
យ៉ាងណាក៏ដោយចុះ បើតាមរបាយការណ៍ក្រសួងកសិកម្មបង្ហាញថា កាលពីខែសីហា ការនាំចេញអង្កររបស់កម្ពុជា ធ្លាក់ចុះរហូតដល់ទៅ ប្រមាណ ៣៥% ធៀបនឹងខែសីហាកាលពីឆ្នាំ២០១៩ ដោយសារតែគ្រោះរាំងស្ងួត។ ប៉ុន្ដែ សម្រាប់តួលេខនាំចេញអង្ករសរុប ៨ខែ នៅឆ្នាំ២០២០នេះវិញ គឺនៅតែមានការកើនឡើងជាង ៣០%។
ទោះជាបែបនេះក្ដី សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងដែរថា ដោយសារតែនៅខែចុងក្រោយកន្លងមកនេះ មានបញ្ហាកង្វះទឹក វាក៏បានធ្វើឲ្យក្ដីរំពឹងលើគោលដៅនាំចេញអង្កររបស់កម្ពុជាឲ្យបានដល់ ៨០ម៉ឺនតោន ឬកៀកទៅនឹង១លានតោននៅឆ្នាំនេះ ទំនងជាមិនអាចសម្រេចទៅបាននោះឡើយ៕