ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្ពុជាបានប្រាប់ក្រុមការងារ សារព័ត៌មាន ខេមបូណូមីស ថា បច្ចុប្បន្ន ដំណើរការនៃការដឹកជញ្ជូនទំនិញបានជួបការលំបាកខ្លាំង ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅមក បើទោះជានៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា ការដឹកជញ្ជូនទំនិញផ្សេងៗអាចធ្វើបានជាធម្មតាក្តី។
ទោះយ៉ាងណា ឧកញ៉ា ស៊ិន ចន្ធី បញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ ការដឹកជញ្ជូនទំនិញ គឺមិនមានការឡើងថ្លៃអ្វីបន្ថែមទេ ពោលគឺតម្លៃការដឹកជញ្ជូនប្រហាក់ប្រហែលគ្នានឹងមុនពេលដែលអាជ្ញាធរបិទខ្ទប់ធានីភ្នំពេញ និងក្រុងតាខ្មៅដែរ ដោយសារការនាំចេញនាំចូលទំនិញ មានការកាត់បន្ថយច្រើន។
លើសពីនេះទៅទៀត ប្រធានសមាគមភ័ស្តុភារកម្ពុជារូបនេះ បានអះអាងថា បច្ចុប្បន្ន ខាងសមាគមបាននឹងកំពុងដោះស្រាយបញ្ហាទាំងអស់នេះ ជាមួយអាជ្ញាធរហើយ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា ដោយសារតែមានការឆ្លងរីករាលដាលខ្លាំងកើនឡើងជាបន្ដបន្ទាប់រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ២សប្ដាហ៍ចាប់តាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨ ខែមេសា ដោយមកទល់ពេលនេះ គឺមានរយៈពេលបាន១សប្ដាហ៍ហើយ។ ប៉ុន្ដែ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅតែមានតួលេខខ្ពស់ ដោយក្នុងមួយថ្ងៃរកឃើញអ្នកឆ្លងរាប់រយនាក់ មិនទាន់មានការថយចុះច្រើននៅឡើយទេ៕