ចំពោះលិខិតរបស់ក្រសួងសុខាភិបាលនេះដែរ ឯកឧត្តម ឡុង ប៊ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា នេះជារឿងល្អមួយដែរសម្រាប់សារមន្ទីរ ព្រោះថា បើទោះជាគ្មានភ្ញៀវបរទេស ក៏អាចភ្ញៀវជាតិ ឬសិស្សានិស្សិតអាចចូលទស្សនាបានដែរ។ ឯកឧត្តមថា« សារមន្ទីរក៏ជាមជ្ឈមណ្ឌលនៃការបណ្តុះបណ្តាលការផ្តល់ចំណេះដឹង អញ្ចឹងបើទោះបើកមកមិនមានភ្ញៀវបរទេស ក៏យើងឲ្យខ្មែរសិស្ស ចូលមើលបានដែរ តែយើងក៏ត្រូវអនុវត្តការណែនាំរបស់ខាងសុខាភិបាលដែរ ឧទាហរណ៍ដូចជា ការកំណត់គម្លាតឈរ ដាក់ទឹកអាល់កុលលាងដៃជាដើម»។
បែបនេះក្តីអ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះបានបញ្ជាក់ ការសម្រេចរបស់ក្រសួងវប្បធម៌ថា បើកខែក្រោយ ឬយ៉ាងណា ត្រូវរង់ចាំការពិភាក្សាលម្អិត និងមើលលើលទ្ធភាពរបស់ក្រសួងវប្បធម៌សិន ព្រោះថា បើសិនជាវិធានការរបស់ក្រសួងសុខាភិបាលទាមទារខ្ពស់ពេក ខាងក្រសួងវប្បធម៌ក៏រង់ចាំយោលបល់បន្ថែមពីរាជរដ្ឋាភិបាលសិនដែរ។
ឯកឧត្តម ឡុង ប៊ុណ្ណាស៊ីរីវត្ថបន្ថែមថា «យើងត្រូវការសិក្សាមើលឲ្យច្បាស់លាស់សិនដែរ ថាតើវិធានការដែលសុខាភិបាលដាក់ចេញមកនោះនៅក្នុងកម្រិតរបៀបម៉េច ហើយបើសិនជាសិក្សាទៅ ឃើញថា យើងមានលទ្ធភាពអនុវត្តតាមបាន នោះយើងបើកតាមការអនុញ្ញតហ្នឹងតែម្តង »។
ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសឲ្យបិទកន្លែងជួបជុំប្រមូលផ្តុំមនុស្សច្រើនមក សារមន្ទីរគឺជាទីតាំងដំបូងគេ ដែលត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យបើកដំណើរការឡើង ចាប់តាំងពីលែងមានអ្នកជំងឺកូវីដ-១៩ នៅកម្ពុជាមក។ ចំណែកឯសាលារៀនគ្រប់កម្រិត រោងភាពយន្ត ក្លឹបខារ៉ាអូខេ និងការជួបជុំពិធីសាសនាជាដើម ក្រសួងសុខាភិបាលមិនអនុញ្ញាតនៅឡើយទេ បើទោះបីជាមានការស្នើយ៉ាងទទូចពីម្ចាស់អាជីវកម្មទាំងនេះក៏ដោយ ៕