
លោក តាកេស៊ិ ហ្វ៊ូគូអ៊ិ (Takeshi Fukui) អគ្គនាយកធនាគារ Mizuho សាខាប្រចាំកម្ពុជា បានឲ្យដឹងនៅក្នុងពិធីបើកសម្ពោធសាខាធនាគារ ថា បងធំទី៣ផ្នែកហិរញ្ញវត្ថុនៅជប៉ុនមួយនេះ បានវិនិយោគទុកជាង ៥០លានដុល្លារ ដើម្បីបើកសាខានៅព្រះរាជាណាចក្រកម្ពុជា។
លោក ហ្វ៊ូគូអ៊ិ មានប្រសាសន៍ថា ការដែលធនាគារលោកសម្រេចចិត្តមកវិនិយោគនៅកម្ពុជា គឺដោយសារមើលឃើញស្ថិរភាពនយោបាយ ក៏ដូចជាកំណើនសេដ្ឋកិច្ចរឹងមាំរបស់កម្ពុជា។ លោកបន្តថា វត្តមានធនាគារជប៉ុនមួយនេះ នឹងជួយពង្រឹងបន្ថែមវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋកម្ពុជា ផងដែរ។

ធនាគារ មីហ្ស៊ូហូ (MIZUHO) ត្រូវបានមនុស្សជាច្រើនស្គាល់ថា ជាបងធំផ្នែកហិរញ្ញវត្ថុនាំមុខគេមួយ មានមូលដ្ឋាននៅប្រទេសជប៉ុន ខណៈដែលធនាគារនេះមានប្រតិបត្តិការអាជីវកម្មនៅជាង៣០ប្រទេស និង មានសាខាចំនួន ៥៤៩ កន្លែង នៅទូទាំងពិភពលោក។
ក្នុងនោះដែរ ធនាគារ មីហ្ស៊ូហូ (MIZUHO) ក៏មានវត្តមាននៅបណ្ដាប្រទេសអាស៊ានចំនួន៨ រួមមាន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ វៀតណាម មីយ៉ាន់ម៉ា និង ចុងក្រោយនេះ គឺប្រទេសកម្ពុជា។
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា វត្តមានរបស់ធនាគារ មីហ្ស៊ូហូ (MIZUHO)ដ៏ធំមួយនេះ បង្ហាញឲ្យឃើញពីភាពល្អប្រសើរនៃសុខភាពទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ច និង ឱកាសអំណោយផល សម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ៕