ក្រសួងទេសចរណ៍ រួមទាំងភាគីឯកជន ក៏ដូចជាម្ចាស់អាជីវកម្ម បានអនុម័តលើកកម្ពស់ជំនាញវិជ្ជាជីវៈម៉ាស្សា និងផ្តល់ជំនាញបន្ថែម ដល់អ្នកជំនាញម៉ាស្សា ស្របតាមស្តង់ដារជាតិ។
ស្តង់ដារជាតិនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ និងផ្តល់យោបល់ដោយអ្នកជំនាញម៉ាស្សា គ្រូបង្គោលជាតិ ស្របតាមផែនការយុទ្ធសាស្រ្តក្រសួងទេសចណ៍ ដោយបានខិតខំបណ្តុះបណ្តាលជំនាញថ្មីៗ ដល់យុវជន ដែលកំពុងបម្រើការងារ ធ្វើយ៉ាងណាសម្រេចឲ្យបានតាមគោលដៅដូចខាងក្រោម៖
១) ឆ្នាំ២០២០ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន៥០%។
២) ឆ្នាំ២០២៥ ទេសចរណ៍កម្ពុជានឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន១០០% ដោយចូលរួមជំរុញផ្សព្វផ្សាយយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ”។
៣) ឆ្នាំ២០៣០ ទេសចរណ៍កម្ពុជានឹងចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ SDGs ចំណុចលេខ ៤ និង ៨។
សូមរំឭកផងដែរថា ជាមួយនឹងកំណើនទេសចរជាតិនិងអន្តរជាតិដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍បានបង្កើតការងារផ្ទាល់បានប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង១៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង ២០២៥ ជិត ១,២លាននាក់ និងឆ្នាំ២០៣០ បានចំនួន ១,៦លាននាក់ ដោយមិនគិតពីការងារដោយប្រយោល រាប់សិបម៉ឺននាក់ទៀត៕