អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោងចក្រដល់ទៅជិត២០០រោងចក្រ ជាមួយនឹងកម្មករនិយោជិតប្រមាណ១៦ម៉ឺននាក់ ហើយទោះបីជាស្ថិតក្នុងបរិបទដែលរោងចក្រជាច្រើនកាត់បន្ថយការងារកម្មករក្ដី ប៉ុន្ដែសម្រាប់រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ គឺនៅតែមានតម្រូវការការងារបន្ថែម។
ក្រសួងការងារ នឹងរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត ទ្រង់ទ្រាយធំ ដោយមានរោងចក្រ សហគ្រាសធំៗចំនួន៥ ចូលរួមជ្រើសរើសកម្មករកម្មការិនីជាង ៥ ពាន់នាក់ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែមីនា។ បើតាមក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារបន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់បងប្អូនកម្មករ កម្មការិនីយើងឲ្យឆាប់ទទួលបានការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និង ប្រាក់ចំណូលរបស់បងប្អូន កម្មករ កម្មការិនី បន្ថែមពីលើការទទួលបាននូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ១៩។
ឯកឧត្តម វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងថា បើទោះបីនៅកន្លែងផ្សេងមានការបិទរោងចក្រ និងព្យួការងារដល់កម្មករ កម្មការិនីក៏ពិតមែន ប៉ុន្តែនៅក្នុងខេត្តកំពង់ស្ពឺ គឺមិនមានការបិទ និងព្យួការងារនោះទេ ប៉ុន្តែមានតែការបង្កើត និងជ្រើសរើសថ្មីបន្ថែមទៀត។ បើតាម ឯកឧត្តម វ៉ី សំណាង បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រកាត់ដេរសម្លៀសបំពាក់ ស្បែកជើង វាយនភ័ណ្ឌ ចំនួន១៩៨ រោងចក្រ និងមានកម្មករនិយោជិតចំនួនជិត ១៦ម៉ឺននាក់ ខណៈក៏កំពុងមានតម្រូវការបន្ថែមជាច្រើននាក់ទៀតផងដែរ។
បើតាម អភិបាលខេត្តកំពង់ស្ពឺរូបនេះ សក្ដានុពលរបស់ខេត្តកំពង់ស្ពឺ ក្នុងការស្រូបទាញអ្នកវិនិយោគឱ្យសម្លឹងឃើញខេត្តកំពង់ស្ពឺជាគោលដៅក្នុងការវិនិយោគនោះ ក៏ដោយសារការមានសុខសន្តិភាព សុវត្ថិភាពដល់អ្នកវិនិយោគ ជាពិសេសគឺលក្ខណៈភូមិសាស្រ្ត ដោយខេត្តកំពង់ស្ពឺ គឺស្ថិតនៅចំចន្លោះនៃប៉ូលសេដ្ឋកិច្ចទាំង២ គឺប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ គួបផ្សំខេត្តកំពង់ស្ពឺ ក៏មានហេដ្ឋារចនាសម្ព័ន្ធច្រើនផងដែរ ដែលធ្វីឱ្យផលិតផលដែលពួកគាត់ផលិតរួច មានភាពងាយស្រួលក្នុងការដឹកជញ្ជូននាំចេញ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនេះ នឹងត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ, មន្ទីរការងារខេត្តកំពង់ស្ពឺ និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។ បន្ថែមលើនេះ NEA នឹងរៀបចំបញ្ជូនមជ្ឈមណ្ឌលការងារចល័ត ដើម្បីចុះទៅផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានដែលបងប្អូនកម្មករ កម្មការិនីកំពុងរស់នៅដើម្បីកៀរគរឲ្យមានការចូលរួមកាន់តែច្រើន និងឆាប់ទទួលបានការងារថ្មីតាមរយៈព្រឹត្តិការណ៍នេះ៕