លោក អាឡុងកុត បុនម៉ាស៊ុក (Alongkot Boonmasuk) អគ្គលេខាធិការសមាគមហិរញ្ញវត្ថុលំនៅឋានបានគូសបញ្ជាក់ថា អត្រាបដិសេធផ្តល់កម្ចីដល់ពលរដ្ឋសម្រាប់ទិញផ្ទះនៅថៃ បច្ចុប្បន្នជាមធ្យមបានកើនលើស៥០% បើធៀបនឹងអត្រាមុនពេលផ្ទុះមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការកើនឡើងនេះ ត្រូវបានជំរុញជាចម្បងដោយសារអ្នកមានចំណូលទាបកំពុងស្វែងរកកម្ចីទិញផ្ទះតម្លៃក្រោមជាង៨ម៉ឺនដុល្លារក្នុងមួយយូនីតមានការកើនឡើងខ្ពស់។
អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្រោយវិបត្តិកូវីដ-១៩ ធូរស្បើយ ប្រាក់ចំណូលរបស់ពលរដ្ឋបានកើនឡើងតិចតួច ឬនៅទ្រឹង ខណៈដែលតម្លៃផ្ទះ ការចំណាយទ្រទ្រង់ជីវិត និង អត្រាការប្រាក់កើនកាន់តែខ្ពស់ ដូច្នេះហើយសេណារីយ៉ូនេះ កំពុងធ្វើឱ្យខូចដល់អំណាចទិញរបស់អ្នកទិញផ្ទះដែលមានចំណូលទាប។ ទោះយ៉ាងណា លោក អាឡុងកុត អះអាងថា អត្រាបដិសេធសម្រាប់គម្រោងលំនៅឋានកម្រិតមធ្យមរហូតដល់កម្រិតខ្ពស់ ដែលមានតម្លៃអប្បបរមាចន្លោះពីជាង១៤ម៉ឺនដុល្លារ ដល់ជាង១៩ម៉ឺនដុល្លារ គឺស្ថិតនៅក្រោមកម្រិត៥០%។
ដើម្បីកាត់បន្ថយហានិភ័យនេះ ធនាគារកំពុងបង្វែរការផ្តោតអារម្មណ៍របស់ពួកគេទៅរកផ្នែកដែលមានប្រាក់ចំណូលកម្រិតមធ្យមទៅកម្រិតខ្ពស់ ជាពិសេសកំណត់គោលដៅលើអ្នកទិញផ្ទះដែលមានតម្លៃអប្បបរមាចន្លោះពីជាង១៤ម៉ឺនដុល្លារ ទៅជាង១៩ម៉ឺនដុល្លារវិញ។ ហើយ តម្រូវការប្រាក់ចំណូលប្រចាំខែសម្រាប់ផ្នែកទិញផ្ទះទាំងនេះមានចាប់ពីជាង១ពាន់ដុល្លារ ដល់ជិត២ពាន់។
បើតាមទិន្នន័យរបស់ធនាគារកណ្តាលថៃ ប្រាក់កម្ចីទិញផ្ទះមិនដំណើរការនៅក្នុងវិស័យធនាគារបានកើនឡើងដល់៣,៣% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ពោលគឺបានកើនឡើងពីអត្រា៣.២%នៅក្នុងត្រីមាសមុននោះ៕
អត្ថបទ៖ សុខ ជា