
ជាការឆ្លើយតបទៅនឹងកំណើនតម្រូវការអគារខុនដូបច្ចុប្បន្ន ក្រុមហ៊ុនឌឹផ្លរ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយក្នុងស្រុកបានប្រកាសចាប់ផ្តើមសកម្មភាពសាងសង់តាមផែនការរបស់ខ្លួន ដែលបានគ្រោងទុកកាលពីចុងឆ្នាំ២០១៩ ថា នៅដើមឆ្នាំ២០២០នេះ ក្រុមហ៊ុន ឌឹផ្លរ៉ា នឹងវិនិយោគអគារណិជ្ជកម្ម និងអគារខុនដូ លំដាប់ផ្កាយ៥ កម្ពស់៣៨ជាន់ ស្មើនឹង១៩៨ យូនីតស្ថិតនៅតំបន់បឹងកេងកងទី១។
តំណាងក្រុមហ៊ុន ឌឹផ្លរ៉ា បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារខុនដូ ឌឹផ្លរ៉ា ស្វីត នេះគឺជាចំណែកមួយនៃការចូលរួមអភិវឌ្ឍន៍វិស័យសំណង់កម្ពុជា ដើម្បីបំពេញតម្រូវការកើនឡើងនៃប្រជាជន ស្របតាមគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានរបស់រដ្ឋាភិបាល។

ផ្នែកតាមជំរឿនប្រជាសាស្ត្រ កម្ពុជានៅឆ្នាំ២០៣០ ខាងមុខ នឹងមានតម្រូវការលំនៅដ្ឋានរហូតជាង ១,១ លានខ្នង ដែលក្នុងនោះសម្រាប់រាជធានី ខេត្ត និងទីប្រជុំជននឹងមានតម្រូវការលំនៅដ្ឋាន ៨០ ម៉ឺនខ្នង និងជាមធ្យមក្នុងមួយឆ្នាំអាចមានតម្រូវការលំនៅដ្នាន៥ម៉ឺនខ្នង។

យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតចាប់ពីឆ្នាំ២០០៥ រហូតមកដល់បំណាច់ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទូទាំងប្រទេសកម្ពុជាមានចំនួនអគារខ្ពស់កម្ពស់ចាប់ពី៥ ជាន់ឡើងទៅសរុប ១.៦២៤ អគារ។ ប៉ុន្តែបើគិតជាលំនៅដ្ឋានលក្ខណៈជាអគារសហកម្មសិទ្ធិវិញនៅក្នុងរាជធានីភ្នំពេញចាប់ពីឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០១៩ មានអគារស្នាក់នៅរួមសរុប ជាង ២,២ ម៉ឺននៃចំណែកឯកជន៕